ម្រេចកំពតមានទីផ្សារធំនៅបណ្តាប្រទេសសហគមន៍អឺរ៉ុប
ដោយ ៖ឈិត គឹមឆុន
ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៤:៤៥

កោះសន្តិភាព
ចំការម្រេចកំពត
ខេត្តកំពត ៖ យោងតាមការឱ្យដឹងរបស់មន្ត្រីសហភាពអឺរ៉ុប(EU) បញ្ជាក់ថា ម្រេចខ្មែរ ខេត្តកំពតកំពុងមានទីផ្សារធំនៅបណ្តាប្រទេសអឺរ៉ុប ខណៈពេលដែលអតិថិជនទទួលស្គាល់ថា ជាម្រេចដែលមានគុណភាពល្អបំផុត បើប្រៀបធៀបម្រេចដែលដាំនៅកន្លែងផ្សេង និងប្រទេសដទៃទៀត។ ទន្ទឹមនោះសហគមន៍ដំណាំម្រេចនៅខេត្តកំពតក៏កំពុងទទួលបាននូវការគាំទ្រទាំងផ្នែកបច្ចេកទេស សំភារ និងមូលនិធិពីសហភាពអឺរ៉ុបផងដែរ។
លោក Rafael Do Chao Moreno ភារធារីសហគមន៍អឺរ៉ុបប្រចាំកម្ពុជាមានប្រសាសន៍ថា នៅកម្ពុជាមានតែម្រេចកំពតមួយប៉ុណ្ណោះដែលមានគុណភាពខ្ពស់ និងទទួលស្គាល់ពីអតិថិជននៅបណ្តាប្រទេសអឺរ៉ុប ។ លោកបញ្ជាក់ថា ម្រេចកំពតត្រូវបានទទួលស្គាល់ផងដែរថា ជាផលិតផលសំគាល់ភូមិសាស្ត្រដូចជាស្រាសាំប៉ាញនៅប្រទេសស្កុតឡែនយ៉ាងដូច្នេះដែរ។ ដោយសារតែម្រេចកំពតមានគុណភាពល្អលើសគេនោះហើយទើបតំលៃរបស់វាក៏ថ្លៃខ្ពស់ និងលក់ដាច់ជាងគេ បើប្រៀបធៀបផលិតផលម្រេចដទៃទៀត។
លោកបញ្ជាក់ថា អាស្រ័យដោយផលិតផលម្រេចកំពតត្រូវបានទទួលស្គាល់ជាទូទៅ ទើប EU ផ្តល់ការគាំទ្រ លើដំណាំម្រេចរបស់ប្រជាពលរដ្ឋ និងរៀបចំចងក្រងជាសហគមន៍ និងទទួលមូលនិធិពីEU តែម្តង។ មិនតែប៉ុណ្ណោះ EU នៅបានជួយកសិករក្នុងការនាំចេញម្រេចទៅលក់នៅបណ្តាប្រទេសសហភាពអឺរ៉ុបដោយមិនបង់ពន្ធនាំចូលទៀតផង។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕