ខេត្តកំពង់ស្ពឺ ៖ ប្រភពពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា ត្រាក់ទ័រឈូសដីស្តារបឹងជីកយកអាចម៍ដីរបស់ក្រុមហ៊ុនមួយដែលមានថៅកែឈ្មោះឈួន គឹមសាន បានបើកកិនមីនតោនបណ្តាលឱ្យផ្ទុះលាន់កក្រើក បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទៅចោមរោមមើលកាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី២៨ មករា នេះ នៅចំណុចបឹងទួលគោក សង្កាត់រកាធំ ក្រុងច្បារមន។ ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសទេ។
តាមអ្នកបើកត្រាក់ទ័រដែលកិនមីនតោនផ្ទុះ ឈ្មោះតុក គំនិត ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា មុនពេលកើតហេតុគាត់បានបើកត្រាក់ទ័រឈូសដីធម្មតា ខណៈមកដល់ចំណុចកើតហេតុស្រាប់តែកិនចំមីនតោនបណ្តាលឱ្យផ្ទុះលាន់កក្រើកដីធ្វើឱ្យគាត់ភ័យតក់ស្លុតយ៉ាងខ្លាំង តែមិនបណ្តាលឱ្យរងរបួសទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុដើម្បីរកអំបែងគ្រាប់ ចំណែកត្រាក់ទ័រដែលកិនមីនតោននោះត្រូវបានខាងក្រុមហ៊ុនយកចេញពីកន្លែងកើតហេតុហើយ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ