ទឹកជាភេសជ្ជៈម៉្យាងដែលគ្មានកាឡូរី ប៉ុន្តែការពិសាទឹកក៏អាចធ្វើឱ្យឆ្អែតបានដែរ។ ដូច្នេះបើពិសាទឹកនៅមុនពេលទទួលទានអាហារទើបជួយសំរកទំងន់បាន។ អ្នកសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិកប្រទះឃើញថា ការគ្រប់គ្រងលើរបបអាហារអាចបន្ថយទំងន់បានចំនួន៧គីឡូក្រាម ប្រសិនបើពិសាទឹក២កែវនៅមុនពេលទទួលទានអាហារទាំង៣ពេល។
អ្នកស្រាវជ្រាវបានបញ្ជាក់ថា ការពិសាទឹកអាចធ្វើឱ្យឆ្អែតបាន និងអាចជួយបន្ថយទំងន់បានច្រើនទៅតាមរយៈពេលកំណត់របស់អ្នកស្រាវជ្រាវ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធន៍ទ្រឹស្តីខាងលើទៅលើមនុស្សចំនួន៤៨នាក់អាយុក្នុងរវាងពី៥៥ទៅ៧៥ឆ្នាំ ដោយចែកចេញជា២ក្រុមនិងមានរយៈពេលសាកល្បងចំនួន១២សបា្តហ៍ ដោយឱ្យក្រុមទី១ទទួលទានអាហារដែលមានកាឡូរីទាប ប៉ុន្តែមិនពិសាទឹកមុនឡើយ។ សំរាប់ក្រុមទី២ទទួលទានអាហារកាឡូរីទាប និងពិសាទឹក២កែវមុនគ្រប់ពេល ជាលទ្ធផលបង្ហាញថា ក្រុមទី២ស្រកទំងន់៧គីឡូក្រាម ខណៈក្រុមទី១ស្រកទំងន់៥គីឡូក្រាមប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យប្រ៊េនដា ដេវី មកពីរដ្ឋវើជីនៀ សហរដ្ឋអាមេរិកបានថ្លែងថា យើងគួរពិសាទឹកឱ្យបានច្រើន និងកាត់បន្ថយភេសជ្ជៈណាដែលមានកាឡូរីខ្ពស់ ព្រោះវាជាវិធីសាស្ត្រមួយក្នុងការគ្រប់គ្រងទំងន់របស់ខ្លួន៕
ចែករំលែកព័តមាននេះ