រាជធានីភ្នំពេញ ៖ រថយន្តស្ព័រ មែសឺដេស ស៊េរីទំនើប ពណ៌ស មួយគ្រឿង បើកបរដោយបុរសម្នាក់បានធ្វើដំណើរលឿនដូចហោះនៅរង្វង់វត្តភ្នំ ក៏ទៅបុកគាស់ចូលក្រោមរថយន្តហាយឡិនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿងដែលឈប់ចតលើផ្លូវមុខហាងម៉ាស្សាមួយកន្លែងបណ្តាលឱ្យរថយន្តហាយឡិនឌ័រ ប៉ើងខ្ទាតទៅប៉ះរថយន្តកាមរីបាឡែន ២គ្រឿងទៀតដែលឈប់ចត នៅក្បែរនោះដែរ រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តស្ព័រ មែសឺដេស បង្កហេតុនោះវិញត្រូវរថយន្តហាយឡិនឌ័រ សង្កត់ពីលើបណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់ឫរងរបួសធ្ងន់ធ្ងរអ្វីទេ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១នឹង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ មករា ២០១៥ តាមបណ្តោយផ្លូវ៩៤ ចំណុចរង្វង់មូលវត្តភ្នំទល់មុខនឹងហាងម៉ាស្សាវត្តភ្នំ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ នៅកន្លែងហេតុសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់រថយន្តទាំង៤គ្រឿងនៅឡើយទេ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តស្ព័រ មែសឺដេស ពណ៌ស មួយគ្រឿងអត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ រួមដំណើរដោយមិត្តភក្តិប្រុសម្នាក់ទៀតបានធ្វើដំណើរយ៉ាងលឿនដូចតាមបណ្តោយផ្លូវលេខ៩៤ (រង្វង់មូលវត្តភ្នំ) ក្នុងទិសដៅពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុជាផ្លូវកោង រថយន្តមែសឺដេសនោះបួងចង្កូចមិនទាន់ក៏ជ្រុលទៅបុកគាស់ចូលរថយន្តហាយឡិនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿងអត់ស្លាកលេខ ដែលឈប់ចតលើផ្លូវមុខហាងម៉ាស្សាវត្តភ្នំ ចំពីក្រោយពេញទំហឹងបណ្តាលឱ្យរថយន្តហាយឡិន ឌ័រ ប៉ើងខ្ទាតទៅប៉ះរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់២គ្រឿងទៀតដែលឈប់ចត នៅក្បែរនោះដែរ បណ្តាលឱ្យរថយន្តកាមរីបាឡែនទាំង២គ្រឿងនោះរងការខូចខាតក្រពិតគូទក្រោយយ៉ាងដំណំ ចំណែករថយន្តហាយឡិន ឌ័រ បានក្រឡាប់មកសង្កត់ពីលើរថយន្តស្ព័រ មែសឺដេសបង្កហេតុនោះវិញបណ្តាលឱ្យរងការខូចស្ទើរទាំងស្រុង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយករថយន្តទាំង៤គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ