ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ពលកខ្មែរចំនួន២នាក់ត្រូវបានទាហានឈុតខ្មៅថៃវរៈសេនាធំលេខ១៣ ដែលឈរជើងនៅក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ចាប់ឃាត់ខ្លួនបាននៅចំណុចទាវចុងខែត្រ ឃុំខ្លងហាតខេត្តស្រះកែវ ប្រទេសថៃ ។ បន្ទាប់ពីចាប់ខ្លួនបានពលករខ្មែរទាំង២នាក់នោះត្រូវបានគេយកមកបាញ់ រួចដុតសម្លាប់នឹងសំបកកង់រថយន្ត កាលពីវេលាយប់ថ្ងៃទី៧ មករា ២០១៥កន្លងទៅ ។ នេះបើយោងតាមរាបាយការណ៍របស់កងរាជអាវុធហត្ថស្រុកសំពៅលូនដែលទើបទទួលបានពីភាគីថៃ កាលពីវេលាល្ងាចថ្ងៃទី៨ មករា ២០១៥ ដែលអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពទទួលបាននៅវេលារំលងអាធ្រាត្រ ថ្ងៃទី ០៩ មករា ២០១៥ នេះ។
នៅក្នុងរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកសំពៅលូនដដែលនេះបានឱ្យដឹងថា ពលករខ្មែរទាំងពីរនាក់ដែលត្រូវទាហានឈុតខ្មៅថៃចាប់បានយកទៅបាញ់ និងដុតសម្លាប់នឹងកង់រថយន្តនោះទី១. ឈ្មោះ សូវ រស់ ភេទប្រុស អាយុ២១ឆ្នាំ និង ទី២.ឈ្មោះ វឿន ធី ភេទប្រុស អាយុ៣៦ឆ្នាំ ។ពលករខ្មែរ ទាំងពីរនាក់នេះរស់នៅក្នុងភូមិគុកកី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
បើតាមរបាយការណ៍នេះបានឱ្យដឹងទៀតថា ខាងសមត្ថកិច្ចកម្ពុជាមិនទាន់ទទួលបានពីមូលហេតុដែលនាំឱ្យទាហានឈុតខ្មៅថៃចាប់ពលករខ្មែរបាញ់ និង ដុតសម្លាប់នឹងសំបកកង់រថយន្តនៅឡើយទេ ។ ក៏ប៉ុន្តែបើតាមក្រុមគ្រួសារជនរងគ្រោះដែលបានចុះទៅរើសឆ្អឹងបានមួយកញ្ចប់ម្នាក់ នៅនឹងកន្លែងដែលក្រុមគ្រួសារជនរងគ្រោះថា ត្រូវគេដុតសម្លាប់ និងសំបកកង់រថយន្តទាំងរស់ដោយមិនដឹងមូលហេតុ បានឱ្យអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពដឹងថា ជនរងគ្រោះទាំងពីរនាក់ ជាមួយនឹងក្រុមប្រជាពលរដ្ឋផ្សេងទៀតបានចាកចេញពីស្រុក ឆ្លងចូលមកស៊ីឈ្នួលកាប់អំពៅក្នុងទឹកដីថៃ កាលពីថ្ងៃទី ៦ មករា ២០១៥ ដោយមិនមានលិខិតឆ្លងដែននោះទេ ។ យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃទី ៩ មករា ២០១៥ ស្អែកនេះសមត្ថកិច្ចនៅស្រុកសំពៅលូន ខេត្តបាត់ដំបង និងធ្វើការទំនាក់ទៅខាងភាគីថៃ ដើម្បីស្រាវជ្រាវរកមូលហេតុដែលពលករខ្មែរចំនួន២នាក់ ត្រូវបានទាហានឈុតខ្មៅថៃ បាញ់ និងដុតសម្លាប់នឹងសំបកកង់រថយន្ត ។
ចែករំលែកព័តមាននេះ