រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់អាយុប្រហែល២៧ឆ្នាំបានស្រែកយំឆោឡោប្តឹងប៉ូលិសប៉ុស្តិ៍ទឹកថ្លាថាប្តីរបស់ខ្លួនដែលឈ្លោះគ្នារហូតដល់ចែកផ្លូវគ្នានោះបានប្រើមិត្ត២ទៅ៣នាក់មកលួចយកកូនពីផ្ទះរបស់គាត់បាត់ហើយ ។ ហេតុការណ៍នេះបង្កឱ្យមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង៤៥នាទីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ នៅចំណុចម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ ។
ស្រ្តីខាងលើមិនបានបញ្ជាក់ប្រាប់ឈ្មោះ ដល់សមត្ថកិច្ច នឹងក្រុមអ្នកយកព័ត៌មានទេ គាត់គិតតែស្រែកយំប្រាប់ទៅសមត្ថកិច្ចថាកូនប្រុស អាយុ២ឆ្នាំ ម្នាក់ត្រូវបានមិត្តភក្តិប្តីគាត់ប្រើឱ្យមកលួចយកពីផ្ទះគាត់បាត់ ហើយខណៈពេលគាត់ មិនបាននៅផ្ទះ ។ តាមការឱ្យពីមន្រ្តីប៉ូលិសប៉ុស្តិ៍ទឹកថ្លាបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្រ្តីខាងលើជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងជាមួយបុរសម្នាក់រួមដំណើរជាមួយស្រ្តីម្នាក់ទៀតជាមិត្តភក្តិរបស់គាត់ដោយបានធ្វើដំណើរយ៉ាងលឿនតាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតពេលធ្វើដំណើរនោះស្រ្តីខាងលើបានយំស្រែកតាមផ្លូវថាកូនប្រុសអាយុ២ឆ្នាំម្នាក់របស់គាត់ត្រូវប្តីប្រើមិត្តភក្តិឱ្យមកលួចយកពីក្នុងផ្ទះរបស់គាត់បាត់ហើយ ។
លុះពេលធ្វើដំណើរតាមផ្លូវរហូតមកដល់ម្តុំផ្សារទឹកថ្លាក៏ប្រទះឃើញប៉ូលិសប៉ុស្តិ៍ទឹកថ្លា៣ទៅ៤នាក់កំពុងធ្វើការសម្របសម្រួលចរាចរក្នុងគ្រោះថ្នាក់ចរាចរមួយដោយបង្កឡើងដោយរថយន្តកាមរីឆ្លាម ពណ៌ខ្មៅមួយគ្រឿងបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់៥ផ្ទាំងនឹងទៅបុករថយន្ត២គ្រឿងទៀតដែលបណ្តាលឱ្យកកស្ទុះចរាចរពេញផ្លូវនោះ ខណះពេលឃើញប៉ូលិសបែបនោះស្រ្តីខាងលើបានស្ទុះលោតចេញពីលើម៉ូតូស្រែកយំឆោរឡោរត់សំដៅទៅរកប៉ូលិសឱ្យជួយគាត់ផងព្រោះកូនប្រុសអាយុ២ឆ្នាំរបស់គាត់ត្រូវគេលួចបាត់ពីផ្ទះបាត់ហើយ បង្កឱ្យមានភាពភ្ញាក់ផ្អើលពេញផ្លូវបន្ថែមទៀត ឃើញដូចនោះមន្រ្តីប៉ូលិសប៉ុស្តិ៍ទឹកថ្លាខាងលើរួមជាមួយក្រុមអ្នកយកព័ត៌មានបានព្យាយាមសួរនាំគាត់ទើបដឹងថាការពិតកូនប្រុសអាយុ២ឆ្នាំរបស់គាត់នោះត្រូវប្តីប្រើមិត្តភក្តិ២ទៅ៣នាក់ឱ្យមកលួចយកពីផ្ទះរបស់គាត់ទេ ។ នៅពេលដែលសមត្ថកិច្ចសួរនាំដឹងរឿងអស់ហើយសមត្ថកិច្ចបានឱ្យស្រ្តីខាងលើទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវនឹងចាត់ការទៅតាមផ្លូវច្បាប់បែរជាស្រ្តីខាងលើរត់ឡើងជិះម៉ូតូបន្តទៅមុខទៀតបាត់ទៅដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសទេ បែរជាធ្វើឱ្យប៉ូលិសប៉ុស្តិ៍ទឹកថ្លាឈឺក្បាលអស់មួយសន្ទុះទៅ។
ចែករំលែកព័តមាននេះ