ខេត្តកំពង់ឆ្នាំង ៖ សម្លេងភ្លេងការបានបន្លឺឡើង យ៉ាងរងំទាំងព្រលឹមស្រាងៗនៅគេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃ១៥កើត ខែបុស្ស ត្រូវនឹងថ្ងៃទី៤ មករា ២០១៥ នោះគឺជាថ្ងៃចូលរោងការរបស់អរុណីដ៏ផូផង់ ដែលគេបានច្រឡំយករូបនាងទៅផ្សព្វផ្សាយថា នាងបានលោតទឹកសម្លាប់ខ្លួន ព្រោះតែចាញ់ល្បែងដែលធ្វើឱ្យក្រុមគ្រួសារ ពិសេសឪពុកម្តាយនាងមានប្រតិកម្មពីដំណឹងយ៉ាងអកុសលនេះ ហើយភ្លាមៗនោះដែរ សារព័ត៌មាននានាបានប្រញាប់ចុះផ្សាយកែតម្រូវលើរូបថតដែលបានភ័ន្តច្រឡំទាំងនោះឡើងវិញទើបក្រុមគ្រួសារនាងបានស្ងប់ចិត្ត និងទទួលយកបាន។
ប៉ុន្តែដើម្បីឱ្យប្រិយមិត្តអស់ចម្ងល់ជាងនេះទៀតថ្ងៃនេះ កោះសន្តិភាពបានសុំការអនុញ្ញាត្តពីឪពុកម្តាយយុវតីដ៏ស្រស់ស្អាតនេះ ខណៈដែលពួកគាត់កំពុងរវល់ទទួលភ្ញៀវការកូនស្រីជាទីស្រឡាញ់របស់គាត់នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ កាលពីយប់ថ្ងៃទី៤ ខែមករា កន្លងទៅនេះ ។
នៅពីមុខអាគារ G និងH នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដែលកំពុងមមាញឹកលើកដៃសំពះទទួលភ្ញៀវជាមួយកូនកម្លោះក្រមុំ លោកបានឆ្លៀតឱកាសមានប្រសាសន៍ថា កូនក្រមុំដែលកំពុងទទួលភ្ញៀវពីមុខគាត់នេះ ជាកូនស្រីគាត់ ឈ្មោះ សុខ សុភាវតី្ត ដែលកាលពីជាង១ខែមុន នាងត្រូវបានអ្នកសារព័ត៌មានច្រឡំយករូបថតនាងទៅដាក់លើទំព័រមុខរបស់ខ្លួនថា នាងបានលោតទឹកសម្លាប់ខ្លួន ព្រោះតែចាញ់ល្បែង ។
កាលណោះលោកមានចិត្តខឹងណាស់ដែរ តែក្រោយពីមានការចុះផ្សាយឡើងវិញលោក និងក្រុមគ្រួសារក៏មានការស្ងប់ចិត្តវិញ ហើយកាលនោះលោកប្រញាប់ឱ្យកែតម្រូវឡើងវិញ ព្រោះនាងជិតចូលរោងការហើយ កុំឱ្យខាងប្រុសមានការយល់ច្រឡំ ។
ក្រោយពីសំពះសួរ និងនាំបុរសម្នាក់ទំនងថ្នាក់ឯកឧត្តមផង ចូលទៅក្នុងអគារពិសារភោជនីយហារ ហើយបានត្រឡប់មកវិញ លោក សុខ ធួក បានបន្តប្រយោគរបស់ខ្លួនថា លោកសូមអរគុណដល់សារព័ត៌មានកោះសន្តិភាព ដែលលើកមុនបានព្យាយាមបកស្រាយបំភ្លឺជូនលោកវិញ ហើយរិតតែអរគុណម្តងទៀត ដែលថ្ងៃនេះបានចុះមកយកព័ត៌មានស្តីអំពីមង្គលការកូនស្រីរបស់គាត់ ដែលនេះធ្វើឱ្យគ្រួសារគាត់រឹតតែរួចផុតពីមន្ទិលទាំងឡាយរបស់មិត្តអ្នកអានពីការដែលច្រឡំរូបថតកូនស្រីគាត់កាលពីគ្រាមុន ។
ទាក់ទងទៅនឹងជិវិតអាពាហ៍ពិពាហ៍កូនស្រីគាត់ ត្រូវបានលោកសុខ ធួក លើកឡើងថា កូនស្រីគាត់ឈ្មោះ សុខ សុភាវតី្ត អាយុ១៨ ឆ្នាំ ពេលនេះនាងកំពុងរៀបការជាមួយកូនកម្លោះ ឈ្មោះ សាម៉េន សុខា ជាទីប្រឹក្សាទទួលពលករ អមឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េ ។ លោកបានសើចញឹមៗថា កាលមុនលោកប្រាប់ថា «កូនគាត់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ និងកំពុងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាមួយនៅរាជធានីភ្នំពេញ» តែក្រោយពីអាពាហ៍ពិពាហ៏នេះទៅ គឺផ្លាស់ប្តូរហើយ កូនស្រីគាត់នឹងទៅរស់នៅជាមួយប្តី ដែលនឹងបន្តរៀនថ្នាក់ឧត្តមសិក្សានៅប្រទេសកូរ៉េវិញ ។
លោកបានបន្តថា សុខ សុភាវត្តី គឺជាកូនស្រីច្បងក្នុងចំណោមកូន៣នាក់ ទាំងរូបលោក និងភរិយាមានសេចក្តីរីករាយសប្បាយចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់កូនស្រីគាត់ ទាំងការរៀនសូត្រ ចរិយាសម្បត្តិ ស្គាល់ខុស ស្គាល់ត្រូវ និងស្តាប់តាមដំបូន្មានឪពុកម្តាយ មិនដែលធ្វើអ្វីឱ្យឪពុកម្តាយខុសចិត្តឡើយ ។ លោកបន្ថែមថា កូនស្រីគាត់ត្រូវបានគេកក់ទុកតាំងពីមិនទាន់គ្រប់ការមកម្ល៉េះ គឺកូនកម្លោះដែលឈរទទួលភ្ញៀវពីមុខគាត់នេះ ។
សូមរំព្ញកថា នាង ហ៊ួន សុខធារី បានលោតទឹកសម្លាប់ខ្លួននៅស្ពានព្រះមុនីវង្សចាស់កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ វិច្ឆិកា ២០១៤ ដោយសង្ស័យថា បានចាញ់ល្បែង ធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយអ្នកសារព័ត៌មានបានភាន់ច្រឡំយករូប កញ្ញា សុខ សុភាវត្តី កូនលោក សុខ ធួក មកដាក់ផ្សាយលើទំព័ររបស់ខ្លួន ព្រោះកាលណោះ មានស្រី្តម្នាក់បានអះអាងថា ឈ្មោះ ហ៊ួន សុខធារី ជាប្អូនស្រីគាត់ ហើយមានឈ្មោះក្នុងហ្វេសប៊ុក គឺNANA COCO ទើបមានការច្រឡំបែបនេះ ៕
ចែករំលែកព័តមាននេះ