ខេត្តស្វាយរៀង ៖ មានរឿងគួរឱ្យហួសចិត្តមួយកាលពីប៉ុន្មានថ្ងៃមុន ដែលនាងក្រមុំជាកម្មការិនីម្នាក់ក្លាយខ្លួនជាចោរប្លន់ដ៏ឃោរឃៅ ដោយចាក់កម្មករម្នាក់ជាម្ចាស់ម៉ូតូរហូតធ្លាយពោះវៀនចេញមកក្រៅប៉ងប្លន់យកម៉ូតូ តែក៏ត្រូវគេទាន់ហើយព័ទ្ធចាប់ខ្លួនបានភ្លាមៗ។ ក្រោយពីត្រូវចាប់ខ្លួន ស្ត្រីរូបនេះសារភាពថា បានជាខ្លួនហ៊ានធ្វើចោរប្លន់ មកពីចង់បានប្រាក់យកមករៀបការជាមួយគូដណ្តឹងដែលបានភ្ជាប់ពាក្យហើយតែគ្មានប្រាក់រៀបចំមង្គលការ ដោយសារប្រាក់បណ្តាការនោះ យកទៅលេងចាញ់ល្បែងនៅកាស៊ីណូអស់ទៅហើយ ។
ម្យ៉ាងទៀត បុរសជាគូដណ្តឹងបានសុំឱ្យខាងស្រីកំណត់ថ្ងៃរៀបការ ក៏ប៉ុន្តែម្តាយនាងនិយាយថា រកលុយយ៉ាងម៉េចបានរៀបការរកខ្លួនឯងទៅ ចំណែកគាត់គ្មានប្រាក់ឯណាចេញថ្លៃរៀបការទ្បើយ ។ ដោយសារមូលហេតុបែបនេះ ទើបនាងសម្រេចចិត្តធ្វើសកម្មភាពប្លន់ តែត្រូវអ្នកស្រុកព័ទ្ធចាប់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ចបញ្ជូនមកសាលាដំបូងខេត្ត ចាត់ការនិងចេញដីកាដាក់ពន្ធនាគារខេត្តជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ធ្នូ ។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ធ្នូ មានករណីជនសង្ស័យជាស្ត្រីដៃឆើតម្នាក់ឈ្មោះ ខុន ស្រីឌី អាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងស្វាយរៀង បានធ្វើសកម្មភាពចាក់ប្លន់យុវជនម្នាក់ធ្លាយពោះវៀនមួយទ្រេល ខណៈបបួលយកទៅកន្លែងស្ងាត់ប៉ុនប៉ងប្លន់យកម៉ូតូនិងខ្សែ.កមាស ។ ប៉ុន្តែការប៉ុនប៉ងនេះ មិនបានសម្រេចទេ ដោយត្រូវអ្នកស្រុកឃើញក៏ព្រួតគ្នាព័ទ្ធចាប់បានប្រគល់ឱ្យសមត្ថកិច្ច នាវេលាម៉ោង៦ល្ងាចដដែល នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ។
បើតាមនគរបាលក្រុងបាវិតឱ្យដឹងថា ស្ត្រីដៃឆើតនេះបានបបួលជនរងគ្រោះឈ្មោះ រួន ភិរម្យ ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មកររោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនជាមួយគ្នា មានទីលំនៅភូមិគុម្ពោតលៀប សង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយជួលឱ្យឌុបទៅផ្សារក្នុងមណ្ឌលកម្សាន្តក្រុងបាវិត ដើម្បីរកទិញអីវ៉ាន់និងឌុបបន្តទៅស្រុកចន្ទ្រា ដោយឱ្យតម្លៃ២ម៉ឺនរៀល ។ ដោយឃើញនាងជាស្រីស្អាតផង ក៏យល់ព្រមដឹកចេញពីតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនទៅមណ្ឌលកម្សាន្ត ដែលនៅទីនោះនាងបានទិញកាំបិតចិតបន្លែមួយដាក់ក្នុងកាបូបរួចទ្បើងជិះម៉ូតូឱ្យឌុបចេញទៅតាមផ្លូវតាព្រឹម ។
ពេលដល់ខាងត្បូងចម្ការកូនគគីរ ក៏ឱ្យជនរងគ្រោះបើកម៉ូតូត្រទ្បប់មកផ្លូវជាតិវិញ រួចជិះទៅតាមផ្លូវភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ផុតផ្ទះអ្នកស្រុកដល់កន្លែងស្ងាត់ ក៏ដកកាំបិតចុងស្រួចចាក់ពោះជនរងគ្រោះមួយកាំបិតធ្លាយចេញពោះវៀនមួយទ្រេល ។ ក្នុងហេតុការណ៍នេះ ជនរងគ្រោះក៏ឈប់ម៉ូតូ ឯស្ត្រីដៃឆើតក៏ឆក់យកខ្សែ.កជនរងគ្រោះទម្ងន់៥ជី តែមិនបានសម្រេច ដោយសារប្អូនប្រុសជនរងគ្រោះមកតាមក្រោយ ឃើញក៏ស្រែកឆោទ្បោឱ្យគេជួយ ។ ពេលនោះដែរ អ្នកស្រុកឮក៏នាំគ្នាព័ទ្ធស្ទាក់ចាប់បានភ្លាមៗ រួចប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គញ់ចាត់ការតាមផ្លូវច្បាប់ ។
ចោរស្រីក្រមុំរូបនេះ បានសារភាពប្រាប់សមត្ថកិច្ចថា មុនពេលនាងចូលធ្វើការនៅរោងចក្រ នាងតែងដើរលេង និងបានលក់ខ្សែ.ក ខ្សែដៃ និងក្រវិលមាស ដែលម្តាយទិញឱ្យពាក់យកទៅចាយអស់ និងលួចប្រាក់យកទៅលេងល្បែងនៅកាស៊ីណូអស់ជាច្រើនទៀត ទើបម្តាយខឹង ។ មិនត្រឹមតែប៉ុណ្ណោះ ម្តាយចេះតែសួររកខ្សែ.ក ខ្សែដៃនោះរហូត ហើយនាងតែងកុហកម្តាយថា យកឱ្យមិត្តភក្តិខ្ចី លុះពេលគូដណ្តឹងមកសុំឱ្យកំណត់ថ្ងៃការម្តាយខឹងនិយាយថា រកលុយឯណាបានការរកខ្លួនឯងទៅ ។ ពេលនោះដោយគ្មានជម្រើសក៏ដាច់ចិត្តធ្វើជាចោរប្លន់ ម្យ៉ាងដោយឃើញជនរងគ្រោះពាក់ខ្សែ.កធំ ក៏មានគំនិតចង់ប្លន់ ទើបប្រើល្បិចទៅបបួលឱ្យជនរងគ្រោះឌុបទៅផ្សារក្នុងមណ្ឌលកម្សាន្តទិញអីវ៉ាន់ រួចបបួលឱ្យឌុបបន្តរហូតមានឱកាសក៏ប្លន់ ។
ស្ត្រីសង្ស័យនិយាយថា មុនដំបូងនាងគ្រាន់តែភ្ជង់ឱ្យដោះខ្សែ.ក រួចយកសោម៉ូតូជិះចេញ ក៏ប៉ុន្តែពេលជនរងគ្រោះដោះខ្សែ.កឱ្យហើយ ហុចសោម៉ូតូឱ្យក៏ប្រតាយដណ្តើមយកខ្សែ.ក និងសោម៉ូតូវិញ ទើបនាងចាក់មួយកាបិតឱ្យរងរបួសទៅ គឺពុំមានបំណងប្លន់សម្លាប់ទេ ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ស្ត្រីរូបនេះពិតជារៀបចំផែនការប្លន់ទុកជាមុនយូរថ្ងៃមកហើយ ៕
ចែករំលែកព័តមាននេះ