រាជធានីភ្នំពេញ ៖ នៅសណ្ឋាគារអ៊ឹមផឺរៀលហ្គាឌិន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១១ អង្គការខានណាបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំដើម្បីបង្ហាញពីសមិទ្ធផល និងឧបសគ្គក្នុងការងារប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ក្រោមអធិបតីភាព លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិអង្គការខានណាមានប្រសាសន៍ថា កិច្ចប្រជុំនេះពិតជាមានសារសំខាន់បំផុតដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល និងឧបសគ្គទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ទន្ទឹមនោះកិច្ចប្រជុំមានគោលបំណងដើម្បីប្រើប្រាស់ធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពរវាងអង្គការខានណា និងដៃគូរបស់ខ្លួនលើការងារបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ការប្រគល់រង្វាន់ជូនដល់ស្ថាប័ន និងបុគ្គលឆ្នើម ការផ្សព្វផ្សាយយុទ្ធសាស្ត្រឆ្នាំ២០១១-២០១៥ និងអត្តសញ្ញាណថ្មីរបស់អង្គការខានណា រួមទាំងការបូកសរុបការងាររបស់អង្គការខានណា និងដៃគូប្រចាំឆ្នាំ២០១០ និងរៀបចំផែនការងារសំរាប់ឆ្នាំ២០១១។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា បច្ចុប្បន្នអង្គការខានណាមានដៃគូចំនួន៣៨ និងដៃគូយុទ្ធសាស្ត្រចំនួន៤ដែលកំពុងប្រតិបត្តិការនៅក្នុងរាជធានី ខេត្ត-ក្រុងចំនួន២០ ដោយសហការជាមួយស្រុកប្រតិបត្តិចំនួន៤៧ និងមណ្ឌលសុខភាពចំនួន២៨០។ ការងារសំរេចបាននាឆ្នាំ២០១០កន្លងមកនេះរួមមានការងារបង្ការលើក្រុមគោលដៅសរុបចំនួន១៧៦.៨៤៣នាក់ ដែលក្នុងនោះរួមមានស្ត្រីបំរើការនៅក្នុងគ្រឹះស្ថានកំសាន្តចំនួន៧.៧២៦នាក់ ក្រុមបុរសស្រលាញ់បុរសចំនួន៧.៨៨២នាក់ អ្នកប្រើគ្រឿងញៀនដោយចាក់នឹងម្ជុលស៊ីរាំងចំនួន១.០៤៨នាក់ អ្នកប្រើប្រាស់គ្រឿងញៀនដោយហិត ឬជក់មានចំនួន៦.៣១៩នាក់។ ការថែទាំដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន១៦.៦៨៦នាក់ កុមារកំព្រា និងកុមារងាយរងគ្រោះចំនួន២.៤៧០ និងអ្នករស់នៅជាមួយមេរោគអេដស៍ទទួលបានឱសថប្រឆាំងមេរោគអេដស៍ពន្យារជីវិតចំនួន១១.៨៧៨នាក់។
លោកបញ្ជាក់ថា អង្គការខានណាទទួលការគាំទ្រពីម្ចាស់ជំនួយមួយចំនួនដូចជាទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍(USAID),មូលនិធិសកល, កម្មវិធីស្បៀងអាហារពិភពលោក, សហគមន៍អឺរ៉ុប, អង្គការសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ទីភ្នាក់ងារអូស្ត្រាលីសំរាប់ការអភិវឌ្ឍអន្តរជាតិ ព្រមទាំងក្រសួងអាជ្ញាធរជាតិ និងស្ថាប័នរដ្ឋាភិបាលមួយចំនួនទៀត។ អង្គការខានណា គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដ៏ធំមួយដែលផ្តល់សេវាបង្ការថែទាំ និងគាំទ្រទាក់ទងនឹងមេរោគអេដស៍ក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយទសវត្សមកហើយប្រកបដោយទស្សនវិស័យ ប្រាថ្នាចង់បានប្រទេសកម្ពុជាមួយដែលប្រជាពលរដ្ឋទាំងអស់មានលទ្ធភាពស្មើៗគ្នាក្នុងការទទួលបាននូវសេវាមេរោគអេដស៍ និងសេវាសុខភាពនានាប្រកបដោយគុណភាព និងកាលានុវត្តភាពពាក់ព័ន្ធនឹងការអភិវឌ្ឍ និងមានបេសកកម្មចូលរួមចំណែកក្នុងការឆ្លើយតបចំពោះមេរោគអេដស៍ និងជំងឺអេដស៍ សុខភាព សុខុមាលភាព និងការអភិវឌ្ឍសហគមន៍។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងមន្ត្រីបុគ្គលិករបស់អង្គការខានណាក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃជាមួយដៃគូទាំងអស់ ពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យសំរេចបាននូវលទ្ធផលជាផ្លែផ្កាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍។ លោកសំដែងនូវក្តីសង្ឃឹមថា តាមរយៈការដាក់ចេញ និងការអនុវត្តផែនការឆ្លើយតបចំពោះមេរោគអេដស៍ និងជំងឺអេដស៍ក្នុងវិស័យសុខាភិបាលឆ្នាំ២០១០-២០១៥ប្រាកដណាស់យើងពិតជាបញ្ចៀសបាននូវរលកទីពីរនៃបញ្ហានេះមិនខាន អាស្រ័យដោយយើងមានមគ្គុទ្ទេសក៍ភាព និងទទួលបានឆន្ទៈនយោបាយដ៏រឹងមាំពីគ្រប់កំរិតពិសេស ការគាំទ្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ៕
ចែករំលែកព័តមាននេះ