ខេត្តកណ្តាល ៖ បុរសម្នាក់បានរងរបួសជាទម្ងន់ ដោយត្រូវបុរសម្នាក់ទៀតជាគូទំនាស់យកកាំបិតបុ័ងតោ កាប់ចំនួន៣កាំបិត ដោយសារមានទំនាស់ពាក្យសម្ដីគ្នា ខណៈកំពុងអង្គុយជុំគ្នាផឹកស៊ីនិយាយដៀមដាមពាក្យសម្តីជាមួយគ្នា កាលពីម៉ោង៥និ៣០នាទីល្ងាច ថ្ងៃទី២៨ ធ្នូ ២០១៤ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះថូ លីហ៊ួរ អាយុ២៣ឆ្នាំ មានស្នាមមុតចំនួនបីកន្លែងរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅពេទ្យជ័យជំនះ ដើម្បីសង្គ្រោះ ចំណែកជនសង្ស័យមានឈ្មោះសែម រដ្ឋា អាយុ២២ឆ្នាំ ត្រូវបាននគរបាលចាប់ខ្លួន។ ទាំងពីរនាក់នេះ មានមុខរបរជាកម្មករឡគ្បឿងដូចគ្នា និងមានទីលំនៅក្នុងភូមិ-សង្កាត់កើតហេតុជាមួយគ្នា។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុខាងលើ ជនរងគ្រោះ និងជនសង្ស័យបានផឹកស៊ីនៅកន្លែងផ្សេងពីគ្នា ដោយជនសង្ស័យផឹកស្រាថ្នាំអស់ចំនួន២លីត្រជាមួយនឹងមិត្តភក្ដិ ។ ចំណែកជនរងឈ្មោះថូ លីហ៊ួរ ជួបជុំគ្នាជាមួយមិត្តភក្ដិបីនាក់ទៀតផឹកស្រាបៀរនៅជិតគ្នានោះដែរ។ហើយជនសង្ស័យក៏បានមកផឹកស្រាបៀរជាមួយជនរងគ្រោះ ។ ពេលនោះជនសង្ស័យបាននិយាយដៀមដាមមកលើជនរងគ្រោះអ្នកទាំងពីរក៏មានទំនាស់ពាក្យសម្ដីគ្នាតឹងសរសៃ.ក ជនរងគ្រោះក៏បានដាល់មួយដៃចំមុខជនសង្ស័យធ្វើឲ្យជនសង្ស័យខឹងខ្លាំងបានដើរទៅផ្ទះខ្លួននៅជិតនោះយកកាំបិតបុ័ងតោមកកាប់ទៅលើជនរងគ្រោះចំបន្ទះក្បាលមួយកន្លែង និងចំដៃពីរកន្លែងទៀត ហូរឈាមខ្លាំង រងរបួសយ៉ាងធ្ងន់ធ្ងរ។
ភ្លាមៗនោះជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅពេទ្យជ័យជំនះ ចំណែកជនសង្ស័យឈ្មោះសែម រដ្ឋា ត្រូវបាននគរបាលចាប់ខ្លួនភ្លាមៗដែរ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ