រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីនារីជាកម្មការិនី៣នាក់ ដោយអត់ទ្រាំនឹងការប្រព្រឹត្តិរបស់បុរសម្នាក់ដែលតែងតែលួចបន្លំស្ទាបគូទរបស់ពួកនាងទាំង៣ជារឿយ ខណៈពួកនាងទៅងូតទឹកនៅបន្ទប់ទឹករួមមួយ ក្នុងផ្ទះជួលមួយកន្លែង កាលពីម៉ោង០៩យប់ថ្ងៃទី២៨ ធ្នូ ២០១៤ នេះ ស្ថិតនៅភូមិព្រៃខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយពួកគាត់បាននាំគ្នាមកប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើការប្តឹងបុរសម្នាក់នោះ ពីបទបៀតបៀនកេរ្តិ៍ខ្មាស់ ។
ប្រភពបានឱ្យដឹងថា បុរសជាប់ចោទឈ្មោះអ៊ិន កសាង អាយុ៤០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងផ្ទះជួលខាងលើ ដោយមានប្រពន្ធនិងកូនផងដែរ ។ ចំណែកឯនារីរងគ្រោះទាំង៣នាក់ ១-ឈ្មោះរី រង អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រ ដោយគាត់បាននិយាយថា បុរសនោះបានបន្លំស្ទាបគូទគាត់កាលពី៣ថ្ងៃមុន ២-ឈ្មោះពាន ផល្លា អាយុ៣០ឆ្នាំ បានបន្លំស្ទាបគាត់កាលពីវេលាម៉ោង៦ល្ងាច និង៣-ឈ្មោះហែម ស្រីវ៉ន អាយុ២០ឆ្នាំ បានបន្លំស្ទាបគូទនៅវេលាម៉ោង៦ល្ងាចដដែល ។
ទោះបីជាយ៉ាងណា បុរសឈ្មោះអ៊ិន កសាង បានឆ្លើយបដិសេធគ្រប់យ៉ាង និងបានទាមទាររកភស្តុតាង ។
គួរបញ្ជាក់ថា បុរសជាប់ចោទខាងលើ រងការចោទប្រកាន់ពីនារីៗជាច្រើននៅក្នុងប្លុកផ្ទះជួលខាងលើនោះ ដោយនារីខ្លះមិនហ៊ានតបតទេ សុខចិត្តរើអីវ៉ាន់ចេញពីបន្ទប់នោះ ឯអ្នកខ្លះទៀតបានរត់មកប្រាប់ប្រពន្ធរបស់បុរសខាងលើផងដែរ ។
បច្ចុប្បន្នបុរសជាប់ចោទនិងនារីរងគ្រោះទាំង៣នាក់ កំពុងធ្វើការដោះស្រាយនៅក្នុងប៉ុស្តិ៍ចោមចៅ ។
ចែករំលែកព័តមាននេះ