រាជធានីភ្នំពេញ ៖ ដោយសារតែភាពក្រីក្រ លោកតាវ័យ៧២ឆ្នាំទៅហើយ នៅតែប្រកបរបរធាក់ស៊ីក្លូរកកម្រៃហូបចុក តែមិនគ្រប់គ្រាន់ក៏ខ្យល់គរតាមផ្លូវ ត្រូវសមត្ថកិច្ច និងសន្តិសុខឯកជនលើកដាក់លើស៊ីក្លូយកទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ភពក្រុង កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ធ្នូ នៅមុខសណ្ឋាគារអេនជេល ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមពិតទៅ របរធាក់ស៊ីក្លូកំពុងបាត់បង់អាជីពទៅហើយ បើមានខ្លះនោះគ្រាន់តែជាការអភិរក្សសម្រាប់បម្រើលើវិស័យទេសចរណ៍តែប៉ុណ្ណោះ ។ ចំពោះឥរិយាបថអ្នកជិះស៊ីក្លូវិញ ក៏ហាក់លែងជាជម្រើសទៀតហើយ ព្រោះយានយន្តនានាបានចូលមកជំនួស ។ បើនិយាយពីលោកតាវិញ សម្រាប់អ្នកជិះក៏មិនហ៊ានហៅគាត់ជិះដែរ ដោយសារគាត់ចាស់គ្មានកម្លាំងឯណាធាក់ស៊ីក្លូ តែនេះដោយសារស្ថានភាពជីវភាព ក៏បង្ខំឱ្យលោកតាត្រូវតែត្រដាបត្រដួសដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងគ្រួសារនោះ ។
ទាក់ទិននឹងតាស៊ីក្លូតាមសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុឱ្យដឹងថា គេឃើញលោកតាវ័យចំណាស់ម្នាក់នេះដើរអូសស៊ីក្លូតាមផ្លូវមិនបានឡើងធាក់ទេ ក្នុងទិសដៅពីត្បូងទៅជើងតាម ផ្លូវលេខ២១១ លុះមកដល់ចំណុចខាងលើ ស្រាប់តែខ្យល់គរ ដួលសន្លប់ស្តូកស្តឹង ត្រូវបានអ្នកឃើញហេតុការណ៍ និងសមត្ថកិច្ចល្បាត ក្នុងមូលដ្ឋានលើកដាក់លើស៊ីក្លូរបស់គាត់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានី រួចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យសម្ពពក្រុង ។ ពេលទៅដល់មន្ទីរពេទ្យ លោកតាក៏បានដឹងខ្លួនវិញ ។
លោកតាបានរៀបរាប់ដោយសំឡេងមិនសូវច្បាស់ថា គាត់ឈ្មោះកង យីម អាយុ៧២ឆ្នាំ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា មានស្រុកកំណើតនៅភូមិប្រស្រែ ឃុំសំណាញ់ ស្រុកអង្គរជ័យ ខេត្តកំពត មានប្រពន្ធ និងកូន៧នាក់ តែពួកគេមានប្តីប្រពន្ធអស់ហើយ ។
ជារៀងរាល់ថ្ងៃ គាត់ជួលស៊ីក្លូពីថៅកែនៅខាងក្រោយបណ្ណាគារបាក់ទូក យកទៅធាក់ក្នុងមួយថ្ងៃបានប្រាក់ពី៦.០០០រៀល ទៅ៧.០០០រៀល សន្សំសំចៃទុកលុយផ្ញើទៅឱ្យយាយនៅស្រុកកំណើតផង និងហូបចុកខ្លួនឯងផង តែគាត់មិនសូវហ៊ានហូបគ្រប់គ្រាន់ទេ ទើបមិនសូវមានកម្លាំងពលំ ។ នៅព្រឹកកើតហេតុ គាត់បានភ្ញាក់ទៅយកស៊ីក្លូនៅផ្ទះថៅកែ រួចហើយក៏ដើរអូសស៊ីក្លូមកដល់ចំណុចខាងលើ ស្រាប់តែងងឹតមុខដួលតែម្តង ។ ពេលនេះ លោកតាកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យសម្ភពក្រុង ហើយមិនទាន់មានសាច់ញាតិទៅមើលទេ ថែមទាំងអត់មានលុយសម្រាប់ព្យាបាលជំងឺទៀត ។
ទោះបីជាបែបណា មន្ទីរពេទ្យពិតជាសង្គ្រោះគាត់ ប៉ុន្តែអ្វីដែលគួរឱ្យខ្លោចផ្សាក្នុងចិត្តនោះ គឺចំណាស់នេះទៅហើយ គាត់ពុំគប្បីមកប្រើកម្លាំងធាក់ស៊ីក្លូទេ ប៉ុន្តែគាត់ពិតជាគ្មានជម្រើសឡើយ ថ្វីបើមានកូនរហូតដល់ទៅ៧នាក់ គួរណាស់កូនៗអាចជួយគាត់បាន ផ្ទុយទៅវិញ សូម្បីតែយាយនៅឯស្រុកកំណើត ក៏រង់ចាំលុយដែលលោកតារកបានមិនដល់១ម៉ឺនរៀលផងក្នុង១ថ្ងៃផ្ញើទៅឱ្យចាយដែរ ។ ឱជីវិតអើយ…! ហេតុអ្វីក៏អយុត្តិធម៌ម្ល៉េះ សម្រាប់មនុស្សលោកដែលមានវាសនាមិនដូចគ្នានោះ ។
កោះសន្តិភាពសង្ឃឹមថា សប្បុរសជនដែលមានឈាមជ័រជាខ្មែរមានចិត្តមេត្តាសណ្តោស នឹងជួយបរិច្ចាគថវិកា ឬជាគ្រឿងឧបភោគបរិភោគដល់លោកតា ដើម្បីមានកម្លាំងពលំឡើងវិញទុកបន្តអាជីពតាមសម្មាអាជីវោរបស់គាត់ ទម្រាំដល់ជីវិតចុងក្រោយ ៕
តាមរយៈកោះសន្តិភាព យើងខ្ញុំនឹងប្រគល់ជូនទៅគាត់ផ្ទាល់ដៃតែម្តង ។ សូមអរគុណ
ចែករំលែកព័តមាននេះ