ខេត្តព្រះសីហនុ៖ បុរសជាបុគ្គលិកផ្ទះសំណាក់ GBT3ម្នាក់បានរងរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ សង្ឃឹមរស់តិចតួច បន្ទាប់ពីត្រូវបានជនជាតិអាមេរិកដែលគេអះអាងថា ជាមិត្តភក្តិវាយឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២០ ធ្នូ ២០១៤ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមប្រភពលោកអនុសេនីយ៍ទោ លុយ ហាង នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤បានបង្ហើបឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុវេលាម៉ោងខាងលើ កំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ៤ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា មានករណីធ្វើទារុណកម្មមួយកើតឡើងដែលបង្កដោយជនបរទេសម្នាក់វាយដំមកលើជនជាតិខ្មែរយ៉ាងព្រៃផ្សៃបំផុត ខណៈពេលនោះកំលាំងរបស់លោកបានចុះទៅដល់កន្លែងកើតហេតុភ្លាម បានឃើញជនរងគ្រោះដេកដួលសន្លប់បាត់ស្មារតីនៅលើឥដ្ឋការ៉ូក្នុងផ្ទះជួលរបស់ជនបរទេសយ៉ាងអាណោចអាធ័ម។
បន្ទាប់មកលោកបានរាយការណ៍មកកាន់អធិការដ្ឋាននគរបាលក្រុង ការិយាល័យអន្តោប្រវេសន៍ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទើបឃាត់ខ្លួនជនបង្កមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ។
ជនបង្កជាជនបរទេសនោះមានឈ្មោះ BARNETT JASON RICHARD ជាជនជាតិអាមេរិកាំង អាយុ៣៣ឆ្នាំ កាន់លិខិឆ្លងដែនលេខ ៥២៧៤៤២៨៦៤ មានមុខរបរទេសចររយៈពេលវែង ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ឯជនរងគ្រោះមានឈ្មោះ នាង សារិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកនាំភ្ញៀវនៅផ្ទះសំណាក់ GBT3 មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសធ្ងន់សង្ឃឹមរស់តិចតួច កំពុងសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ (មកដល់រសៀលថ្ងៃទី២១នេះនៅពុំទាន់ដឹងខ្លួននៅឡើយ)។
ចំពោះដើមហេតុនៃការធ្វើទារុណកម្មនេះ សមត្ថកិច្ចនៅពុំទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ។ ដោយឡែកយោងតាមប្រភពពីបុគ្គលិក GBT3 ដូចគ្នាបានឲ្យដឹងថា ជនបង្ក និងជនរងគ្រោះគឺជាមិត្តនឹងគ្នាចំនួន២ទៅ៣ខែមកហើយៗជារៀងរាល់ថ្ងៃអ្នកពីរទៅណាមកណាក៏ទៅជាមួយគ្នាដែរ សូម្បីតែផ្ទះជួលកន្លែងកើតហេតុ ក៏ជនរងគ្រោះជាអ្នកធានាជួល តភ្ជាប់ចរន្តអគ្គីសនី ទឹក និងទិញសម្ភារៈតុបតែងផងដែរ ប៉ុន្តែមិនដឹងមូលហេតុអីបានជាជនបរទេសបែរជាលើកដៃវាយទៅកើត។
ជុំវិញបញ្ហានេះដែរ យោងតាមប្រភពជិតដិតមួយបានលួចបង្ហើបឱ្យដឹងថា ហេតុការណ៍នេះគេសង្ស័យថា កើតឡើងពីស្នេហាត្រីកោណរវាងស្ត្រីជាប្រពន្ឋជនបង្ក និងបុរសជនរងគ្រោះជាជនជាតិខ្មែរ ព្រោះនៅមួយរយៈចុងក្រោយនេះគេសង្កេតឃើញស្ត្រីជាប្រពន្ធជនបង្កមានភាពស្និទ្ធស្នាលជាមួយជនរងគ្រោះណាស់ ប៉ុន្តែនេះគ្រាន់ជាការសង្ស័យតែប៉ុណ្ណោះ ឯរឿងរ៉ាវយ៉ាងណានោះគ្មាននណាម្នាក់បានដឹងក្រៅអំពីជនរងគ្រោះនោះទេ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ