ក្រុងប៉ោយប៉ែត ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានព្រមានដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលនិយមប្រើប្រាស់ស្លាកលេខ ខ.ម (ខេមរភូមិន្ទ) ឬ ន.ប និងរាជការ ជាដើម ត្រូវបញ្ឈប់ជាបន្ទាន់ព្រោះថា ស្លាកលេខទាំងនេះ ជាកម្មសិទ្ធិរបស់រដ្ឋ មិនអាចឱ្យបុគ្គលណាម្នាក់យកទៅប្រើប្រាស់លើយានយន្តដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនបានទ្បើយ ។ ជាមួយនឹងការព្រមាននេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានតម្រូវដែរថា រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ដែលជាយានយន្តរបស់យោធា ត្រូវតែមានពណ៌ត្រេអីុ ផ្ទុយទៅវិញ បច្ចុប្បន្ន រថយន្តមិនមានពណ៌ត្រេអីុ ក៏គេកំពុងប្រើប្រាស់ដែរ សម្រាប់គេចពីការបង់ពន្ធ ។
បញ្ហានេះជាប្រការអយុត្តិធម៌ណាស់ សម្រាប់ពលរដ្ឋត្រឹមត្រូវគោរពច្បាប់ ត្រូវប្រឈមការបង់ពន្ធ តែក្រុមអ្នកបំពានច្បាប់ បែរជាធ្វើអ្វីក៏បានស្រេចតែចិត្ត។ ជាក់ស្តែង គេសង្កេតឃើញនៅតំបន់ជាយដែនកម្ពុជា-ថៃ ទឹកដីអាណាចក្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានរថយន្តស៊េរីទំនើបៗមួយចំនួន នៅតែពេញនិយមពាក់ស្លាកលេខខេមរភូមិន្ទ នគរបាលជាតិ និងស្លាកលេខរាជការដែលជាកម្មសិទ្ធិឯកជន ប្រើប្រាស់ព្រោងព្រាត ស្ទើរពាសពេញក្រុងប៉ោយប៉ែត និងទូទាំងខេត្តតែម្តង បើកបង្អួតគេឯង តែការពិតគឺភាគច្រើនជាស្លាកលេខសេះហោះ ហើយរថយន្តខ្លះមិនបានទាំងបង់ពន្ធផ្លូវជូនរដ្ឋ ឱ្យបានត្រឹមត្រូវទ្បើយ ។ ពួកគេខ្លះអាងខ្លួនជាអ្នកមានអំណាច ឬក៏ខ្លួនជាមន្ត្រីរាជការនោះ គឺគ្មាននរណាហ៊ានចាប់ឱ្យបង់ពន្ធទ្បើយ ។ បញ្ហាទាំងអស់នេះ បានធ្វើឱ្យបាត់ចំណូលថវិការដ្ឋក្នុង១ឆ្នាំៗ រាប់សិបលានរៀល ហើយក៏គ្មានអាជ្ញាធរមានសមត្ថកិច្ច ឬក៏មន្ត្រីជំនាញណាមួយចាត់វិធានការទប់ស្កាត់ទ្បើយ ។
ពលរដ្ឋមានចម្ងល់ថា តើហេតុអ្វីបានជាក្រុមជនស៊ីវិល និងមន្ត្រីខ្លះចូលចិត្តប្រើប្រាស់ស្លាកលេខ ដែលមានការហាមឃាត់ដូច្នេះទៅវិញ ឬមួយក៏ពួកគេបំពាក់ដើម្បីគំរាមកំហែងដល់អ្នកដទៃ ឬមួយក៏ងាយស្រួលក្នុងការប្រព្រឹត្តបទល្មើស ។ ព័ត៌មានខាងលើ ល្មមដល់ពេលក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានតួនាទីឈរជើងនៅក្នុងតំបន់ជាយដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត គិតគូរចាត់វិធានការទប់ស្កាត់ហើយ ឬមួយក៏ចាំឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានបញ្ជាបានធ្វើ ?
ចែករំលែកព័តមាននេះ