រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីម៉ោង១១ព្រឹកថ្ងៃទី១ ធ្នូ ២០១៤ កំលាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានឃាត់អង្គរក្សរបស់លោកឧកញ៉ាថោង សារ៉ាត់ ៣នាក់ ដែលពេលនោះលោកឧកញ៉ាក៏បានជិះនៅក្នុងរថយន្តនោះដែរ ។
ភ្លាមនោះលោកឧត្តមសេនីយ៍ត្រីជួន ណារិន ស្នងការរង និងជាប្រធានការិលាល័យកណ្តាលនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញបានបដិសេធថា គ្មានការឃាត់ខ្លួនលោកឧញ៉ាថោង សារ៉ាត់ ទេ គឺឃាត់អង្គរក្ស៣នាក់ តែលោកឧកញ៉ាជិះរថយន្តជាមួយ ។ ទោះជាយ៉ាងណាកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃចន្ទនេះ គេបានឃើញកំលាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញមួយក្រុម ដឹកនាំដោយលោកវរសេនីយ៍ទោ អេង សោភា ប្រធានការិយាល័យ ទៅធ្វើការនាំខ្លួនអង្គរក្ស៣នាក់នឹងលោកឧកញ៉ាថោង សារ៉ាត់ នៅក្បែរស្ពានទី២ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពបន្តថា អំឡុងពេលសមត្តកិច្ចឃាត់ខ្លួនអង្គរក្ស៣នាក់ ដោយទាំងលោកឧកញ៉ាថោង សារ៉ាត់ នោះហៀបនឹងមានការផ្ទុះអាវុធដាក់គ្នា តែដោយសារកំលាំងនគរបាលព្រហ្មទណ្ឌមានគ្នាច្រើន និងបានភ្ជង់សុទ្ធតែកាំភ្លើងAKមុន ទើបខាងអង្គរក្សឧកញ៉ាថោង សារ៉ាត់ មិនហ៊ានកម្រើក ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលឃាត់ខ្លួនអង្គរក្សលោកឧកញ៉ាថោង សារ៉ាត់ ៤នាក់នោះភ្លាមនគរបាលព្រហ្មទណ្ឌបាននាំទៅកាន់ស្នងការដ្ឋាននគរបាលរាជនីភ្នំពេញយ៉ាងប្រញ៉ាប់ប្រញ៉ាល់បំផុត ។
នៅពេលទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវបានកំលាំងជំនាញធ្វើការដកហូតអាវុធខ្លីពីអង្គរក្សចំនួន២ដើមសុទ្ធតែម៉ាកឡុក ហើយនគរបាលក៏បានបាញ់សាកអាវុធខ្លីនោះប្រមាណ៥-៦គ្រាប់ដើម្បីធ្វើការផ្ទៀងផ្ទាត់(កោសលវិច័យ) ដោយមានការសង្ស័យទៅលើអាវុធដែលគេប្រើប្រាស់ក្នុងករណីឃាតកម្មបាញ់សម្លាប់លើលោកឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ វិច្ឆិកា ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ