ខេត្តកំពង់ធំ ៖ ចោរ២នាក់បានធ្វើសកម្មភាពប្លន់បាញ់ស្ត្រីអាជីវករលក់មាសប្តូរប្រាក់នៅស្រុកបារាយណ៍ ចំភ្លៅ២គ្រាប់បណ្តាលឱ្យរងរបួសធ្ងន់និងគេចខ្លួនដោយសុវត្ថិភាព កាលពីល្ងាចថ្ងៃទី២១ វិច្ឆិកា ។ លោកវរសេនីយ៍ត្រី ស្រី ចាន់ស៊ីណា អធិការរងនគរបាលស្រុកបារាយណ៍ទទួលផែនយុត្តិធម៌ បានឱ្យដឹងថា យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋថា ពួកចោរដែលធ្វើសកម្មភាពបាញ់ប្លន់មានគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ 1B-4522 ។ មិនដឹងថា ពួកចោរនេះតាមឃ្លាំមើលសកម្មភាពជនរងគ្រោះតាំងពីពេលណាមកទេ ។
នៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២១ វិច្ឆិកា ពេលស្ត្រីអាជីវករឈ្មោះ ហែម សៀកនន់ អាយុ៤៧ឆ្នាំ ជាអាជីវករលក់មាសនិងប្តូរប្រាក់នៅក្នុងផ្សារតាំងគោក ប្តីឈ្មោះ ម៉ម មករា អាយុ៥៣ឆ្នាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ បានរៀបចំអីវ៉ាន់រួចរាល់ ក៏ឱ្យក្មួយប្រុសបង្កើតរបស់ប្តីឈ្មោះ ម៉ម តូនី ហៅ តូ ឌុបម៉ូតូវិលត្រទ្បប់ទៅកាន់លំនៅឋានដូចសព្វដង ។ ពេលចេញពីផ្សារបានប្រហែលជាង២០០ម៉ែត្រ ជិតដល់ផ្ទះទៅហើយ ក៏លេចមុខជន២នាក់ ជិះម៉ូតូសេ១២៥ ប្រដាប់ដោយកាំភ្លើងខ្លី២ដើមម៉ាកកា៥៩ ធ្វើសកម្មភាពភ្ជង់ប្លន់ ។ ក្រុមចោរប្លន់បានបាញ់ទៅលើស្ត្រីឈ្មោះ ហែម សៀកនន់ ចំនួន២គ្រាប់ចំភ្លៅទាំងសងខាងបណ្តាលឱ្យដួលដេកនៅក្នុងថ្លុកឈាម ហើយជនសង្ស័យក៏ដណ្តើមយកស្បោងដាក់មាសនិងលុយទាំងអស់គេចខ្លួនទៅទិសខាងលិចបាត់ស្រមោល ។ រីឯស្ត្រីរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញ ។
ពាក់ព័ន្ទនឹងករណីប្លន់ខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្ត មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានបញ្ជាឱ្យកម្លាំងនគរបាលខេត្ត ស្រុក កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងសឹករងស្រុក និងកម្លាំងកងរាជអាវុធហត្ថ សរុបចំនួនប្រហែល៦០នាក់ ដេញតាមធ្វើឱ្យចោរមានការភិតភ័យក៏ផ្តួលម៉ូតូចោលលើផ្លូវរួចរត់ចូលព្រៃ ។ បន្ទាប់មក កងកម្លាំងបានទ្បោមព័ទ្ធព្រៃអស់ជាច្រើនម៉ោង រហូតមកដល់ថ្ងៃទី២២ វិច្ឆិកា គ្រាន់តែបានពន្លឺបន្តិចបន្តួចប៉ុណ្ណោះ តែមិនបានដឹងពីស្រមោលចោរទាំង២នាក់នៅទីណាទេ ។ ចំពោះទ្រព្យសម្បត្តិបាត់បង់រួមមាន លុយ១៦លានរៀល និង៧០០០បាត(លុយថៃ) មាស៧ជី ទូរស័ព្ទ១គ្រឿង ប្លាទីននិងគ្រឿងប្រាក់ជ្រលក់ជាង៣គីទ្បូក្រាម សរុបគិតជាទឹកប្រាក់ប្រហែលជាង៦ម៉ឺនដុល្លារ ។
មតិរបស់ប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់មាសនិយាយថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីប្លន់ ដែលបានកើតទ្បើងដ៏សាហាវបែបនេះ ។ ករណីចោរប្លន់នេះ បានស្ងប់ស្ងាត់អស់មួយរយៈពេលវែងមកហើយក្នុងទឹកដីស្រុកបារាយណ៍ ។ ការកម្រើកទ្បើងវិញគួរឱ្យព្រួយបារម្ភនេះ ក្រុមអាជីវករបានសំណូមពរដល់អាជ្ញាធរស្រុក-ខេត្ត មេត្តាជួយចាត់វិធានការដើម្បីសុវត្ថិភាពរបស់ពួកគាត់ ជាពិសេសករណីអំពើចោរលួច ឆក់ ប្លន់ នេះវាធ្វើឱ្យជះឥទ្ធិពលយ៉ាងខ្លាំងដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រោះពួកគាត់ខិតខំតស៊ូលំបាកស្ទើរតែមួយជីវិតទម្រាំតែបានប៉ុណ្ណេះ ផ្ទុយទៅវិញតែ១ប៉ប្រិចភ្នែកក៏ត្រូវចោរយកអស់គ្មានសល់ ។ ពួកគាត់និយាយថា ជួនពេលខ្លះគឺអស់ទាំងអាយុជីវិតទៀតផងក៏មាន បើ១ថ្ងៃៗឮតែចោរលួច ចោរប្លន់យ៉ាងដូច្នេះនោះ ធ្វើឱ្យពួកគាត់មានការភ័យខ្លាចខ្លាំងណាស់ ។ មានការសន្និដ្ឋានថា ប្រហែលជាមានខ្មោចក្នុងឱ្យដៃ ទើបបានជាខ្មោចក្រៅក្តាប់បានមុខសញ្ញាធ្វើសកម្មភាពប្លន់ដោយសុវត្ថិភាពបែបនេះ ៕
ចែករំលែកព័តមាននេះ