ខេត្តកំពង់ចាម ៖ ជនសង្ស័យមានជំនាញខាងឆបោកម្នាក់ ឈ្មោះ ឈិន ខួច ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដបានស្រលាញ់កូនក្រមុំគេ និងសន្យានាំឪពុកម្តាយចូលស្តីដណ្តឹងតាមប្រពៃណីដោយឲ្យថ្លៃទឹកដោះចំនួន១០.០០០ដុល្លារ (មួយម៉ឺនដុល្លារ ) ធ្វើឱ្យឪពុក ម្តាយខាងស្រីជឿស៊ប់ ហើយរៀបគំរោងធ្វើពិធីភ្ជាប់ពាក្យនៅថ្ងៃទី១៧ វិច្ឆិកា ២០១៤ ក្នុងភូមិអូរប្រឡោះ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ មានទាំងជួលតន្ត្រីនិងហៅភ្ញៀវមកចូលរួមកុះករ ។ លុះថ្ងៃភ្ជាប់ពាក្យបានមកដល់តាមការគ្រោងទុកនោះ បែរជាមិនឃើញឪពុកម្តាយ ព្រមទាំងក្រុមសាច់ញាតិខាងប្រុសមកនោះទេ សូម្បីតែទូរស័ព្ទក៏មិនអាចទាក់ទងបានទៀត ទើបឪពុកម្តាយខាងស្រីដឹងថា ជាការឆបោកក៏ប្តឹងទៅប៉ុស្តិ៍រដ្ឋបាលឃុំអូរម្លូរឲ្យឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកកាន់អធិការដ្ឋានគរបាលស្រុកស្ទឹងត្រង់ដើម្បីសួរនាំ ។
យោងតាមពាក្យបណ្តឹងរបស់ឪពុកកូនក្រមុំបានឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣ វិច្ឆិកា ២០១៤ កូនស្រីរបស់គាត់បានទូរស័ព្ទហៅឲ្យមកកាន់ភូមិរអាង ឃុំរអាង ស្រុកកំពង់សៀម ជាមួយប្រពន្ធ ព្រោះមានគេចង់ស្តីដណ្តឹង ។ ក្រោយមកពួកគាត់បាននាំគ្នាធ្វើដំណើរមកដល់ផ្ទះម្តាយ បានឃើញកូនស្រីកំពុងតែនៅជាមួយបុរសម្នាក់ ។ ពេលនោះជនឈ្មោះខួច ថែមទាំងនិយាយថា រូបគេស្រលាញ់កូនស្រីគាត់ ដោយឪពុកម្តាយរបស់គេមិនជំទាស់អ្វីនោះទេ ហើយថែមទាំងអួតថា ឪពុកម្តាយរបស់គេកំពុងតែជាប់រវល់ដើរជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃថែមទៀតផង ។
ក្រោយពីបានពិភាក្សាត្រូវរ៉ូវគ្នាអស់ហើយនោះ ឈ្មោះ ខួច បានស្នាក់នៅផ្ទះសាច់ញាតិខាងស្រីមួយយប់ លុះព្រឹកឡើងទើបបែកផ្លូវគ្នារៀងខ្លួន ក្រោយមកទៀតជនសង្ស័យបានទូរស័ព្ទមកសួរសុខទុក្ខធម្មតា ថែមទាំងជ្រើសរើសយកថ្ងៃល្អសិរីសួស្តី ថ្ងៃទី១៧ វិចិ្ឆកា ជាថ្ងៃភ្ជាប់ពាក្យ ដោយថា មុន១ថ្ងៃ ឪពុកម្តាយខាងប្រុសនឹងមក ដោយយកនំនែកផ្លែឈើស្រា សំអាងការ និងភ្លេងមកពីភ្នំពេញ ។ លុះមកដល់ថ្ងៃទី១៥ វិច្ឆិកា វេលាម៉ោង៥ល្ងាច ឈ្មោះ ខួច បានទូរស័ព្ទមកចូលគាត់(ឪពុកកូនក្រមុំ ) ដោយឲ្យទៅទទួលយកនៅក្បាលស្ពានគីហ្ស៊ុណា ក្រុងកំពង់ចាម គឺឪពុកម្តាយរបស់គេឲ្យគេមកមុនដើម្បីចាត់ចែងការងារផ្សេងៗ ពួកគាត់នឹងមកតាមក្រោយនៅថ្ងៃទី១៦ វិច្ឆិកា ។
ហេតុតែមានការជឿទុកចិត្តនោះឪពុកម្តាយខាងស្រីក៏បានទៅជួលតន្ត្រីសម័យ ទិញម្ហូបចុងភៅតាមការគួរ ហើយនៅវេលាម៉ោង៤រសៀលថ្ងៃទី១៧ វិច្ឆិកា ពិធីភ្ជាប់ពាក្យបានប្រព្រិត្តទៅយ៉ាងអធិកអាធម តែមិនឃើញឪពុកម្តាយខាងប្រុសមកនោះទេ ពេលសួរនាំទៅឈ្មោះ ខួច បានឆ្លើយថា ពួកគាត់មកជិតដល់ហើយ ។ នៅទីបំផុត ទើបដឹងថា ជននេះពិតជាបោកប្រាស់គ្មានការពិតអ្វីសោះក៏សំរេចចិត្តប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ