ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ប្រមូល​ប្រជាជន និង​ទាហាន​រាប់​សែន​នាក់ បើក​យុទ្ធនាការ​បោស​ព្រិល​នៅ​តាម​ផ្លូវ​ដែល​គ្របដណ្ដប់​កំពស់​ជាង​២​តឹក

16 ឆ្នាំ មុន

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ប្រមែប្រមូលមន្ដ្រីរាជការ ប្រជាជន និង​កងទ័ព មក​សំអាតព្រិល​នៅ​តាម​ដងផ្លូវ​នានា​នៅ​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​៥ មក​រា កន្លង​មក ខណៈ​ដែលសីតុណ្ហភាព​បាន​ធ្លាក់​ទៅ​ដល់​ចំណុច​ដក​២០អង្សា​សេ ។នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​តែ​មួយ គឺ​មាន​មន្ដ្រីរាជការ និង​អ្នក​ស្ម័គ្រចិត្ដ​ប្រហែល​៤៨.០០០ នាក់បាន​ចេញ​មក​ជួយ​គ្នា​ប្រមូល​ព្រិល​នៅតាម​ដងផ្លូវ ។

ចំណែក​ក្រសួង​ការពារ​ប្រទេសបាន​បង្ហើប​ឱ្យ​ដឹង​ថា មាន​ទាហាន​ប្រហែល១៩.០០០​នាក់ ត្រូវ​បាន​កេណ្ឌ​ឱ្យមក​ជួយប្រមូល​ព្រិល​នៅ​ទូ​ទាំង​ប្រទេស និង​មានបញ្ជូន​ឧទ្ធម្ភាគចក្រ​យោធា​ចេញ​ទៅ​ចែក ចាយ​ឧបករណ៍ សំលៀក​បំពាក់​ការពារ និង អាហារ​ដល់​ប្រជាជន​នៅ​តាម​ភូមិ​នៅ​ទី​ឆ្ងាយ​ផង​ដែរ ។

ក្រុម​ឧតុនិយម​កូរ៉េ​ខាងត្បូង​បាន​ផ្សាយ​ថា ព្រិល​បាន​ឈប់​ធ្លាក់​នៅ​ទីក្រុង​សេ​អ៊ូ​ល និងតំបន់​នៅ​ជុំវិញ​កាលពី​យប់​ថ្ងៃ​ទី​៤ មក​រា ប៉ុន្ដែនៅ​តំបន់ឆ្នេរ​ខាងលិច​ឆៀង​ខាងត្បូង​មានព្រិល​ធ្លាក់​យ៉ាង​ក្រាស់​ដល់​ទៅ​២១​សង្ទីម៉ែត្រ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ដល់​ព្រឹក​ថ្ងៃ​ទី​៥ មក​រា កន្លង​ទៅ ។

ក្រុម​ឧតុនិយម​បាន​បង្ហើប​ឱ្យ​ដឹង​ថា ព្រិលដែល​មានកំ​រាស់​២៨​សង្ទីម៉ែត្រ ក្នុង​ទីក្រុងសេ​អ៊ូ​ល កាលពី​ថ្ងៃ​ទី​៤ មក​រា កន្លង​មក គឺជាការ​ធ្លាក់​ព្រិល​យ៉ាង​ខ្លាំងក្លា​បំផុត​ចាប់តាំងពីឆ្នាំ​១៩៣៧ ដែល​កាល​ណោះ​សីតុណ្ហភាព​ក្នុងក្រុង​សេ​អ៊ូ​ល​ធ្លាក់​ដល់​ទៅ​ដក​១០,៤​អង្សា​សេ និង​ដល់​ទៅ​ដក​២០,៤​អង្សា​សេក្នុង​ទីក្រុងសូល​វ៉ុ​ង ស្ថិត​នៅ​ឆ្ងាយ​ពី​រាជធានី (​សេ​អ៊ូ​ល​) នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង​ប្រហែល​៥៨​គីឡូម៉ែត្រ ។

តាម​ទីភ្នាក់ងារ​យ៉​ន​ហាប់ បាន​ផ្សាយ​ឱ្យដឹង​ថា បុរស​ម្នាក់​អាយុ​ប្រហែល​៥០​ឆ្នាំ បានស្លាប់ ដោយសារ​ធ្លាក់​ពីលើ​ដំបូលផ្ទះ ខណៈ ពេល​ឡើង​ទៅ​បោស​ព្រិល និង​នៅ​កណ្ដាលក្រុង​ឈុ​ង​ជូ មាន​មាន់​ងាប់​ប្រហែល​៣.០០០ ក្បាល ព្រោះតែ​រោង​នៃ​កសិដ្ឋាន​ចិញ្ចឹម​មាន់នោះ​បាក់ ដោយសារ​តែ​ទទួល​ទំងន់​ព្រិល​មិនរួច ។