រាជធាភ្នំពេញ ៖ បុរសជនជាតិស្បែកខ្មៅចំនួន៩នាក់ ដែលជាប់សង្ស័យថា ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយប៉ូលិសខណ្ឌពោធិ៍សែនជ័យ និងប៉ូលិសប៉ុស្ដិ៍ចោមចៅ ដឹកនាំដោយលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចាប់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានគ្រឿងញៀនមួយចំនួនធំ និងកញ្ឆាក្រៀមមួយចំនួនទៀត ។
ការចាប់ខ្លួនជនជាតិស្បែកខ្មៅជាបន្តបន្ទាប់នោះ គឺក្រោយពេលកម្លាំងសមត្ថកិច្ចខាងលើ ធ្វើការស្រាវជ្រាវយូវមកហើយ។
ប្រតិបត្តិការនោះធ្វើឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៦ តុលា ឆ្នាំ២០១៤ នៅក្នុងបុរីមួយ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសមត្ថកិច្ចឲ្យដឹងថា មុនឃាត់ខ្លួន កម្លាំងបានធ្វើការស្រាវជ្រាវ និងតាមដានសកម្មភាពក្រុមជនជាតិស្បែកខ្មៅទាំងនោះ ព្រោះសង្ស័យថា មានជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀន។ ក្រោយពេលបើកការស្រាវជ្រាវ ក៏កំណត់មុខសញ្ញាបាន ហើយរហូតដល់វេលាយប់ថ្ងៃកើតហេតុខាងលើកម្លាំងបានធ្វើការឃាត់ខ្លួនបានម្នាក់ នៅម្ដុំផ្សារតាប៉ាង ស្ថិតក្នុងសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ ដែលនៅក្នុងខណៈនោះដកហូតបានគ្រឿងញៀនមួយកញ្ចប់ធំ ដែលជននេះដាក់ជាប់ខ្លួនចេញធ្វើសកម្មភាពជួញដូរតែម្ដង ។
ប្រភពដដែលបន្តថា ក្រោយពេលឃាត់ខ្លួន កម្លាំងបាននាំជននោះទៅសាកសួរ ដឹងសាច់រឿងជាច្រើន ទើបបន្តទៅធ្វើការឆែកឆេរផ្ទះ២កន្លែងទៀត ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព









ចែករំលែកព័តមាននេះ