ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍ព័ត៌មានពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តបាត់ដំបងបានឱ្យដឹងថា នៅវេលាម៉ោងប្រហែលជាងម៉ោង៩យប់ ថ្ងៃទី២២ តុលា ២០១៤ នេះមានមនុស្សមួយក្រុម ដែលគេដឹងថា ដឹកនាំដោយអភិបាលរងខេត្តបាត់ដំបងម្នាក់ និង អភិបាលរងស្រុកបាណន់ម្នាក់បានជិះរថយន្តចំនួន៣គ្រឿងមកប៉ុនប៉ងធ្វើសកម្មភាពជីកយកកំណប់នៅសំណង់ទី១ នៃអាងកំពីងពួយ ដែលស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបានណន់ ខេត្តបាត់ដំបង ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពដែលបានចុះទៅយកព័ត៌មាន និងផ្តិតយករូបភាពដល់ន្លែងកើតហេតុទាំងយប់ បានឱ្យដឹងថាមនុស្សមួយក្រុមខាងលើនេះបានគាស់ក្តារ តូបរបស់អាជីវករលក់ដូរ អាហារដែលមានចម្ងាយពីសំណង់ទី១ អាងកំពីងពួយប្រហែល៥០ ម៉ែត្រ ដោយបានធ្វើសកម្មភាពជីក កកាយដីក្រោមតូប នោះបានទំហំ ២ម៉ែត្រ គុណនិង ៣ម៉ែត្រ ជម្រៅកន្លះម៉ែត្រ ។ ហើយពេលនេះគេឃើញមានកម្លាំងសមត្ថកិច្ចស្រុកបាណន់ និង សមត្ថកិច្ចខេត្ត ជាច្រើននាក់ ដែលមានការបញ្ជាផ្ទាល់ ពីលោកស្នងការនគរបាលខេត្ត ឱ្យចុះមកយាម និងការពារទីតាំងកើតហេតុខាងលើពេញមួយយប់ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មនុស្សមួយក្រុមខាងលើនេះបានមកប៉ុនប៉ងជីកយកកំណប់នៅសំណង់ទី១ នៃអាងកំពីងពួយនេះមានរយៈពេលជាងមួយអាទិត្យមកហើយ ។ សមត្ថកិច្ចបានបន្តឱ្យដឹងថា មនុស្សមួយក្រុមខាងលើនេះអាចនឹងព្យាយាមប៉ុនប៉ងមកជីកយកកំណប់ទីតាំងខាងលើ នៅវេលាអធ្រាត្រនេះបន្តទៀត ។
គួរបញ្ជាក់ផងដែរថា បើតាមការប្រាប់ឱ្យដឹងពីបុរសម្នាក់ ដែលគេជួលឱ្យមកដេកយាមទីតាំងជីករកកំណប់ខាងលើនេះបាននិយាយប្រាប់សមត្ថកិច្ចថា មុននឹងឈានមកជីកកកាយ រកកំណប់នេះគឺមានមន្រ្តីស៊ីម៉ាកមកជួយរាវទីតាំងខាងលើនេះផងដែរ ។
ចែករំលែកព័តមាននេះ