ខេត្តកំពង់ចាម ៖ ច្រាំងទន្លេមេគង្គត្រង់ចំណុចមុខសណ្ឋាគារមេង្គ ស្ថិតនៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកពង់ចាម ត្រូវគេសង្កេតឃើញបាក់ស្រុតខ្លាំងមានជំរៅប្រមាណ៣០ម៉ែត្រ និងបណ្តោយជាង២០០ម៉ែត្រ ធ្វើឲ្យសំណង់អគារកំពង់ផែទ្រេត និងប្រេះស្ទើរស្រូបយកចូលទៅក្នុងទន្លេ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ តុលា ២០១៤ រហូតដល់ពេលរសៀលត្រូវបានអាជ្ញាធរខេត្ត រួមជាមួយស្ថាប័នជំនាញ ក្រសួងឧតុនិយម និងធនធានទឹកចុះទៅពិនិត្យជាបន្ទាន់ដើម្បីជៀសវាងកុំឲ្យកើតមានមហន្តរាយធំធេង ។
លោកម៉ៅ ហាក់ អគ្គនាយករងកិច្ចការបច្ចេកទេសក្រសួងឧតុនិយ និងធនធានទឹកបានមានប្រសាសន៏ឲ្យដឹងថា តាមរយៈការដែលរូបលោកចុះទៅវាស់មើលឃើញថា ចាប់ពីមាត់ទឹកចំងាយ១០ម៉ែត្រពីច្រាំង ទឹកមានជំរៅជិត២០ម៉ែត្រ ហើយការបាក់ច្រាំងទន្លេនេះអាចមកពីមានសំណង់ច្រាំងទន្លេផ្នែកខាងលើត្រូវបានគេធ្វើរួចរាល់រឹងមាំ ម្យ៉ាងទៀតដោយសារតែក្បាលកោះដាច់ដុះវែងនោះត្រង់ផ្នែកកណ្តាលវារាងដូចស្នូកអណ្តើកជាហេតុធ្វើឲ្យចរន្តទឹកទន្លេត្រូវហូរចែកចេញជាពីរធ្វើឱ្យបាក់ច្រាំងសងខាងផងដែរ ។
លោកម៉ៅ ហាក់ អគ្គនាយករងកិច្ចការបច្ចេកទេស មានប្រសាសន៏បន្តថា នៅពេលដែលរូបលោកពិនិត្យរួចឃើញថា ផលប៉ះពាល់មានជាង២០០ម៉ែត្រ ប្រសិនបើមិនមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះនឹងអាចប៉ះពាល់ដល់សំណង់ផ្ទះប្រជាពលរដ្ឋនៅតាមជួរដងទន្លេមេគង្គត្រើយខាងលិចក្រុងកំពង់ចាមជាក់ជាមិនខាន ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ