ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន ដា​វី​ន និង វ៉​ន វី​វ៉ា រៀប​ផែនការ​គ្រួសារ​ក្រោយ​ភ្ជាប់ពាក្យ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មាន​អាជីព​ដោយឡែក​រៀងខ្លួន​ទៅ​ហើយ​ក៏​ដោយ ក៏​គូស្នេហ៍​ល្បីល្បាញ​ក្នុង​ពិភព​កីឡា​ដូច​គ្នា គឺ​អ្នក​ប្រដាល់ វ៉​ន វី​វ៉ា និង​ជើងឯក​តេ​ក្វា​ន់​ដូ នាង​ស៊ន ដា​វី​ន នៅ​តែ​ត្រូវការ​អាជីព​បន្ថែម ។ ជា​ពិសេស​ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ ត្រូវការ​រៀបចំ​ផ្លូវ​ជីវិត ក្នុង​នាម​ជា​ស្វាមីភរិយា​ស្រប​តាម​ប្រពៃណី ក្នុង​ពេល​ដ៏​ខ្លី​បែប​នេះ ។

រាជធានី​ភ្នំពេញ ៖  បើ​ទោះជា​មាន​អាជីព​ដោយឡែក​រៀងខ្លួន​ទៅ​ហើយ​ក៏​ដោយ ក៏​គូស្នេហ៍​ល្បីល្បាញ​ក្នុង​ពិភព​កីឡា​ដូច​គ្នា គឺ​អ្នក​ប្រដាល់ វ៉​ន វី​វ៉ា និង​ជើងឯក​តេ​ក្វា​ន់​ដូ នាង​ស៊ន ដា​វី​ន នៅ​តែ​ត្រូវការ​អាជីព​បន្ថែម ។ ជា​ពិសេស​ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ ត្រូវការ​រៀបចំ​ផ្លូវ​ជីវិត ក្នុង​នាម​ជា​ស្វាមីភរិយា​ស្រប​តាម​ប្រពៃណី ក្នុង​ពេល​ដ៏​ខ្លី​បែប​នេះ ។

អ្នកស្រី សួន ចាន់​ធី វ័យ​៥៦​ឆ្នាំ ម្ដាយ​របស់​ស៊ន ដា​វី​ន មាន​ប្រសាសន៍​ថា ក្រោយ​ភ្ជាប់ពាក្យ​កូនស្រី​ឱ្យ​កីឡាករ វ៉​ន វី​វ៉ា កាលពី​ថ្ងៃ​ទី​១២ តុលា អ្នកស្រី ក៏​ដូច​ជា​ក្រុម​គ្រួសារ កំពុង​គិតគូរ​យ៉ាង​ខ្លាំង ដើម្បី​កំណត់​ឱ្យ​អ្នក​ទាំង​ពីរ​ទទួល​បាន​អាជីព​ថ្មី​បន្ថែម​ជា​ដាច់ខាត នៅ​មុន​ពេល​រៀប​ការ ឬ​ក្រោយ​ពេល​រៀប​ការ​ខាង​មុខ ។ អ្នកស្រី​មាន​គម្រោង​រៀប​ការ​ឱ្យ​អ្នក​ទាំង​ពីរ​នៅ​ចន្លោះ​ខែមករា និង​ខែមីនា នា​ឆ្នាំ​ក្រោយ ខណៈ​ដែល​ពេលវេលា​ជាក់លាក់ គឺ​អាស្រ័យ​លើ​ការ​គន់គូរ​របស់​លោក​អាចារ្យ ។ អ្នកស្រី​មាន​ប្រសាសន៍​ថា ពួក​យើង​បាន​ជជែក​គ្នា​រួច​ហើយ​ថា យ៉ាង​ហោច​៣​ខែ​ក្រោយ​ភ្ជាប់ពាក្យ ទើប​ខាង​ខ្ញុំ​អាច​រៀប​ចាត់ចែង​រៀប​ការ​ឱ្យទាន់ ហើយ​បើ​ទោះជា​លឿន​ណាស់​ក៏​ត្រូវ​តែ​រៀបចំ​ក្នុង​ខែមករា ឆ្នាំ​២០១៥ ដែរ គឺ​មិន​អាច​ធ្វើ​ក្នុង​ឆ្នាំ​២០១៤​នេះ​ទេ ។ ក្នុង​ដំណាក់​កាលដែល​វ៉​ន វី​វ៉ា និង​ស៊ន ដា​វី​ន នៅ​ជា​គូ​ដណ្ដឹង អ្នកស្រី​ប្រាប់​ថា អ្នក​ទាំង​ពីរ​មិន​អាច​ជិះសេះ​លែងដៃ ឬ​នៅ​តែ​ផ្ទះ​បន្ទំ​សាច់ ដូច​គូស្នេហ៍​ក្នុង​ត្រកូល​អ្នកមាន​នោះ​ទេ គឺ​ត្រូវ​តែ​ប្រឹងរក​ប្រាក់​ទាំង​២​នាក់​តែ​ម្ដង ដើម្បី​ធ្វើ​ជា​ទុន ទុក​ផ្លាស់​ប្ដូរ​អាជីព ឬ​បង្កើត​ជំនាញ​អ្វីមួយ ជំនួយ​ឱ្យ​អាជីព​កីឡា ឬ​បន្ថែម​លើ​អាជីព​ដែល​មាន​ស្រាប់ ។

អ្នកស្រី​ប្រាប់​ថា ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន វ៉​ន វី​វ៉ា នៅ​មិន​ទាន់​មាន​លំនឹង​នោះ​ទេ ដ្បិត​អាជីព​ប្រដាល់​មិន​ខុស​ពី​ទឹកនាច​ទឹកជោរ ដែល​ភាគច្រើន​គឺ​បាន​តែ​ល្អមើល តែ​មិន​សល់​លុយកាក់ ។ អ្នកស្រី​នៅ​មិន​ទាន់​ប្រាកដ​ពី​ផែនការ​ដែល វ៉​ន វី​វ៉ា ចាប់​យក​នៅ​មុន​ពេល​រៀប​ការ​នៅឡើយ​ទេ ប៉ុន្តែ​ជា​ជំហាន​នៃ​ការ​ពិភាក្សា គឺ​លោក​ដាច់ខាត​ត្រូវ​តែ​ទទួលយក​ការ​បណ្ដុះបណ្ដាល​ក្នុង​ជំនាញ​ណាមួយ ដែល​អាច​ធ្វើការ​បន្ថែម ឬ​បើក​ជា​របរ​ខ្លួនឯង នៅ​ក្រោយ​ពេល​រៀប​ការ ។ អ្នកស្រី​មាន​ប្រសាសន៍​ថា បើ​ពឹង​លើ​ការ​ប្រដាល់ គឺ​មិន​អាច​ចិញ្ចឹម​គ្នារ​ស់បាន​ទេ អុ​ី​ចឹ​ង​ហើយ​ទើប​ពួក​យើង​លើកទឹកចិត្ត​ឱ្យ វ៉​ន វី​វ៉ា ខំប្រឹង​រក​ប្រាក់ និង​ចាប់​យក​ជំនាញ​ណាមួយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ធ្វើ​ជា​អាជីព​ក្រោយ​ពេល​រៀប​ការ ។ វ៉​ន វី​វ៉ា នឹង​អាច​ជំរុញ​ឱ្យ​រៀន​ជំនាញ​ជាង ឬ​ឯកទេស​ងាយ​ៗ តែ​រក​ប្រាក់​ស្រួល ។ ហេតុនេះ ទើប​អ្នកស្រី​កំណត់​ឱ្យ​លោក វ៉​ន វី​វ៉ា និង​ស៊ន ដា​វី​ន រួម​គ្នា​ពី​ឥឡូវ​រក​ប្រាក់ ដើម្បី​ទុកជា​ទុន​បើកមុខ​របរ​ថ្មី ដែល​ស្រួល​ជាង​អាជីព​សព្វថ្ងៃ ។ ទោះជា​យ៉ាងណា អ្នកស្រី​ប្រាប់​ថា នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មាគ៌ា​ដែល​វ៉​ន វី​វ៉ា ត្រូវ​ជ្រើស​យក​នៅឡើយ​ទេ ក្នុង​ពេល វ៉​ន វី​វ៉ា ខ្លួនឯង​នៅ​មិន​ទាន់​សម្រេចចិត្ត​ទទួលយក​ជំនាញ​អ្វីមួយ​នៅឡើយ​ដែរ ទោះ​មានការ​ពិភាក្សា​បែប​នេះ​ក្តី ។ អ្នកស្រី​ប្រាប់​ថា វ៉​ន វី​វ៉ា មិន​បោះបង់​ការ​ប្រដាល់​នោះ​ទេ ហើយ​បើ​ទោះជា​ក្រោយ​រៀប​ការ លោក​ប្រដាល់​លែង​កើត ក៏​អាច​ចាប់​យក​អាជីព​ជា​គ្រូបង្វឹក ឬ​ជា​មន្ត្រី​ក្នុង​ផ្នែក​សហព័ន្ធ​កីឡាប្រដាល់​ដែរ ប្រសិនបើ​លោក​ស្រឡាញ់​ពេញចិត្ត ។

ចំពោះ ស៊ន ដា​វី​ន ជា​កូនស្រី​វិញ ក៏​ត្រូវ​តែ​មាន​អាជីព​មួយ​បន្ថែម​ដូច​គ្នា​ផង​ដែរ បើ​ទោះជា​នាង​បាន​ក្លាយជា​គ្រូ​កីឡា​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ប្រចាំ​វិទ្យាល័យ​ឫស្សី​កែវ​នា​ពេល​ថ្មី​ៗ និង​បាន​ប្រឡូក​ជា​គ្រូបង្វឹក​ផ្នែក​តេ​ក្វា​ន់​ដូ​ដែល​មាន​ចំណូល​គួរសម​ខ្លះមក​ហើយ​ក្តី ។ អ្នកស្រី​បញ្ជាក់​ថា ក្នុង​នាម​គ្រួសារ​មិនមែន​ជា​អ្នកមាន ដាច់ខាត​ត្រូវ​តែ​ស្វះស្វែង​គូសវាស​ជោគវាសនា​ឱ្យ វ៉​ន វី​វ៉ា ជា​អនាគត​កូនប្រសា និង​ស៊ន ដា​វី​ន ដែល​ជា​កូនស្រី​នៅ​មុន​ថ្ងៃ​រៀប​ការ ។ អ្នកស្រី​ពោល​ថា ៖ «​បើ​និយាយ​ពី​ចំណេះ និង​ទ្រព្យសម្បត្តិ ខ្ញុំ​គិត​ថា វ៉​ន វី​វ៉ា គ្នា​អត់​មាន​ទេ អីុ​ចឹ​ង​ហើយ​ទើប​ខ្ញុំ​គិតគូរ​ឱ្យ​គេ ថា​ត្រូវ​តែ​មាន​ជំនាញ​មួយ រីឯ ស៊ន ដា​វី​ន ប្រហែលជា​ឱ្យ​រកស៊ី​តិចតួច​បន្ថែម ដើម្បី​កុំឱ្យ​ពិបាក​នៅ​ក្រោយ​ពេល​រៀប​ការ​» ។

ស៊ន ដា​វី​ន និង​វ៉​ន វី​វ៉ា បើកចំហ​ស្នេហា​ប្រមាណ​ជាង​មួយ​ឆ្នាំ​មក​ហើយ មុន​ពេល​សម្រេចចិត្ត​ភ្ជាប់ពាក្យ​តាម​ប្រពៃណី ដែល​កាន់តែ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍ ។ ក្នុងឆ្នាំនេះ វ៉​ន វី​វ៉ា មាន​អាយុ​៣៤​ឆ្នាំ ឯ ស៊ន ដា​វី​ន កីឡាការិនី​ល្បីឈ្មោះ និង​ជា​បងស្រី​បង្កើត​របស់ ម្ចាស់​មេដាយមាស ស៊ន សៀវ​ម៉ី នោះ មាន​អាយុ​២២​ឆ្នាំ ។ អ្នកស្រី សួន ចាន់​ធី ប្រាប់​ថា អ្នក​ទាំង​ពីរ​មាន​ឆ្នាំ​កំណើត​ដូច​គ្នា ហើយ​មាន​អាយុ​បងប្អូន​គ្នា​១២​ឆ្នាំ ៕