ខេត្តតាកែវ ៖ ឪពុកចិត្តតិរច្ឆានម្នាក់ ត្រូវបាននគរបាលស្រុកសំរោង ចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ប្រពន្ធដែលចោទប្រកាន់ពីបទចាប់រំលោភសេពសន្ថវៈកូនស្រីបង្កើតរហូតមានផ្ទៃពោះតាំងពីដើមឆ្នាំ២០១៤កន្លងទៅ ខណៈពេលដែលគាត់ជាប្រពន្ធមិននៅផ្ទះ ។ ក្រោយមកដោយសារឃើញកូនស្រីមានផ្ទៃពោះកាន់តែធំ អត់មានប្តីនោះ ទើបគាត់ជាម្តាយក៏បានជជីកសួរនាំច្រើនដង ទើបកូនស្រីនិយាយប្រាប់ថា «ម៉ែអើយ… ពុកជាអ្នកចាប់រំលោភកូនជាច្រើនដង»។
នៅពេលបានទទួលចម្លើយរបស់កូនបែបនេះ ស្ត្រីជាម្តាយទៅប្តឹងប៉ូលិសប៉ុស្តិ៍ឱ្យចាប់ប្តីតែម្តង ។ ហេតុការណ៍ប៉ូលិសចាប់ខ្លួនឪពុកចិត្តតិរច្ឆាន រំលោភកូនស្រីរហូតមានផ្ទៃពោះ៨ខែនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ តុលា ស្ថិតនៅក្នុងភូមិដីក្រហម ឃុំសំរោង ស្រុកសំរោង ។ លោក មឿង សារុន អធិការនគរបាលស្រុកសំរោងបានឱ្យដឹងថា ឪពុកតិរច្ឆានដែលចាប់រំលោភកូនស្រីរបស់ខ្លួនរហូតមានផ្ទៃពោះ៨ខែនេះឈ្មោះ ទិត្យ ប៊ុនថន អាយុ៤៣ឆ្នាំ ប្រពន្ធអាយុ៤២ឆ្នាំ មានកូនចំនួន៣នាក់នៅក្នុងបន្ទុក។ ចំណែកកូនស្រីរងគ្រោះ អាយុ១៥ឆ្នាំ ។
លោកអធិការស្រុកបានបន្តទៀតថា នៅក្នុងពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយបានរៀបរាប់ថា កាលពីខែមីនា ២០១៤ កន្លងទៅ គាត់បានទៅបុណ្យនៅផ្ទះបងប្អូននៅក្នុងភូមិ ដោយទុកឱ្យកូនស្រីនៅចាំផ្ទះជាមួយឪពុករបស់គេ នៅពេលនោះឪពុកចិត្តតិរច្ឆានបានចាប់រំលោភសេពសន្ថវៈចំនួន២ដង និងបានគំរាមសម្លាប់ចោល ប្រសិនបើហ៊ាននិយាយប្រាប់គេឯង ។ ក្រោយមកស្ត្រីជាម្តាយបានសម្គាល់មើលសភាពកូនស្រីខុសប្លែកពីធម្មតានោះ ក៏ចេះតែដេញដោលសួរនាំ តែកូនមិនព្រមនិយាយប្រាប់ទេ ព្រោះឪពុកតិរច្ឆាននោះចេះតែគំរាមសម្លាប់គ្រប់ពេលគ្រប់មាត់ ។ ក្រោយមកដោយសារម្តាយចេះតែជជីកសួរ ទើបកូនស្រីដាច់ចិត្តនិយាយប្រាប់ពីដំណើររឿង ទើបម្តាយប្តឹងប៉ូលិសប៉ុស្តិ៍ ។
ទោះបីជាដៃជាប់ខ្នោះ និងមានពាក្យបណ្តឹងរបស់ស្ត្រីជាប្រពន្ធចោទប្រកាន់បែបណាក៏ដោយ ក៏បុរសជាប្តីចិត្តតិរច្ឆាននេះ នៅតែមិនព្រមសារភាពដែរ ។ លោកវរសេនីយ៍ទោ សែម សុផាត នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា សាក្សីគឺស្ត្រីជាប្រពន្ធ និងកូនស្រីរងគ្រោះមានផ្ទៃពោះ៨ខែ ។ ទោះបីជាជនល្មើសមិនព្រមសារភាពក៏ដោយ ក៏អត់មានបញ្ហាអ្វីដែរ ។ នៅថ្ងៃទី១៥ តុលា សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ អត់មានច្រិមច្រុមឡើយ ៕
ចែករំលែកព័តមាននេះ