រាជធានីភ្នំពេញ ៖ កន្លងមកគេដឹងត្រឹមតែហេតុផលមួយប៉ុណ្ណោះថា លោកអេ ភូថង មានបំណងឱ្យកូនស្រីរបស់ខ្លួនបំភ្លេចការប្រដាល់ ដើម្បីងាកទៅរកការសិក្សាឱ្យបានជាប់លាប់។ ប៉ុន្តែក្នុងបទសម្ភាសន៍មួយថ្មី បានធ្លាយចេញមូលហេតុថា លោកអេ ភូថង ក៏ធ្លាប់ជំរុញឱ្យកូនស្រីលុកលុយក្នុងអាជីពនេះដែរ ប៉ុន្តែមកពីនាងបំពេញមិនបាននូវលក្ខន្តិកៈក្នុងនាមជាកីឡាការិនី ទើបលោកខឹងចិត្ត ក៏ឱ្យលាឈប់តែម្ដង ។
អ្នកស្រីសាំង សុម៉ាលី ភរិយារបស់លោកអេ ភូថង និយាយថា បើទោះជា អេ យ៉ានុត ជាកូនស្រីតែម្នាក់ ប៉ុន្តែអ្នកស្រី និងស្វាមីមិនដែលរើសអើងចំពោះអាជីពប្រដាល់ ហើយបង្ខំឱ្យនាងបោះបង់នោះទេ ដោយមានតែជំរុញឱ្យនាងប្រឹងប្រែងនាពេលកន្លងមកផង ។ ជាក់ស្ដែងក្នុងពេល អេ យ៉ានុត ឡើងប្រកួត លោកអេ ភូថង ក្រៅពីមិនជំទាស់ គឺថែមទាំងជំរុញ និងលើកទឹកចិត្តឱ្យនាងស្ទុះស្ទាកាន់តែខ្លាំង ។ អញ្ចឹងហើយទើបភាគច្រើនណាស់ដែលលោកបង្ហាញខ្លួននៅរេញប្រដាល់ក្នុងពេល អេ យ៉ានុត ឡើងប្រកួត ដើម្បីជួយប្រាប់តិចនិកវាយទៅលើគូប្រកួត ។ មានហេតុផលតែមួយគត់ដែលធ្វើឱ្យអតីតកីឡាករល្បីឈ្មោះរូបនេះប្ដូរជំហរ ហើយបង្ខំឱ្យកូនស្រីលាឈប់ការប្រដាល់ នោះគឺមកពី អេ យ៉ានុត មិនអនុវត្តតួនាទីអាជីព ហើយធ្វើឱ្យលោកអាម៉ាស់មុខ ។
អ្នកស្រីសាន សុម៉ាលី និយាយថា ៖ «ប្ដីខ្ញុំកន្លងមក ទោះជាមានការជំទាស់ពីឪពុកម្ដាយមិនឱ្យ អេ យ៉ានុត ឡើងប្រដាល់ ក៏គាត់ជំរុញកូនស្រីដែរ ព្រោះស្រឡាញ់អាជីពហ្នឹង ប៉ុន្តែមកពី អេ យ៉ានុត ធ្វើឱ្យគាត់ខ្មាសគេ ទើបខឹងឱ្យឈប់ប្រដាល់តែម្ដង!» ។ បញ្ហានោះ គឺបណ្ដាលមកពី អេ យ៉ានុត ឡើងវ៉ៃប៉ុន្មានលើកចុងក្រោយមិនប្រឹងប្រែងហាត់ទាល់តែសោះ ដែលទំនងមកពីនាងសំអាងថា បានបង្វឹកសិស្សក្នុងក្លិបរាល់ថ្ងៃ គឺមិនចាំបាច់ហ្វឹកហាត់ខ្លួនឯងក៏បាន ។ អ្នកស្រីបន្តថា លទ្ធផលបរាជ័យប៉ុន្មានលើកចុងក្រោយរបស់ អេ យ៉ានុត បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់លោកអេ ភូថង និងក្លិបប្រដាល់យ៉ាងខ្លាំង ទើបត្រូវតែបញ្ឈប់នាងកុំឱ្យមានការរិះគន់ ។ និយាយរួម អេ យ៉ានុត ចង់ឡើងវ៉ៃ ប៉ុន្តែមើលទៅកូនស្រីរូបនេះខ្ជិលហាត់ណាស់ ហើយការប្រដាល់មិនមែនហេងសុទ្ធតែឈ្នះឯណា អញ្ចឹងហើយទើបប្ដីអ្នកស្រីខឹងលែងឱ្យប្រដាល់តែម្ដង ព្រោះគិតមើលឪពុកបើកក្លិបបុ៉នណាបុ៉នណី ហើយកូនឡើងប្រដាល់ប៉ាតណាប៉ាតណី ម៉េចនឹងកើត ។
អ្នកស្រីប្រាប់ថា សម្រាប់អ្នកស្រីនៅតែមានបំណងឱ្យកូនបន្តការប្រកួត ទោះជានាងជានារី និងកាន់តែធំពេញវ័យនោះក៏ដោយ ។ ហេតុផលនោះ គឺចង់ឱ្យនាងស្គាល់ការលំបាកក្នុងការរកប្រាក់ និងចេះផ្គត់ផ្គង់ដោយខ្លួនឯង ប៉ុន្តែតាមមើលលោកអេ ភូថង មិនអាចបណ្ដោយឱ្យនាងបន្តការប្រដាល់ទៀតទេ ក្នុងពេលដែលលោកទាមទារឱ្យនាងហ្វឹកហាត់ឱ្យជាប់លាប់កន្លងមកគឺនាងចេះតែផ្គើន ហើយធ្វើឱ្យលោកអាម៉ាស់មុខ ទៅចាញ់គូប្រកួតដែលសុទ្ធតែធ្លាប់ឈ្នះបែបនេះ។ អ្នកស្រីនិយាយថា ៖ «មើលទៅយ៉ានុត លែងបានប្រដាល់ច្រើនជាង ព្រោះពេលនេះប៉ាវាហាមដាច់ខាតឱ្យឈប់តែម្ដង ហើយឪពុកម្ដាយពួកខ្ញុំទាំងសងខាង ក៏ហាមដូចគ្នា! ម្យ៉ាងពេលនេះ យ៉ានុត ប៉ាវាឱ្យទៅរៀនខាងជាងអ៊ុតសក់ជាងមួយខែហើយ គឺមិនឱ្យមករវីរវល់រឿងប្រដាល់វិញទេ ព្រោះដឹងថាបើឱ្យបន្តការប្រដាល់ ក៏មើលទៅមិនសូវស្វិតស្វាញ!» ។ អ្នកស្រីប្រាប់ថា ទោះជាលោកអេ ភូថង មិនអាចហាមឃាត់កូនស្រីដល់ទឹកចុងក្រោយ ក៏ការប្រដាល់របស់នាង ស្ថិតក្នុងសភាពពិបាកបកក្រោយច្រើនជាង ដោយសារពេលនេះនាងនៅរៀនថ្នាក់ទី៨ នៅឡើយ ដែលមានន័យថា ទម្រាំចប់បាក់ឌុប គឺដល់ពេលរៀបចំគ្រួសារ ឬត្រូវមានអាជីពថ្មីខាងផ្នែកអ៊ុតសក់បាត់ទៅហើយ។
អ្នកស្រីបញ្ជាក់ថា ៖ «យ៉ានុត បើឱ្យប្រដាល់ទៀត ក៏មិនកើតដែរ ព្រោះកូនហ្នឹងមិនសូវចង់ហ្វឹកហាត់ទេ ចង់គឺបានតែចង់ប៉ុណ្ណោះ ប៉ុន្តែអ្នកកីឡាមិនអាចអញ្ចឹងបានទេ ព្រោះបើឡើងចាញ់ៗ គេរិះគន់ណាស់ ពិសេសសម្រាប់អ្នកដែលមានឪពុកជាកីឡាករ និងជាម្ចាស់ក្លិបអញ្ចឹង!» ។ អ្នកស្រីកំពុងជំរុញឱ្យ អេ យ៉ានុត ងាកទៅរកការសិក្សា និងបំប៉នផ្នែកជំនាញអ៊ុតសក់ បន្ទាប់ពីមើលឃើញថា ការប្រដាល់ផ្នែកនារី ក៏រីកចម្រើនស្ដួចស្ដើងនៅកម្ពុជានោះ។ យ៉ាងណាមិញ អ្នកស្រីបានសម្ដែងការបារម្ភពីការប្រដាល់ផ្នែកនារី បន្ទាប់ពីកូនស្រី និងកីឡាការិនីមួយចំនួនបន្តលាឈប់ដោយគ្មានអ្នកចំណូលថ្មីបែបនេះ ៕
ចែករំលែកព័តមាននេះ