ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ការិនី​៤​នាក់​ក្នុង​ចំណោម​៩​នាក់​ចោទ​ប្រធាន​ក្រុម​ហ៊ុន​ចាប់​បង្ខាំង

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពល​ការិនី​៤​នាក់​ក្នុង​ចំណោម​៩​នាក់​បាន​ចោទប្រកាន់​ទៅ​លើ​ប្រធាន​ក្រុមហ៊ុន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ (MONEY CENTER) នាំ​ពលករ​ទៅ​ធ្វើការ​ក្រៅប្រទេស​ថា បាន​ចាក់សោ​ទ្វារ​បង្ខាំង​ពួក​នាង​ឱ្យ​នៅ​ក្នុង​ទីស្នាក់ការ​ក្រុមហ៊ុន​ទាំង​បំពាន ខណៈ​ពេល​ដែល​ពួក​នាង​ទាមទារ​យក​លុយ​ចំនួន​៣០០​ដុល្លារ​មក​វិញ

រាជធានី​ភ្នំពេញ ៖ ពល​ការិនី​៤​នាក់​ក្នុង​ចំណោម​៩​នាក់​បាន​ចោទប្រកាន់​ទៅ​លើ​ប្រធាន​ក្រុមហ៊ុន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ (MONEY CENTER) នាំ​ពលករ​ទៅ​ធ្វើការ​ក្រៅប្រទេស​ថា បាន​ចាក់សោ​ទ្វារ​បង្ខាំង​ពួក​នាង​ឱ្យ​នៅ​ក្នុង​ទីស្នាក់ការ​ក្រុមហ៊ុន​ទាំង​បំពាន ខណៈ​ពេល​ដែល​ពួក​នាង​ទាមទារ​យក​លុយ​ចំនួន​៣០០​ដុល្លារ​មក​វិញ ដែល​ពួក​នាង​បង់​ចូល​ក្រុមហ៊ុន​កាលពី​ពេល​កន្លង​មក ព្រោះ​ក្រុមហ៊ុន​មួយ​នេះ​គ្មាន​ច្បាប់ និង​មិន​គោរព​តាម​កិច្ចសន្យា ដោយ​យក​ពួក​នាង​ទៅ​លែង​ចោល​នៅ​ក្នុង​ប្រទេស​ថៃ ។

ប្រតិកម្ម​របស់​ពួក​នាង ត្រូវ​បាន ប្រធាន​ក្រុមហ៊ុន​ខាងលើ​ខឹងសម្បា ក៏​បាន​បញ្ជា​ឱ្យ​កូនចៅ​ចាក់សោ​បង្ខាំង​ពួក​នាង​តែ​ម្ដង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា នៅ​ក្នុង​បូ​រី​សំបួរមាស ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ពល​ការិនី​ដែល​បាន​អះអាង​ថា ត្រូវ​ក្រុមហ៊ុន​ខាងលើ​ចាក់ សោ​បង្ខាំង​នោះ​មាន ១-​ឈ្មោះ ផែន ដា​លី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ចាម ២-​ឈ្មោះ និ​ន ចាន់​នី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តតាកែវ ៣-​ឈ្មោះ អុល គី​ម​ឈ​ន អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ចាម និង​ទី​៤-​ឈ្មោះ ផា​ន់ ចាន់​ស៊ី​ដា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ចាម​។ ពួក​នាង​បាន​ចោទប្រកាន់​ប្រធាន​ក្រុមហ៊ុន​មុនី​សេន​ធឺ (MC) ឈ្មោះ ឈ​ន មុនី​រ័​ត្ន ថា បើក​ក្រុមហ៊ុន​អត់​ច្បាប់ និង​បោកប្រាស់ ព្រមទាំង​បាន​បង្ខាំង​ពួក​នាង​នៅ​ក្នុង​ទីស្នាក់ការ​ក្រុមហ៊ុន​នោះ​ទាំង​បំពាន ។

ពល​ការិនី​រំលឹក​ថា កាលពី​ទទួល​ពួក​នាង ក្រុមហ៊ុន​នេះ​អះអាង​ថា ខ្លួន​មានច្បាប់​ត្រឹមត្រូវ និង​ធានា​នាំ​ពួក​នាង​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ស្របច្បាប់ ព្រមទាំង​រក​ការងារ​ដែល​ល្អ​ៗ​ឱ្យធ្វើ និង​តម្រូវ​ឱ្យ​ពួក​នាង​បង់លុយ​សម្រាប់​ថ្លៃ​សេវា​រត់ការ​ផ្សេង​ៗ​ចូល​ក្រុមហ៊ុន​ចំនួន​៣០០​ដុល្លារ ។ នាង​និយាយ​ថា ពេល​នោះ​បន្ទាប់​ពី​ឮ​ថា ក្រុមហ៊ុន​មានច្បាប់​ត្រឹមត្រូវ ពួក​នាង​ក៏​បាន​ចំណាយ​លុយ​បង់​ឱ្យ​ដោយ​មិន​មានការ​តវ៉ា​អ្វី​ឡើយ ។ លុះ​ក្រោយមក​ពួក​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ​មែន ។ ប៉ុន្តែ​ពេល​ទៅ​ដល់ អ្វី​ៗ​មិន​ដូច​ជា​ការ​សន្យា​របស់​ក្រុមហ៊ុន​មួយ​នេះ​ឡើយ គឺ​ក្រុមហ៊ុន​នេះ​បាន​នាំ​ពួក​នាង​ទៅ​បំបរបង់​ចោល និង​ក្លាយទៅជា ជនអន្តោប្រវេសន៍​គ្មាន​ច្បាប់ ព្រោះ​ក្រុមហ៊ុន​ធ្វើ​លិខិតឆ្លងដែន​ឱ្យ ដែល​ពេល​នោះ​ពួក​នាង​មាន​គ្នា​១៤​នាក់ ហើយ​ក្រុមហ៊ុន​ប្រាប់​ថា រយៈពេល​២​ឆ្នាំ ទើប​ផុត​សុពលភាព ប៉ុន្តែ​ជាក់ស្ដែង​ក្រោយ​ពេល​ពួក​នាង​ទៅ​ដល់​ប្រទេស​ថៃ​បាន​ត្រឹម​១៤​ថ្ងៃ​ប៉ុណ្ណោះ លិខិតឆ្លងដែន​នោះ ក៏​អស់​សុពលភាព​។

ពួក​នាង​និយាយ​ប្រាប់​អ្នកកាសែត​ទៀត​ថា ពួក​នាង​បាន​ស្ថិត​នៅ​ជា​ជនអន្តោប្រវេសន៍​នៅ​ក្នុង​ប្រទេស​ថៃ ខ្លាច​មុខ​ខ្លាច​ក្រោយ​អស់​រយៈពេល​ជាង​១​ខែ ទើប​មានឱកាស​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ។ ក្រុម​ពល​ការិនី​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ ពួក​នាង​មាន​គ្នា​៩​នាក់​បាន​នាំ​គ្នា​មក​ទារ​លុយ​ចំនួន​៣០០​ដុល្លារ​ពី​លោក​ឈ​ន មុនី​រ័​ត្ន ដែល​ជា​ប្រធាន​ក្រុមហ៊ុន​នោះ​វិញ ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន​មួយ​នេះ មិន​ត្រឹមតែ​មិន​ព្រមឱ្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើ​ឱ្យ​បុគ្គលិក​ចាក់សោ​បង្ខាំង​ពួក​នាង​ថែម​ទៀត ។ នាង​ថា ខណៈនោះ​ពួក​នាង​៥​នាក់់​បាន​រត់​ចេញ​ទាន់ និង​៤​នាក់​រត់​មិន​ទាន់ ក៏​ត្រូវ​ជាប់​ឃុំ​នៅ​ក្នុង​ទីស្នាក់ការ​ក្រុមហ៊ុន​នោះ​តែ​ម្ដង ។ ប៉ូលិស​មូលដ្ឋាន​ឱ្យ​ដឹង​ថា នៅ​ពេល​ទទួល​បាន​បណ្ដឹង​ថា មានការ​បង្ខាំង​មនុស្ស​ខុសច្បាប់ កម្លាំង​ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ពេល​ទៅ​ដល់​ឃើញ​មាន​ពល​ការិនី​ចំនួន​៤​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ទីស្នាក់ការ​ក្រុមហ៊ុន​នោះ​មែន ដោយ​បិទទ្វារ​ចាក់សោ​ពី​ខាងក្រៅ​ទៀត​ផង​។ ខណៈនោះ​កម្លាំង​សមត្ថកិច្ច ក៏​កាត់​ផ្ដាច់​រំដោះ​ពល​ការិនី​ទាំង​៤​នាក់​ចេញ ទើប​ឃើញ​តំណាង​ក្រុមហ៊ុន​ម្នាក់​ទៅ​ដល់ និង​អះអាង​ថា ពួក​គេ​ប្រញាប់​ទៅ​ហូប​បាយ ហើយ​ឱ្យ​ពល​ការិនី​ទាំងនោះ​ចេញ​សិន តែ​ពួក​នាង​មិន​ព្រម​ចេញ ទើប​ចាក់សោ​តែ​ម្ដង​ទៅ ដើម្បី​ចេញ​ទៅ​ហូប​បាយ​មួយ​ភ្លែត​ប៉ុណ្ណោះ ពេល​ត្រឡប់​មក​វិញ​ឃើញ​សុទ្ធតែ​ប៉ូលិស​ទៅ​ហើយ ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ ប្រធាន​ក្រុមហ៊ុន​ស្របច្បាប់​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៧ កញ្ញា​ថា លោក​នឹង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ប្ដឹង​ក្រុមហ៊ុន​មួយ​នេះ ។ ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​និយាយ​ប្រាប់​គេ​ថា ក្រុមហ៊ុន​របស់​ខ្លួន ជា​សាខា​ក្រុមហ៊ុន​របស់​លោក ដើម្បី​យក​ប្រជាប្រិយភាព និង​ជា​ទំនុកចិត្ត​សម្រាប់​ពលករ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នេះ​ជា​ទ​ង្វើ​ល្មើសច្បាប់​មួយ​ដែល​មិន​អាច​អត់ឱន​ឱ្យ​បាន​ឡើយ ៕