ខេត្តប៉ៃលិន ៖ “ នំអន្សម” មានដើមកំណើតតាំងពីបុរមបុរាណមកម្លេះ នៅក្នុងប្រវត្តិនំប្រពៃណីខ្មែរ និង ត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះ នៅក្នុងពិធីបុណ្យប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និង ពិធីបុណ្យសាសនាមួយចំនួនទៀត ។
ទាក់ទិនទៅនឹងនំអន្សមនេះដែរ នៅក្នុងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ព្រះចៅអធិការវត្ត ព្រះនាម អ៊ា សុផន បានផ្តួចផ្តើមវេចនំអន្សមយក្សសិប្បនិម្មិតមួយ ដែលពុំធ្លាប់មានពីមុនមក ដោយមានបណោ្តយប្រវែង២.៧០ម៉ែត្រ វិមាត្រជិតកន្លះម៉ែត្រ មានទម្ងន់ជាង៥០០ទៅ៦០០គីឡូក្រាម ធ្វើអាចម៍រណាសើមៗ ដែលនំដ៏ធំនេះ គេមិនធ្លាប់ឃើញមាននៅក្នុងខេត្តប៉ៃលិនឡើយ ហើយបានវេចខ្ចប់ឡើងកាលពី០៦-០៧ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងបរិវេណវត្តតែម្តង ។ការវេចនំនេះធ្វើឡើងដោយមានការចូលរួមពីសំ ណាក់ លោក ព្រហ្ម រដ្ឋា ប្រធានការិយាល័យសិល្បៈភាពយន្ត នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការចូលរួមពីគណកម្មាការអាចារ្យជាច្រើននាក់ផងដែរ ។
ប្រភពព័ត៌មានពីលោក ព្រហ្ម រដ្ឋា ប្រធានការិយាល័យសិល្បៈភាពយន្ត នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៦ កញ្ញា ២០១៤ នេះថា នំអន្សមជ្រូកសិប្បនិម្មិតដ៏ធំ មិនមែនជានំពិតប្រាកដនោះឡើយ គឺជានំសិប្បនិម្មិតប៉ុណ្ណោះ ដែលការវេចខ្ចប់នំមួយនេះ មានសារសំខាន់ខ្លាំងណាស់ សម្រាប់ជាកេរតំណែលដល់កូនចៅខ្មែរជំនាន់ក្រោយ ពោលគឺ ទី១. ដើម្បីអភិរក្សនំអន្សមខ្មែរ កុំឱ្យមានការបាត់បង់សាបសូន្យទៅថ្ងៃខាងមុខ ទី២. បង្ហាញឱ្យក្មេងៗជំនាន់ក្រោយស្គាល់ពីរបៀបធ្វើនំអន្សម និង ឱ្យដឹងពីទំនៀមទម្លាប់ប្រពៃណីខ្មែរនៅរដូវភ្ជុំបិណ្ឌ ដែលគ្រួសារខ្មែរនីមួយៗ ត្រូវតែធ្វើនំនេះជារៀងរាល់ឆ្នាំ ។ ។
ព្រះតេជគុណ អ៊ា សុផន បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ក៏ដូចជាទូទាំងខេត្តប៉ៃលិនវេចខ្ចប់នំអន្សមជ្រូកសិប្បនិម្មិត ដ៏ធំមហិមានេះឡើង ដែលកំពុងតែល្បីល្បាញដល់ភូមិ ឃុំ ស្រុក នៅក្នុងខេត្តប៉ៃលិន ហើយសូម្បីតែភ្ញៀវទេសចរ មកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ដែលនិយមដើរធ្វើបុណ្យតាមវត្តនានា ក៏ចូលមកថតរូបនំអន្សមនេះយកទៅចែកកូនចៅនៅផ្ទះមើលដែរ ដោយម្នាក់ៗនាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនធ្លាប់ឃើញពីមុនមក ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ