រាជធានីភ្នំពេញ ៖ យុវជនម្នាក់មិនមានមុខរបរពិតប្រាកដ និងជាជនអនាថាចុះចោលផ្ទះសម្បែងត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួន កាលពីថ្ងៃទី១៥ កញ្ញា បន្ទាប់ពីរូបគេយកប្រាក់ដុល្លារខ្មោចទៅទិញម៉ូតូ ។
យុវជនរូប នោះឈ្មោះឡិន តែម អាយុ២៤ ឆ្នាំជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិក្បាលខ្ទិះ ឃុំបោះស្បូវ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានមកស្នាក់នៅផ្ទះជួលម្តុំភ្លើងស្តុបបូកគោ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនយុវជនខាងលើនោះ ត្រូវបានលោកអនុសេនីយ៍ទោរស់ ស៊ីណា ប្រធានផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឲ្យដឹងថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ កញ្ញា សមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិត បានឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះឡិន តែម នៅផ្លូវលេខ២៣២កែង៩៣ និងដកហូតប្រាក់ដុល្លារសែនខ្មោចមួយថង់ចំនួន៧.៥០០ដុល្លារ ។
លោក រស់ ស៊ីណា បន្តថាបានជាមានការឃាត់ខ្លួនយុវជនរូបនោះ យោងលើបណ្តឹងប្រជាពលរដ្ឋតាមទូរស័ព្ទថា ជនសង្ស័យបានដើរចូលក្រុមហ៊ុន(OMC)ដែលមាន អាសយដ្ឋានជិតកាច់ជ្រុងភ្លើងស្តុបអតីតពេទ្យចិន ដោយបានសួររកទិញម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ផ្កាឈូកលាយក្រហម ស៊េរី២០១៣ ដែលមានតម្លៃពិតប្រាកដ១.៣៩០ដុល្លារ ។ ពេលយុវជននោះមើលម៉ូតូត្រូវហើយ គេបានដកប្រាក់ពីស្បោងយួរមួយរាប់ឲ្យក្រុមហ៊ុន ពេលនោះក្រុមហ៊ុនពិនិត្យទៅឃើញថា ប្រាក់ទាំងអស់សុទ្ធតែជាក្រដាស់ដុល្លារខ្មោចទើបក្រុមហ៊ុនគេមិនលក់ ម៉ូតូឲ្យ និងប្រគល់ប្រាក់នោះឲ្យជនសង្ស័យវិញ ថែមទាំងដេញឲ្យចេញពីក្រុមហ៊ុនផង ។ ពេលយុវជននោះចេញផុតបានបន្តិច កំលាំងសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតដឹកនាំដោយលោកអនុសេនីយ៍ទោប៉ាត សំណាត នាយប៉ុស្តិ៍ បានចេញប្រតិបត្តិការក្របួចបានភ្លាម។
នៅ ចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍ យុវជនឈ្មោះឡិន តែម បានសារភាពថា ប្រាក់ដុល្លារខ្មោចនោះត្រូវបានជនមិនស្គាល់មុខយកទៅទម្លាក់ចោលលើ ប៉ៅអ៊ី ពេលខ្លួនភ្ញាក់ពីដំណេកស្មានថា លុយពិតប្រាកដក៏យកទៅទិញម៉ូតូ ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ