ឧត្តរមានជ័យ ៖ ជនសង្ស័យជាមុខសញ្ញាយ៉ាងសកម្មម្នាក់ ពូកែខាងលួចកាត់ខ្សែភ្លើងតាមផ្ទះ និងតាមដងផ្លូវ ត្រូវបានប៉ូលិសក្រុងសំរោងក្របួចបាន នៅវេលាម៉ោង១៣.១០នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិបូរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យឈ្មោះ មុត មេត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិគោករំដួល(ចំណុចដី៥ម៉ែត្រ)សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោក វរសេនីយ៍ឯក ហម ភិរម្យនគរបាលក្រុងសំរោង បានចាត់លោកវរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ដឹកនាំកម្លាំងជំនាញចុះធ្វើការបង្ក្រាបមុខសញ្ញា ដែលកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅចំណុចក្នុងផ្ទះទុកចោល ១កន្លែង របស់ឈ្មោះ ញ៉េន សុភ័ក្រ ភេទស្រី អាយុ៣៦ឆ្នាំ ស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់: ឈ្មោះ មុត ម៉េត ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិគោករំដួល (ចំណុចដី ៥ម៉ែត្រ) សង្កាត់សំរោង ក្រុងសំរោង (ជាមុខសញ្ញាសកម្មក្នុងអំពើលួចកាត់ខ្សែភ្លើង និងប្រើប្រាស់សារធាតុញៀន) នៅនឹងកន្លែង ព្រមទាំងចាប់យកបានវត្ថុតាងរួមមាន: ១.ខ្សែភ្លើងម៉ាក PVC ពណ៌ស 2X1.5 ចំនួន ៤ដុំតូច,២-ដង្កាប់ដែក ចំនួន១ដើម, ៣-ទូរវីស ដងពណ៌លឿងចំនួន១ដើម៤-កូនកាំបិតបត់ ធ្វើពីដែកចំនួន១ដើម៥-កូនកន្ត្រៃតូច ធ្វើពីដែកចំនួន ១ដើម៦-ជំពាមកៅស៊ូមានដងដែក ចំនួន១ដើម,៧-សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ice) ពណ៌សថ្លា ចំនួន ១កញ្ចប់តូច,៨-ដែកកេសហ្គាសចំនួន ១ដើម និងសម្ភារៈជក់ថ្នាំញៀន។

ក្នុងពេលសួរនាំជនសង្ស័យខាងលើបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា: កន្លងមករូបខ្លួនធ្លាប់បានធ្វើសកម្មភាពដើរលួចកាត់យកខ្សែភ្លើងនៅតាមផ្ទះអ្នកភូមិដែលទុកចោល នៅស្រុកស្រីស្នំ ខេត្តសៀមរាប, នៅតំបន់តាមាន់, នៅតំបន់តាក្របី, នៅភូមិផ្អុង, នៅសង្កាត់អូរស្មាច់ និងនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានជាច្រើនលើក ហើយបានយកខ្សែភ្លើងដែលលួចបាននោះទៅដុតយកស្ពាន់ហើយលក់ឲ្យទៅអ្នកទិញអេតចាយតាមម៉ូតូ និងតាមស្តង់ ដោយពេលបានប្រាក់រូបខ្លួនបានយកទៅទិញថ្នាំញៀនមកប្រើប្រាស់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕



ចែករំលែកព័តមាននេះ