តាមស្រឡាញ់ប្អូនស្រីមិនបាន បបួលគ្នាវាយសម្លាប់បុរសជាបង និងប្រពន្ធនៅលើទឹកដីសៀម
ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:២២
ក្រុងប៉ោយប៉ែត ៖ ជនម្នាក់ដែលជាប់សង្ស័យ ជាឃាតកសំលាប់មនុស្សនៅឯទឹកដីសៀម កាលពីឆ្នាំ២០០៧ បានត្រូវកំលាំងប៉េអឹមក្រុងប៉ោយប៉ែតស៊ើបអង្កេត រហូតឈានទៅធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣១ សីហា នៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ជនសង្ស័យជាឃាតកនេះឈ្មោះរស់ សុខុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត មុខរបរមិនពិតប្រាកដ ។ មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបានប្រាប់ថា មានបុរសម្នាក់ឈ្មោះភុក បូរ៉ា អាយុ៣៥ឆ្នាំ ជាបងបង្កើតរបស់ជនរងគ្រោះឈ្មោះភុក លីណា ភេទស្រី អាយុ៣០ឆ្នាំ និងប្តីឈ្មោះឃុន សុខា អាយុជាង៣០ឆ្នាំ ដែលត្រូវគេសំលាប់នៅក្នុងទឹកដីសៀម បានមកប្តឹងសមត្ថកិច្ចប៉េអឹមនៅថ្ងៃទី២៨ សីហា ថាប្អូនស្រីរបស់ខ្លួននិងប្តី ត្រូវក្រុមជនដៃដល់សំលាប់នៅទឹកដីសៀមដល់ក្នុងបន្ទប់កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៣ សីហា ២០០៧ នៅក្នុងបន្ទប់ផ្ទះជួលជាន់ទី២ ភូមិភីដាន ស្រុកសំរោង ខេត្តសាមុទ្រប្រាកាន ប្រទេសសៀម ។
នៅក្នុងពាក្យបណ្តឹងនោះឈ្មោះបូរ៉ាដែលជាបងប្រុសសព ឈ្មោះលីណា បានប្រាប់ថា ប្អូនស្រីត្រូវក្រុមជនដៃដល់កាប់សំលាប់ ហើយថៅកែជនជាតិសៀមម្នាក់បានទូរស័ព្ទមកប្រាប់ខ្លួនថា ប្អូនស្រី និងគ្រួសារ(ប្តី) ត្រូវគេសំលាប់ហើយ ហើយខ្លួនក៏បានធ្វើដំណើរ ចូលទៅទឹកដីសៀម ចំណុចកើតហេតុ ប៉ុន្តែសពត្រូវគេបូជារួចបាត់ទៅហើយ ។ ក្នុងរបាយការណ៍នោះបានបន្តថា ក្រោយការសួរនាំអាជ្ញាធរ និងសមត្ថកិច្ចសៀមក៏បានប្រាប់ពីអត្តសញ្ញាណ និងបង្ហាញរូបថតជនដៃដល់ បន្ទាប់មកឈ្មោះបូរ៉ា ក៏យកព័ត៌មាន និងរូបថតក្រុមជនដៃដល់ ព្រមទាំងអដ្ឋិធាតុប្អូនរបស់ខ្លួនមកដីខ្មែរវិញ ។
ចំណែកជនសង្ស័យឈ្មោះរស់ សុខុន ដែលត្រូវឃាត់ខ្លួនបានសារភាពថា ពួកខ្លួនមានគ្នា៥នាក់ទៀតគឺ ១-ឈ្មោះណាង ភេទប្រុស, ២-ឈ្មោះរ៉ា ភេទប្រុស,៣-ឈ្មោះផាន់ណា ភេទប្រុស, ៤-ឈ្មោះជុច និង៥-ឈ្មោះធី ភេទប្រុស បានធ្វើសកម្មភាព ចូលវាយប្តីប្រពន្ធទាំង២នាក់ដល់បន្ទប់ ។ ជននេះបញ្ជាក់ថា ឈ្មោះធីជាជនដៃដល់បានកាប់ចាក់ស្ត្រីឈ្មោះលីណា និងប្តីដល់ក្នុងបន្ទប់ជួល ឯពួកខ្លួនផ្សេងទៀត ដូចជាឈ្មោះណាង,ឈ្មោះរ៉ា ហៅយ៉ត, ឈ្មោះផាន់ណា និងខ្លួន កាប់សំលាប់ឈ្មោះឃុន សុខា ជាប្តីឱ្យស្លាប់ដូចគ្នា ។ ជននេះបានឆ្លើយទៀតថា ការដែលឈានរហូតដល់សំលាប់នេះ ដោយសារខ្លួនស្រលាញ់ប្អូនស្រីរងគ្រោះ តែស្តីដណ្តឹងមិនបាន គឺតែងតែរារាំងរហូត ទើបធ្វើឱ្យខ្លួនខឹង និងចងគំនុំបែបនេះទៅ ។
មន្ត្រីប៉េអឹមក្រុងប៉ោយប៉ែតបានឱ្យដឹងទៀតថា តាមរបាយការណ៍សួរនាំឈ្មោះបូរ៉ា ដែលត្រូវជាបងគ្រួសារសព គឺឈ្មោះរ៉ា ហៅយ៉ត ឈ្មោះណាង និងឈ្មោះផាន់ណា ត្រូវតំរួតសៀមឃាត់ខ្លួនរួចហើយ ឯឈ្មោះធីបានរត់គេចខ្លួនរហូតដល់បច្ចុប្បន្ន ។ លោកវរសេនីយ៍ត្រី ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានបន្ថែមថា ឈ្មោះជុចដែលជាមេខ្លោងក្នុងអំពើឃាតកម្មនោះ ត្រូវបានចាប់ខ្លួនហើយនៅព្រឹកថ្ងៃទី១ កញ្ញា នៅភូមិភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ លោកមេបញ្ជាការប៉េអឹមក្រុងបានបន្តថា ដោយសារមានបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង មេបញ្ជាការប៉េអឹមខេត្ត ក៏ដូចជាការណែនាំពីលោកវរសេនីយ៍ទោម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ប៉េអឹមខេត្ត ឱ្យយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើស និងក្រោយការស្រាវជ្រាវមុខសញ្ញា ទើបធ្វើការឃាត់ខ្លួនជនដៃដល់បានជាបន្តបន្ទាប់ ។ លោកហម ម៉ុត បន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ខណៈរូបគេកំពុងធ្វើជាជាងផ្សារដែកឱ្យគេនៅភូមិក្បាលស្ពាន ហើយក៏បានបញ្ជូនទៅទីបញ្ជាការប៉េអឹមខេត្តដើម្បីចាត់ការតាមនីតិវិធី ៕