កីឡាករប្រដាល់ម៉ិចស៊ិកអង់តូនីញ៉ា ម៉ាហ្គារីតូ ដែលពីមុនត្រូវបានគេបដិសេធមិនឱ្យប្រកួតនៅអាមេរិកនោះ ពេលនេះបានទទួលអាជ្ញាប័ណ្ណប្រកួតហើយ ។ នេះគឺជាព័ត៌មានមួយដ៏ល្អបំផុតដែលបានត្រួសត្រាយផ្លូវឱ្យរូបគេបានប្រកួតជាមួយស្តេចប្រដាល់ហ្វ៊ីលីពីនម៉ានី ប៉ាក់គីអាវ នៅសង្វៀន Cowboys Stadium ។ នាយកដ្ឋានអាជ្ញាប័ណ្ណរបស់រដ្ឋតិចសាស់បានទទួលយកពាក្យស្នើសុំរបស់ម៉ាហ្គារីតូ កាលពីថ្ងៃចន្ទ ហើយបានយល់ព្រមតាមពាក្យស្នើសុំនៅថ្ងៃព្រហស្បតិ៍។ ការសំរេចចិត្តនេះបានកើតឡើងបន្ទាប់ពីម៉ាហ្គារីតូត្រូវបានគេបដិសេធមិនឱ្យប្រកួតនៅរដ្ឋកាលីហ្វ័រនីញ៉ា ។ តាមការគ្រោងទុក ម៉ាហ្គារីតូនឹងជួបជាមួយប៉ាក់គីអាវ នៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខនេះ ។ នេះជាការប្រកួតដើម្បីដណ្ដើមខ្សែក្រវាត់ក្នុងប្រភេទទំងន់ Junior Midddleweight ដែលនៅទំនេរ ។
ថ្លែងប្រាប់អ្នកយកព័ត៌មានម៉ាហ្គារីតូបានបញ្ជាក់ថា៖« ខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធររដ្ឋតិចសាស់ដែលបានផ្តល់អាជ្ញាប័ណ្ណដល់ខ្ញុំ។ អាជ្ញាប័ណ្ណនេះពិតជាបានជួយខ្ញុំឱ្យបន្តការប្រកួតនៅអាមេរិកបាន ។ នៅថ្ងៃទី១៣ ខែវិច្ឆិកា គឺជាឱកាសដ៏ធំធេងមួយសំរាប់រូបខ្ញុំ ។ ខ្ញុំសូមផ្ញើក្តីសង្ឃឹមលើអ្នកគាំទ្រទាំងឡាយ» ។ ម៉ាហ្គារីតូ មិនបានប្រកួតនៅអាមេរិកចាប់តាំងពីឆ្នាំ២០០៩មកម៉្លេះ គឺនៅពេលដែលគេត្រូវបានពិនិត្យឃើញសារធាតុហាមឃាត់ក្នុងកំណាត់រុំដៃខណៈពេលត្រៀមខ្លួនប្រកួតជាមួយកីឡាករសេន ម៉ូស្ល៊ី ។ តែនៅពេលនោះម៉ាហ្គារីតូបានបដិសេធថាខ្លួនពុំបានដឹងរឿងទាំងនោះទេ ។ ក្នុងពេលនោះគេថែមទាំងបានស្តីបន្ទោសគ្រូបង្វឹករបស់ខ្លួនហ្សារីយ៉ា ការប៉េទីលឡូ ទៀតផង ។ លោកកាប៉េទីលឡូ ក្រោយមកក៏ត្រូវបានគេព្យួរមិនឱ្យប្រកបមុខអាជីពនេះផងដែរ ។
មន្ត្រីទទួលបន្ទុកផ្នែកផ្តល់អាជ្ញាប័ណ្ណរបស់រដ្ឋតិចសាស់បានពិនិត្យមើលឯកសារជាច្រើនទាក់ទងនឹងបញ្ហានេះ ដែលក្នុងនោះឯកសារស្តីពីការលុបចោលអាជ្ញាប័ណ្ណប្រកួតរបស់រដ្ឋកាលីហ្វ័រនីញ៉ា ពាក្យសុំរបស់ម៉ាហ្គារីតូ កាលពីដើមខែនេះ។ នាយកប្រតិបត្តិរបស់នាយកដ្ឋានអាជ្ញាប័ណ្ណរដ្ឋតិចសាស់លោកវីលៀម ខាន់បាននិយាយតាមសេចក្តីថ្លែងការណ៍មួយថា៖« ក្រោយពីបានពិនិត្យមើលពាក្យស្នើសុំរបស់គេយ៉ាងម៉ត់ចត់ និងដោយឈរលើមូលដ្ឋានព័ត៌មាននៅក្នុងនោះ ខ្ញុំក៏បានផ្តល់អាជ្ញាប័ណ្ណប្រកួតដល់លោក ម៉ាហ្គារីតូ»។
សេចក្តីសំរេចចិត្តខាងលើនេះមានសារសំខាន់បំផុតមិនត្រឹមតែចំពោះអ្នកដែលពាក់ព័ន្ធនៅក្នុងការប្រកួតនេះទេ តែថែមទាំងចំពោះម្ចាស់សង្វៀនប្រកួតលោក ជែរី ចូន ក៏ដូចជារដ្ឋតិចសាស់ទាំងមូលផងដែរ ។ ការប្រកួតណាមួយដែលមានប៉ាក់គីអាវចូលរួមនោះ មានន័យថា អ្នកទទួលរៀបចំការប្រកួតរកប្រាក់បានយ៉ាងច្រើន ដ្បិតមានអ្នកទិញសំបុត្រចូលរួមទស្សនាយ៉ាងច្រើនកុះករ ។ គេនៅចាំបានថា កាលពីប៉ាក់គីអាវ ប្រកួតជាមួយអ្នកប្រដាល់មិនសូវល្បីឈ្មោះចូសួ ខ្លូតទី ថ្ងៃទី១៣ ខែមីនា មានអ្នកចូលរួមទស្សនាជាង៥ម៉ឺននាក់ ៕
ចែករំលែកព័តមាននេះ