រដ្ឋាភិបាលម៉ូហ្សំប៊ិកលុបចោលការដំឡើងថ្លៃនំប៉័ង និងទឹកព្រោះបាតុកម្ម
ដោយ ៖ ប្រុសកោះ
ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:១៥

គេហទំព័របរទេស
ទិដ្ឋភាពបះបោរនៅរដ្ឋធានីម៉ូហ្សំប៊ិក
រដ្ឋាភិបាលម៉ូហ្សំប៊ិកបានប្រកាសកាលពីថ្ងៃទី៧ កញ្ញា បោះបង់ចោលការដំឡើងថ្លៃនំប៉័ង និងទឹកដែលការប្រកាសដំឡើងថ្លៃនេះជាប្រភពនៃបាតុកម្ម និងការបះបោរបណ្តាលឱ្យមនុស្សស្លាប់១៣នាក់កាលពីសបា្តហ៍មុនក្នុងរដ្ឋធានីម៉ាពុយតូ។ រដ្ឋមន្ត្រីក្រសួងផែនការម៉ូហ្សំប៊ិក លោកអៃអ៊ូបា គូអឺរីណឺអា អះអាងបន្ទាប់ពីកិច្ចប្រជុំមួយរបស់គណៈរដ្ឋមន្ត្រីថា ការដំឡើងថ្លៃគ្រោងចំនួន២០%លើតំលៃនំប៉័ងត្រូវលុបចោល។ រដ្ឋាភិបាលក៏បោះបង់ផងដែរនូវការដំឡើងថ្លៃទឹក ចំណែកការដំឡើងថ្លៃភ្លើងនៅរក្សាទុកដដែល។ រដ្ឋមន្ត្រីរូបនេះថ្លែងថា យើងចាត់វិធានការទាំងនេះដើម្បីកាត់បន្ថយតំលៃទំនិញនៅម៉ូហ្សំប៊ិកចំណែករដ្ឋមន្ត្រីថាមពលប្រទេសនេះ លោកសាល់វ៉ា ឌ័រណាមប៊ូរេត ឱ្យដឹងកាលពីថ្ងៃទី៦ កញ្ញា កន្លងមកនេះថា ការដំឡើងថ្លៃភ្លើងអគ្គិសនីគឺចាំបាច់សំរាប់យកប្រាក់ទៅផ្គត់ផ្គង់ដល់ការសាងសង់បណ្តាញអគ្គិសនីនៅតាមតំបន់ជនបទ និងបណ្តាញភ្លើងមានតង់ស្យុងខ្ពស់នៅភាគពាយ័ព្យប្រទេស។ ប្រជាជនម៉ូហ្សំប៊ិកជាងពាក់កណ្តាលរស់នៅក្នុងភាពក្រីក្រ។ តំលៃនំប៉័ងបានឡើងដល់ទៅ២៥%ក្នុងមួយឆ្នាំ៕