ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុនផលិតចំរៀងនៅកូរ៉េ ត្រៀមប្តឹងផលិត​កម្ម KH ពីបទលួចចម្លងបទ​ចំរៀងនិងស្ទីលរាំ

15 ឆ្នាំ មុន

ក្រុម​ហ៊ុន SM Entertainment បាន​​​និយាយ​ជា​ផ្លូវ​ការ​អំពី​ក្រុម​ចំរៀង​បុរស​ខ្មែរ​ដែល​បាន​ចំលង​ស្លាក​យីហោ​ក្រុម​ហ៊ុន​កូរ៉េ SHINee ទាក់​ទង​ទៅ​នឹង​ខ្សែ​អាត់​វីដេ​អូ KH Stars-Ring Ding Dong ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​វ៉េប​សាយ Youtube នា​ពេល​ថ្មីៗ​នេះ ។ ក្នុង​វីដេ​អូ​នេះ មាន​ក្រុម​អ្នក​ចំរៀង​ និង​រាំ​បទ​ល្បី​របស់​ក្រុម​ចំរៀង​បុរស​កូរ៉េ SHINee គឺ​បទ Ring Ding Dong ។ បើ​ទោះ​បី​ជា​ក្រុម​នេះ ព្យា​យាម​ធ្វើ​តាម​លំនាំ​បទ​ចំរៀង​ និង​ក្បាច់​រាំ​ក្តី​ តែគុណ​ភាព​នៃ​ការ​សំដែង​របស់​គេ​ខុស​ពី​ក្រុម SHINee ។ ក្រុម​ហ៊ុន SM Entertainment បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា កន្លង​មក​ថា យើង​មិន​ទាន់​បាន​ដំណឹង​អ្វី​ពី​នរណា​ម្នាក់​ទេ នៅ​ក្នុង​ប្រទេស​កម្ពុជា អំពី​ការ​ប្រើ​ប្រាស់​បទ​ Ring Ding Dong ។ ពេល​នេះ​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ទាក់​ទង​ពី​បញ្ហា​ផ្លូវ​ច្បាប់​របស់​កម្ពុជា និង​ការ​អះ​អាង​បន្ថែម​ បន្ទាប់​មក​យើង​​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត ក្រុម SHINee នឹង​​មក​សំដែង​ក្នុង​ប្រទេស​កម្ពុជា នៅ​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ​នេះ ។

ក្រោយ​ពី​លេច​ឮ​ព័ត៌​មាន​ដែល​ថា ក្រុម​ហ៊ុន​មួយ​របស់​ប្រទេស​កូរ៉េ​ឈ្មោះ SM Entertain-ment មាន​គំរោង​ចាត់​វិធាន​ការ​ តាម​ផ្លូវ​ច្បាប់ ​ចំពោះ​ក្រុម​ហ៊ុន​ផលិត​​បទ​ចំរៀង​នៅ​កម្ពុជា​ ដែល​បាន​លួច​​ចំលង​បទ​ចំរៀង​ និង​ស្ទីល​ទាំង​ស្រុង​ពី​ក្រុម SHINee ម្ចាស់​បទ Ring Ding Dong នោះ លោក​គឹម ហេង នាយក​ផលិត​កម្ម KH ដែល​ផលិត​បទ​ចំរៀង​ល្បី​គ្រាន់​បើ​នៅ​កម្ពុជា ​បាន​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ​​ដែល​អាច​នឹង​កើត​មាន​ឡើង ។ លោក​គឹម ហេង បាន​បញ្ជាក់​ថា ព័ត៌​មាន​នៃ​ការ​គំរាម​ប្តឹង​នោះ គឺ​ក្រុម​ហ៊ុន​ដែល​ជា​ម្ចាស់​បទ Ring Ding Dong របស់​កូរ៉េ​ខាង​ត្បូង ហើយ​បទ​ចំរៀង​ និង​ស្ទីល​រាំ​ត្រូវ​បាន​ផលិត​កម្ម KH និង​ផលិត​កម្ម​ខ្មែរ ​មួយ​ចំនួន​ទៀត​ចំលង​យក​មក​ធ្វើ​ជា​របស់​ក្រុម​ហ៊ុន​ខ្លួន​ឯង ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ទោះ​បី​ជា​មាន​ការ​ចំលង​យ៉ាង​ណា​ក៏​ដោយ​ចុះ ក៏​កំរិត​នៃ​បទ​ភ្លេង​ និង​ចំរៀង​របស់​យើង​ គឺ​មិន​អាច​ប្រៀប​​ឬ​ដូច​ទាំង​ស្រុង​ទៅ​នឹង​បទ​ចំរៀង​ដើម​របស់​ផលិត​កម្ម​កូរ៉េ​នោះ​ទេ ។

លោក​បន្ត​ថា​ ធម្ម​តា​ការ​ប្តឹង​ផ្តល់​តាម​ផ្លូវ​ច្បាប់​​អ្នក​ណា​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ ប៉ុន្តែ​លោក​​គិត​ថា យើង​រង់​ចាំ​ទទួល​នូវ​បណ្តឹង​ ប្រសិន​បើ​មាន​ ព្រោះ​ថា បើ​ចង់​​គេច​ក៏​គេច​មិន​បាន​ដែរ ។ ម្យ៉ាង​ទៀត​ ការ​លួច​ចម្លង​ទាំង​បទ​ចំរៀង និង​ស្ទីល​រាំ​ពី​បរទេស​នោះ គឺ​មិន​មែន​តែ​ផលិត​កម្ម KH មួយ​នោះ​ទេ គឺ​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ សំរាប់​ផលិត​កម្ម​​នៅ​ស្រុក​ខ្មែរ ដូច​ជា​ការ​ចម្លង​តាម​បទ ថៃ កូរ៉េ ចិន អង់​គ្លេស​ជា​ដើម ។ ទន្ទឹម​នោះ​ ការ​ចម្លង​បទ​ចំរៀង​ ចម្លង​ស្ទីល គឺ​អាច​មាន​នៅ​គ្រប់​​ប្រទេស​មិន​ថា​តែ​ប្រទេស​យើង​មួយ​ទេ តែ​បញ្ហា​នៅ​ពី​ក្រោយ​ការ​ចម្លង​នោះ​ខុស​គ្នា​យ៉ាង​ណា​លោក​ក៏​មិន​បាន​ដឹង​ដែរ ។ លោក​បន្ត​ទៀត​​ថា ​ចំពោះ​​ទី​ផ្សារ​ស្រុក​ខ្មែរ​វា​លំបាក​ណាស់​សំរាប់​ការ​និពន្ធ​បទ​ភ្លេង​ដោយ​ខ្លួន​ឯង ហើយ​លោក​គិត​ថា បើ​សិន​ជា​គេ​មិន​ប្តឹង​ក៏​វា​នឹង​រលំ​ដោយ​ខ្លួន​ឯង​ ដោយ​សារ​ក្ស័យ​ធន​ដែរ ។ ទោះ​បី​ជា​យ៉ាង​ណា​​ក៏​ដោយ លោក​គឹម ហេង បាន​សំណូម​ពរ​ដល់​ក្រុម​ហ៊ុន​កូរ៉េ​ដែល​ត្រៀម​ប្តឹង​ផលិត​កម្ម​ KH រួម​ទាំង​ផលិត​កម្ម​ផ្សេងទៀត​ឱ្យ​ពិចារណា​ឡើង​វិញ ព្រោះ​ថា កម្ពុជា​កំពុង​ស្ថិត​លើ​ផ្លូវ​អភិ​វឌ្ឍន៍​ដូច​​នេះ មិន​អាច​​ចៀស​ផុត​ឡើយ ពី​ការ​ទទួល​វប្ប​ធម៌​​​បរទេស​ ហើយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ផលិត​បទ​ចំរៀង​បំរើ​អារម្មណ៍​ទស្ស​និក​ជន​ក៏​នៅ​មាន​កំរិត ។ ប៉ុន្តែ​លោក​ក៏​មិន​បាន​ឃាត់​ថា មិន​ឱ្យ​ប្តឹង​នោះ​ដែរ ព្រោះ​ជា​សិទ្ធិ​របស់​ក្រុម​ហ៊ុន​កូរ៉េ ។

គួរ​រំលឹក​ថា ថ្មីៗ​នេះ​លេច​​ឮ​ព័ត៌​មាន​ថា ក្រុម​ហ៊ុន​ SM Entertainment នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ​ចំពោះ​​ក្រុម​ហ៊ុន​ផលិត​​បទ​ចំរៀង​នៅ​កម្ពុជា​ ដែល​បាន​ចម្លង​ស្ទីល​ទាំង​ស្រុង​ពី​ក្រុម SHINee ម្ចាស់​បទ​ Ring Ding Dong ។ ដំបូង​បង្អស់​ក្រុម​ហ៊ុន​​របស់​​កូរ៉េ​ខាង​ត្បូង​​នេះ​ចាប់​អារម្មណ៍​ផលិត​កម្ម KH ដែល​បាន​ចម្លង​បទ Ring Ding Dong មក​ច្រៀង​ និង​សំដែង​ដោយ​ក្រុម​តារា​៤​រូប គឺ​លោក​ម៉ៃ​ សុគន្ធ, អាន់​ដា, ហម​ចំណាប់ និង​អេ​វីតា ។ បទ Ring Ding Dong របស់​ផលិត​​កម្ម KH ​បាន​ចេញ​លក់​ជា​វីស៊ីឌី ​នៅ​លើ​ទី​ផ្សារ​កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១០ ។

កន្លង​មក​ អ្នក​និយម​​ចូល​ចិត្ត​​បទ​ចំរៀង​នៅ​កម្ពុជា បាន​​ធ្វើ​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ផង​ដែរ ចំពោះ​ម្ចាស់​ផលិត​កម្ម​នៅ​កម្ពុជា ​ដែល​តែង​តែ​ចំលង​បទ​ពី​គេ​ទាំង​ដុល​ដោយ​គ្មាន​ការ​កែ​ច្នៃ​អ្វី​ទាំំង​អស់​ ទាំង​បទ​ភ្លេង និង​ទំនុក​ច្រៀង រួម​ទាំង​ស្ទីល ។ អ្វី​ដែល​ធ្ងន់​ធ្ងរ​​ជាង​គេ​នោះ គឺ​បទ​ចំរៀង​ដែល​ចម្លង​ពី​គេ​ហើយ​នោះ​អ្នក​ខ្លះ​យក​មក​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថែម​​ទៀត ។ យ៉ាង​ណា​ក៏​ដោយ​ចុះ អ្នក​ផលិត​បទ​ចំរៀង​គួរ​តែ​ចេះ​ប្រើ​ប្រាស់​ខួរ​ក្បាល​ខ្លួន​ឯង​ ដើម្បី​បង្ហាញ​ស្នាដៃ​ខ្លួន​ឯង និង​ចៀស​វាង​ការ​ចម្លង​បទ​ចំរៀង​គេ​ទាំង​ដុល​ដែល​​ជា​ការ​បង្ហាញ​នូវ​ភាព​ទន់​ខ្សោយ​នៃ​ការ​អភិ​វឌ្ឍ​​វិស័យ​សិល្បៈ​​នៅ​កម្ពុជា ៕