រាជធានីភ្នំពេញ៖ អគារបន្ទប់ទឹកដ៏ស្អាតមួយខ្នងមានចំនួន ៧ បន្ទប់ នៅសាលាបឋមសិក្សាចំបក់ខាងជើង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យក្លាយជាបន្ទប់ទឹកមានលក្ខណៈបរិយាបន្ន លើកកម្ពស់អនាម័យគាំទ្រសុខុមាលភាពសិស្សានុសិស្ស និងបង្កើន លទ្ធភាពទទួលបានសេវាអនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន ប្រកបដោយសុវត្ថិភាព ។

តាមរយៈលោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សាចំបក់ខាងជើង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះថា រាជរដ្ឋាភិបាលកម្ពុជាថ្មីក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្នែកអនាម័យ និងទឹកស្អាតជាអាទិភាព មួយ ជាមួយនឹងចក្ខុ វិស័យជំរុញឱ្យមានការទទួលបានទឹកស្អាត និងសេវាអនាម័យជាសកលឱ្យបានត្រឹម ឆ្នាំ២០៣០ ។

ជុំវិញសមិទ្ធផលខាងលើនេះ, លោក ស៊ុ សន្និសិទ្ធ បានចូលរួមអបអរសាទរ នៃការទទួលបានអគារបន្ទប់ទឹកដ៏ស្អាតមួយខ្នងនេះ មានចំនួន ៧បន្ទប់ ជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឱ្យក្លាយជាបន្ទប់ទឹកមានលក្ខណៈបរិយាបន្ន៖ មានផ្លូវជម្រាល ទ្វារធំទូលាយ និងមានដៃទប់ សម្រាប់សិស្សមានពិការភាព ។ ការបែងចែកនិងឯកជនភាព៖ បំបែកបន្ទប់ទឹកប្រុស-ស្រី ឱ្យដាច់ដោយឡែកពីគ្នាដោយ មានគន្លឹះទ្វារសុវត្ថិភាព និងជញ្ជាំងជិតល្អ ដើម្បីធានាភាពឯកជនខ្ពស់ ក្នុងនោះបន្ទប់អនាម័យ សម្រាប់កុមារី, បានបង្កើតឱ្យមាន “ជ្រុង អនាម័យកុមារី” ដែលមានទឹកស្អាត សាប៊ូ និងធុងសំរាមមានគម្របបិទជិត ។ ទាំងនេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់សាលាបឋមសិក្សា ចំបក់ខាងជើង ។

លោកបានថ្លែងអំណរគុណ ចំពោះគណៈគ្រប់គ្រងធនាគារ PPC Bank ដែលបានគាំទ្រឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ក្នុងការកសាងអគារបន្ទប់ទឹកស្អាតនេះឡើង ក្រោមការសម្របសម្រួលរបស់អង្គការ រក្សាកុមារ ព្រមទាំងសូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជននិងកីឡា លោកស្រីនាយិកា លោកគ្រូអ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារ បន្ទប់ទឹកស្អាត សម្រាប់លើកកម្ពស់អនាម័យ គាំទ្រសុខុមាលភាពសិស្សានុសិស្ស និងបង្កើនលទ្ធភាពទទួលបាន សេវាអនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន ប្រកបដោយសុវត្ថិភាព សម្រាប់សិស្សានុសិស្សទាំងអស់ នៅក្នុងសាលាបឋមសិក្សា ។

ក្នុងពិធីនេះដែរ លោកទេសាភិបាលរង ព្រមទាំងម្ចាស់ជំនួយ បាននាំយកនូវអំណោយចែកជូនលោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស រួមមាន៖ ឧបត្ថម្ភកម្មវិធីចំនួន ២ លានរៀល, ក្រុមការងារថ្នាក់ស្រុក ឃុំ និងភូមិចំនួន ២៤ រូប និងឧបត្ថម្ភមន្ត្រីការិយាល័យអប់រំ ស្រុក និងលោកគ្រូ-អ្នកគ្រូចំនួន ២១ រូប ក្នុងម្នាក់ៗទទួលបានសារុង ១ ថវិកា ៣ ម៉ឺនរៀល និងឧបត្ថម្ភដល់សិស្សានុសិស្ស ចំនួន ២៣២ រូប ក្នុងម្នាក់ៗទទួលបានឃីត ១កញ្ចប់ និងថវិកា ១ ម៉ឺនរៀល ៕ អត្ថបទសហការ








ចែករំលែកព័តមាននេះ