ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោកជំទាវ ខៀវ ស៊ី​ណា និង​លោក​ជំទាវ​ ជា សិរី ទទួល​កាន់បិណ្ឌ​វេន​ទី​៧ និង​ចាត់ចែង​ចង្ហាន់​ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ លោក​ជំទាវ​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ខៀវ ស៊ី​ណា និង​លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ទទួល​កាន់បិណ្ឌ​វេន​ទី​៧…

រាជធានីភ្នំពេញ៖ លោក​ជំទាវ​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ខៀវ ស៊ី​ណា និង​លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ទទួល​កាន់បិណ្ឌ​វេន​ទី​៧ និង​ចាត់ចែង​ចង្ហាន់​ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ក្រុម​គ្រួសារ និង មន្ត្រី​-​បុគ្គលិក ធនាគារជាតិ​នៃ​កម្ពុជា​ផង​ដែរ​ ។

ពិធីបុណ្យ​កាន់បិណ្ឌ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ក្នុង​គោលបំណង​ទំនុកបម្រុង​និង​ចាត់ចែង​ចង្ហាន់ និង​បច្ច័យ​៤ ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​និង​ឧទ្ទិស​មហាកុសល​ផល​បុណ្យ​ដល់​ដួងវិញ្ញាណ​ខន្ធ ឯកឧត្តម ជា ចាន់​តូ អតីត​ទេសាភិបាល​កិត្តិយស ធនាគារជាតិ​នៃ​កម្ពុជា និង​បុព្វការី​ជន​ទាំងឡាយ​មាន​មាតាបិតា​ជីដូន​ជីតា យុទ្ធ​ជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​និង​សាសនា ក៏​ដូច​ជា​ចូលរួម​ចំណែក​រឹតចំណង​សាមគ្គីភាព និង​លើកតម្កើង​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​រុងរឿង​អស់​កាល​ជា​អង្វែង​តទៅ ។

បុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ​ដែល​ធំ​ជាងគេ នៅ​ក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​។ ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​ដល់​ថ្ងៃខែ ដែល​ត្រូវ​ប្រារព្ធ ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា ជា​ពិសេស​ឪពុក​ម្ដាយ​នៅ​ស្រុក​ក​ណើ​ត ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​អារាម​ ។ ទាំងនេះ គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​ត​ៗ​គ្នា របស់​ជនជាតិ​ខ្មែរ​ជា​យូរ​មក​ហើយ​ ។

ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២៥​នេះ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៥​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥​ ៕ អត្ថបទសហការ