ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ថាប័នចំណុះឱ្យក្រសួងក្រសួងការងារ ចំនួន ៣ រៀបចំស្ដង់ក្នុងពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ ២០២៥

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ស្ថាប័នចំណុះឱ្យក្រសួងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួន ៣ បានរៀបចំស្ដង់នៅក្នុងពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ ២០២៥…

រាជធានីភ្នំពេញ ៖ ស្ថាប័នចំណុះឱ្យក្រសួងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួន ៣ បានរៀបចំស្ដង់នៅក្នុងពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ ២០២៥ ដើម្បីផ្សព្វផ្សាយព័ត៌មានឱកាសការងារ, កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងរបបសន្ដិសុខសង្គម ។ 

ពិព័រណ៍រយៈពេល ១ថ្ងៃនេះ ធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ដោយកម្មវិធីបើកធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ហើយឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអញ្ជើញជាគណៈអធិបតីអម ផងដែរ ។ ស្ថាប័នចំណុះឱ្យក្រសួងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមមាន៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងបេឡាជាតិសន្តិសុខសង្គម (NSSF) ។ 

លោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ប្រាប់ឱ្យដឹងថា ក្នុងកម្មវិធីពិព័រណ៍នេះ ស្ថាប័នរបស់លោកជំទាវបានផ្សព្វផ្សាយព័ត៌មានឱកាសការងារ ហើយប្រសិនបើមានអ្នកចង់ចុះឈ្មោះរកការងារ ក៏ចុះឈ្មោះបាននៅស្ដង់ NEA ។ គិតត្រឹមថ្ងៃទី ១២ ខែកញ្ញា មានឱកាសការងារជិត ៩ម៉ឺនកន្លែង ដែលភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងវិស័យសេវាកម្ម ។ នេះបើតាមការបញ្ជាក់ពីលោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា ។ 

ដោយឡែកលោក សេង សំណាង មន្ត្រីនាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ប្រាប់ឱ្យដឹងដែរថា ក្នុងកម្មវិធីពិព័រណ៍នេះ ស្ថាប័នរបស់លោកបានផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដែលជាការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរយៈពេលខ្លី និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុង ១ខែ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។ សម្រាប់សាធារណជនទូទៅ ក៏អាចចុះចូលរៀនបានដែរ គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប៉ុណ្ណោះ ។ 

លោក សេង សំណាង ប្រាប់បន្តថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) មានជំនាញឱ្យជ្រើសរើសរហូតដល់ ៤៥ ដែលស្ថិតក្នុងវិស័យចំនួន ១០ ហើយសាធារណជន ជាពិសេសសិស្ស-និស្សិត បានចាប់អារម្មណ៍សាកសួរព័ត៌មានជាច្រើន អំពីកម្មវិធីបណ្ដុះបណ្ដាលនេះ ។ 

មន្ត្រីនាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃអគ្គនាយកដ្ឋាន TVET បន្ថែមថា «ខ្ញុំពិតជាចង់ណាស់អំពាវនាវ និងព្យាយាមផ្សព្វផ្សាយទៅដល់ពួកគាត់ ធ្វើម៉េចក៏ដោយបើសិនជាពួកគាត់អត់ទាន់មានជំនាញ គឺចង់ឱ្យគាត់មានជំនាញ ដើម្បីទៅធ្វើការងារ ពាក្យថាមានជំនាញ បានន័យថា គាត់មានជំនាញមួយច្បាស់លាស់ អញ្ចឹងនៅពេលណាដែលគាត់ទៅធ្វើការ នឹងទទួលបានប្រាក់ខែខ្ពស់ជាងដែលគាត់មិនមានជំនាញ» ។ 

រីឯមន្ត្រីបេឡាជាតិសន្តិសុខសង្គម (NSSF) ដែលប្រចាំការនៅស្ដង់ពិព័រណ៍នេះដែរ ក៏បានប្រាប់ដែរថា ស្ថាប័នរបស់លោកបានផ្សព្វផ្សាយអំពីរបបសន្ដិសុខសង្គម ដែលមានផ្នែកថែទាំសុខភាព, ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។ មន្ត្រីដដែល ប្រាប់បន្តថា មានសាធារណជន ក៏ដូចជាសិស្ស-និស្សិតជាច្រើន បានចាប់អារម្មណ៍សាកសួរព័ត៌មានអំពីរបបសន្ដិសុខសង្គម ហើយបានមន្ត្រីជំនាញបានពន្យល់ទៅលើផ្នែកនីមួយៗ ឱ្យពួកគាត់បានយល់ និងអាចចុះឈ្មោះប្រើប្រាស់ នាពេលខាងមុខ ៕ អត្ថបទសហការ