ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​​គណៈប្រតិភូនៃ​សាធារណរដ្ឋ​កូរ៉េ ធ្វើទស្សនកិច្ចសិក្សាក្នុងការ​វាយតម្លៃ​ចុង​ក្រោយ​ នៃ​គម្រោង «​លើកកម្ពស់​សមត្ថភាព ​នៃ​ការ​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​»

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​កម្មវិធី​ទទួល​ដំណើរ​ទស្សនកិច្ច​ របស់​គណៈប្រតិភូ ដែល​អញ្ជើញ​មក​ពី​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ចុះ​មក​សិក្សា​វាយតម្លៃ​ចុង​ក្រោយ​នៃ​គម្រោង «​លើកកម្ពស់​សមត្ថភាព​នៃ​ការ​បណ្តុះបណ្តាល​សុវត្ថិភាព…

រាជធានី​ភ្នំពេញ​ ៖ នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​កម្មវិធី​ទទួល​ដំណើរ​ទស្សនកិច្ច​ របស់​គណៈប្រតិភូ ដែល​អញ្ជើញ​មក​ពី​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ចុះ​មក​សិក្សា​វាយតម្លៃ​ចុង​ក្រោយ​នៃ​គម្រោង «​លើកកម្ពស់​សមត្ថភាព​នៃ​ការ​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​» ក្រោម​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​របស់​រដ្ឋាភិបាល​ នៃ​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ (KOSHA) សម្រាប់​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ (OSHTC) ​។

តាម​រយៈ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ លោក ម៉ា​ញ ណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​ បាន​ជួប​សម្តែង​ការ​គួរសម និង​បាន​ផ្តល់​នូវ​កិច្ច​សម្ភាស​ផ្លូវការ​ ពាក់ព័ន្ធ​នឹង​គម្រោង ODA ជាមួយ​លោក Cho Jeong Yoon និង​លោក Lee Jay Jon ជា​ក្រុមការងារ​វាយតម្លៃ​ឯករាជ្យ​ មក​ពី​ក្រសួង​មុខរបរ និង​ការងារ​កូរ៉េ និង​លោក Lee Jae Hwan ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ នៃ​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ សម្រាប់​ចុះ​ពិនិត្យ និង​វាយតម្លៃ​ចុង​ក្រោយ​លើ​សម្ភារ​ឧបករណ៍​គ្រឿង​ម៉ាស៊ីន និង​បរិក្ខារ​បណ្ដុះបណ្ដាល​ នៅ​ក្នុង​អគារ​អនុវត្ត នៃមជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ ​។

តាម​រយៈ​ការ​វាយតម្លៃ​នេះ ក៏​មានការ​ចូលរួម​ផ្តល់​កិច្ច​សម្ភាស​ ជាមួយ គ្រូ​បង្គោល​ផ្នែក​បណ្តុះបណ្តាល ចំនួន ៥​រូប និង​មន្ត្រី​ជំនាញ ផ្នែក OSH ៦​រូប នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​សុវត្ថិភាព និង​សុខភាព​ការងារ (OSHTC) រួម​ទាំង​សិក្ខាកាម ៥​រូប ដែល​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ស្ដី​ពី មូលដ្ឋាន​គ្រឹះ​សុវត្ថិភាព និង​សុខភាព​ការងារ​សម្រាប់​គ្រូពេទ្យ​សហគ្រាស និង​បុគ្គល​ទទួល​បន្ទុក​គ្រប់គ្រង​សុវត្ថិភាព ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមការងារ​វាយតម្លៃ​ឯករាជ្យ​មក​ពី​ក្រសួង​មុខរបរ និង​ការងារ​កូរ៉េ និង​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ នៃ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ បាន​វាយតម្លៃ​ខ្ពស់​អំពី​ការ​ខិតខំ​ប្រឹងប្រែង​កន្លង​មក ​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ OSHTC បាន​យ៉ាង​ល្អ ថែម​ទាំង​បាន​កោតសរសើរ​ ចំពោះ​គ្រូ​បង្គោល​ផ្នែក​បណ្តុះបណ្តាល និង​មន្ត្រី​ជំនាញ​ផ្នែក OSH ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ពី​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​បងប្អូន​កម្មករនិយោជិត តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​នានា ក៏​ដូច​ជា​ការ​បង្ហាញ និង​អនុវត្ត​គ្រឿង​ម៉ាស៊ីន ដោយ​ផ្ទាល់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ នៃ​វិស័យ​សុវត្ថិភាព និង​សុខភាព​ការងារ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​៕ អត្ថបទសហការ