រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី ៧ នេះ បានចាត់ទុកការសិក្សាអប់រំជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តស្តារ និងពង្រឹងវិស័យអប់រំជាបន្តបន្ទាប់ តាមរយៈការពង្រឹងទាំងគុណភាពសិក្សា និងការកសាង សាងអគារសិក្សាជាដើម ។
លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានទី ២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងពិធីសម្ភោធអគារសិក្សានៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុងឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះ ។ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំ អេស៊ីលីដា ភីអិលស៊ី ដែលបានឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ កសាងអគារសិក្សា ១ខ្នងនេះ មានកម្ពស់២ជាន់ សរុប ១២បន្ទប់ ក្នុងនោះលោកជំទាវបណ្ឌិត ក៏បានរំលេចពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច បវរធិបតី នាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើ ដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយ ផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
ជាក់ស្តែង សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុច សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោត សំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋរួមមាន ៖ ទី ១. ការពង្រឹងអភិបាលកិច្ច, ទី ២. ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី ៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា, និងទី ៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យ ស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ” ។
ជុំវិញការរៀនសូត្រនេះ លោកជំទាវបណ្ឌិត បានរំលឹកដល់មាតាបិតាឱ្យបញ្ជូនកូនមករៀន ព្រោះនេះមិនត្រឹមតែជាកាតព្វកិច្ច របស់មាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាព ឱ្យរួចផុតពីភាពក្រីក្រ ។ លើសពីនេះ ការ បញ្ជូនកូនមករៀន ជាការរួមចំណែកកសាងនិងអភិវឌ្ឍសង្គមជាតិយើងសម្រាប់រយៈពេលវែង ព្រោះពួកគាត់នឹងក្លាយជាសសរទ្រូងដ៏ រឹងមាំប្រកបដោយគុណភាពនៅក្នុងវិស័យនានា នឹងអាចក្លាយជាថ្នាក់ដឹកនាំផងដែរនាពេលអនាគត ។ លោកជំទាវ លើកទឹកចិត្តឱ្យអ៊ំ ពូ មីង បងប្អូនជាអាណាព្យាបាល សូមបញ្ជូនកូនមកសាលា បង្កលក្ខណៈឱ្យកូនៗបានបន្តការសិក្សាទាំងប្រុស-ស្រី។ ជាពិសេសការ បញ្ជូនកុមារីមកសាលារៀន ដើម្បីទទួលបានការសិក្សាអបរំឱ្យបានពេញលេញ ដោយសារស្ត្រីដើរតួនាទីក្នុងការអភិវឌ្ឍសង្គមខ្មែរយើង ក៏ដូចជាលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ។ (ក្នុងរាជរដ្ឋាភិបាលនីតិកាល ទី ៧ នៃរដ្ឋសភានេះ ស្រី្តបានទទួលតំណែង និងការ ទទួលខុសត្រូវកាន់តែសំខាន់ទាំងវិស័យសាធារណៈ និងឯកជន ។ ប្រទេសកម្ពុជា មានស្ត្រីជាប្រធានរដ្ឋសភា និងរដ្ឋមន្ត្រី, ដោយឡែក នៅធនាគារជាតិនៃកម្ពុជា លោកំទាវជាទេសាភិបាល និងជាស្ត្រីលើកទី ១ ក្នុងជួរថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ។
សូមបញ្ជាក់ថា នៅក្នុងពិធីសម្ភោធអគារសិក្សានៅវិទ្យាល័យ ជា ស៊ីម ប្រឡាយនេះ លោកជំទាវបណ្ឌិត ជា សិរី បាននាំយកអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនបងប្អូន លោកគ្រូ-អ្នកគ្រូ អាណាព្យាលបាលសិស្ស និងសិស្សានុសិស្ស សរុបប្រមាណ ៣៥១ នាក់រួមមាន ៖ ឧបត្ថម្ភវិទ្យាល័យជា ស៊ីម ប្រឡាយចំនួន ២ លានរៀល, ការិយាល័យអង្គភាពជុំវិញស្រុក និងក្រុមប្រឹក្សាឃុំចំនួន ៣១ រូប ក្នុងម្នាក់ ទទួលបានសារុង ១ និងថវិកា ៥ ម៉ឺនរៀល, លោកគ្រូ-អ្នកគ្រូ ៣៧ រូប ទទួលបានសារុង ១ និងថវិកា ៥ ម៉ឺនរៀល, យុវជន សសយក ១០ រូប ទទួលបានសារុង ១ និងថវិកា ៣ ម៉ឺនរៀល, អាណាព្យាបាលសិស្សចំនួន ៥០ រូប ទទួលបានសារុង ១ និងថវិកា ២ ម៉ឺនរៀល និងឧបត្ថម្ភសិស្សានុសិស្សថ្នាក់ទី១១ និងទី១២ ចំនួន ២២៣ រូប ក្នុងម្នាក់ទទួលបានឃីត ១កញ្ចប់ (សៀវភៅ ២ក្បាល, ប៊ិច ២ដើម, ខ្មៅដៃ ២ដើម, ជ័រលុប ១, បន្ទាត់ ១ និងប្រដាប់ខួងខ្មៅដៃ ១) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ