ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងការងារ និងសេវាការងារ និងមុខរបរ នៃក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ ចុះ MoU បន្តកិច្ចសហប្រតិបត្តិការសម្រាប់ ឆ្នាំ ២០២៥-២០២៨ 

3 ថ្ងៃ មុន

ខេត្តសៀមរាប ៖ ឯកឧត្ដម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ…

ខេត្តសៀមរាប ៖ ឯកឧត្ដម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម PARK Jong Pill អគ្គលេខាធិការ និងជានាយកប្រតិបត្តិ នៃសេវាការងារ និងមុខរបរ នៃក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងមុខរបរសម្រាប់ ឆ្នាំ២០២៥-២០២៨ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅទីរួមខេត្តសៀមរាប ។ 

អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ មានគោលបំណងចូលរួមអនុវត្តគោលនយោបាយ និងការអភិវឌ្ឍសង្គមក្នុងវិស័យការងារ នៅកម្ពុជា ឱ្យកាន់តែល្អប្រសើរតាមរយៈការផ្លាស់ប្តូរបទពិសោធ និងការគាំទ្រផ្នែកបច្ចេកទេស ផ្តោតលើផ្នែកអាទិភាពសំខាន់ៗក្នុងវិស័យការងាររួមមាន ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ អធិការកិច្ចការងារ និងការបណ្តុះបណ្តាល ។

គួររម្លឹកផងដែរថា ក្នុងអំទ្បុងពេលទស្សនកិច្ចដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រៅពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឯកឧត្តមអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ច និងបានផ្លាស់ប្តូរបទពិសោធជាមួយគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ តាមរយៈការរៀបចំសិក្ខាសាលារួមគ្នា ដែលជាវេទិកាមួយឱ្យភាគីទាំងពីរធ្វើការសិក្សា ស្វែងយល់ និងពិភាក្សាស៊ីជម្រៅអំពីសកម្មភាពត្រូវអនុវត្ត រួមទាំងការផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងគោលនយោបាយវិស័យការងារផងដែរ ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ ក៏បានជួបពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ រួមមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ សមាគមសណ្ឋាគារ និងតំណាងប្រតិភូបុគ្គលិក ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពនៃវិស័យទេសចរណ៍ និងវិស័យការងារនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប ។

គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីកម្ពុជា បានបេ្ដជ្ញាបន្តជំរុញនូវការអនុវត្តកិច្ចសហប្រតិបត្តិការ ដោយអនុលោមតាម អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីទាំងពីរ ឱ្យដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ៕ អត្ថបទសហការ