ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ លើកទឹកចិត្ត​​និស្សិត​ជ័យ​លា​ភីកម្មវិធី​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ហុង​គ្រី សម្រាប់​ឆ្នាំ ​២០២៥-២០២៦ ឱ្យ​ក្លាយជាមូលធន​មនុស្ស​ប្រកបដោយ​សក្តានុពល​របស់កម្ពុជា ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល

1 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានី​ភ្នំពេញ​ ៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ហុង​គ្រី ក្រោម​កម្មវិធី​អាហារូបករណ៍ Stipendium Hungaricum របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ហុង​គ្រី សម្រាប់​ឆ្នាំ​សិក្សា ​២០២៥-២០២៦ កម្រិត​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត ចូល​ជួប​សំណេះសំណាល និង​សម្ដែង​ការ​គួរសម នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​ ២០២៥ ​។

ក្នុង​នាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ បាន​បញ្ជាក់​ជូន​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ហុង​គ្រី អំពី​បេសកកម្ម​របស់​ក្រសួង​តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ ស្តី​ពីមុខ​របរ​ និង​ការងារ និង​គោលនយោបាយ​ពាក់ព័ន្ធ ព្រមទាំង​ច្បាប់​ស្តី​ពី​ការងារ ដែល​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​មូលធន​មនុស្ស​នៅ​កម្ពុជា​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី ​១ ​។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​បាន​រំលឹក​អំពី​តម្លៃ​នៃ​សន្តិភាព​នៅ​កម្ពុជា និង​មោទនភាព​ជាតិខ្មែរ ដោយ​បាន​ផ្តាំផ្ញើ​ដល់​និស្សិត​ជ័យ​លា​ភី​ឱ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចូលរួម​និង​ថែរក្សា​សាមគ្គីភាព​ជាតិខ្មែរ ទោះបីជា​នៅ​ក្នុង​ប្រទេស ឬ​នៅ​បរទេស​ក៏​ដោយ ដើម្បី​បន្ត​ផ្សព្វផ្សាយ​អំពី​ប្រវត្តិសាស្ត្រ​ពិត ប្រពៃណី​ដ៏​ល្អ វប្បធម៌​ដ៏​ផូរផង់ និង​វឌ្ឍនភាព​សង្គម​កម្ពុជា​ទៅ​កាន់​ពិភពលោក សំដៅ​ទាក់ទាញ​នូវ​ការ​វិនិយោគ​បរទេស​បន្ថែម​ទៀត ​។

បន្ថែម​លើ​នេះ លោក​ជំទាវ​ក៏​បាន​លើកទឹកចិត្ត​ដល់​និស្សិត​ជ័យ​លា​ភី​ទាំងអស់ ត្រូវ​នាំ​យក​នូវ​ចំណេះដឹង ចំណេះធ្វើ និង​បទ​ពិសោធ​ពី​បរទេស​ត្រឡប់​មក​បម្រើ​ការងារ​នៅ​មាតុប្រទេស​វិញ ក្នុង​នាម​ជា​មូលធន​មនុស្ស​កម្ពុជា​ប្រកបដោយ​ថាមពល និង​ថាមវន្ត ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​កម្ពុជា ជា​ពិសេស សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ៕ អត្ថបទសហការ