ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិព័រណ៍​ការងារ កម្ពុជា​-​ចិន ជួយ​ពង្រឹង ​និង​ផ្សាភ្ជាប់​សហគ្រាស និង​អ្នក​ស្វែងរក​ការងារ​ដោយផ្ទាល់ ខណៈ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា កំពុង​ខ្វះខាតកម្លាំង​ពលកម្ម

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី ​២៣ ខែកក្កដា ឆ្នាំ ​២០២៥ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សហការ​ជាមួយ សមាគម​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី ​២៣ ខែកក្កដា ឆ្នាំ ​២០២៥ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សហការ​ជាមួយ សមាគម​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា រៀបចំ​ពិព័រណ៍​ការងារ​ប្រចាំឆ្នាំ ក្រោម​ប្រធានបទ «គំនិត​យុវជន​ផ្លូវ​សូត្រ អភិវឌ្ឍន៍​ជំនាញ ឆ្ពោះទៅ​អនាគត ឆ្នាំ​ ២០២៥» ក្រោម​វត្តមាន​លោក ជា កុសល រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​លោកស្រី ជុង ជា ទីប្រឹក្សា​នៃ​ការិយាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​។

ក្នុង​ថ្ងៃ​បើក​ពិព័រណ៍​ការងារ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក ថាវ គួ​ង​យ៉ាវ អនុប្រធាន​អចិន្ត្រៃយ៍ នៃ​សមាគម​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា បានឱ្យ​ដឹង​ថា​ ៖ «​ពិព័រណ៍​ការងារ​របស់​សមាគម​សភាពាណិជ្ជកម្ម​ចិន នៅ​កម្ពុជា​ប្រចាំឆ្នាំ ​២០២៥ នេះ គឺជា​ចំណុច​ចាប់ផ្តើម សម្រាប់​ការ​សហការ យ៉ាង​ជ្រាលជ្រៅ​នា​ពេល​អនាគត ដែល​នឹង​ក្លាយជា​ព្រឹត្តិការណ៍​សំខាន់​មួយ របស់​សមាគម ដើម្បី​ផ្សារ​ភ្ជាប់​រវាង​សហគ្រាស និង​អ្នក​ស្វែងរក​ការងារ ក៏​ដូច​ជា​ដើម្បី​ជួយ​សហគ្រាស​ជ្រើសរើស​និ​យោ​ជិ​ក ដែល​មាន​សមត្ថភាព និង​ផ្តល់​ឱកាស​ដល់​អ្នក​ស្វែងរក​ការងារ​កម្ពុជា ក្នុង​ការ​ពង្រឹង​អាជីព​ផង​ដែរ​» ។

លោក គួ​ង​យ៉ាវ បាន​បន្ត​ថា សហប្រតិបត្តិការ​ដ៏​ល្អ​ឥត​ខ្ចោះ​រវាង​ចិន និង​កម្ពុជា បាន​ជួយ​ឱ្យ​អាជីវកម្ម របស់​សមាគម​សភា​ពាណិជ្ជ​កម្ពុជា​-ចិន មានការ​រីក​ចម្រើន និង​ប្រតិបត្តិការ​យូរអង្វែង​នៅ​កម្ពុជា ។ សមាជិក​សហគ្រាស​ចិន​នៅ​កម្ពុជា បាន​ពង្រីក​សកម្មភាព ហើយ​មាន​តម្រូវការ​និ​យោ​ជិ​ក​ជំនាញ​កាន់តែ​ខ្ពស់​ ។ ទោះជា​យ៉ាងណា​ក៏​ដោយ សហគ្រាស បាន​ជួប​ការ​លំបាក​មួយ​ចំនួន ក្នុង​ការ​ជ្រើសរើស​និ​យោ​ជិ​ក រួម​មាន​ដូច​ជា​ ៖ កង្វះ​បណ្តាញ​ប្រកាស​ការងារ កង្វះ​និ​យោ​ជិ​ក​ទូទៅ ពិបាក​ក្នុង​ការ​ស្វែងរក​និ​យោ​ជិ​ក​ជំនាញ និង​បញ្ហា​ការ​រក្សា​បុគ្គលិក​ឱ្យ​មាន​ស្ថិរភាព​ ។

លោក គួ​ង​យ៉ាវ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​អនាគតសភា​ពាណិជ្ជ​កម្ពុជា​-​ចិន និង​សមាគម​របស់​ខ្លួននឹង​ពិភាក្សា និង​អំពាវនាវ​ឱ្យ​សហគ្រាស​ចិន​នៅ​កម្ពុជា ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​សហការ​រវាង​សាកលវិទ្យាល័យ និង​សហគ្រាស ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ពិតប្រាកដ​ដល់​ស្ថាប័ន​ឧត្តម​សិក្សា​កម្ពុជា និង​ផ្តល់​ឱកាស​អនុវត្ត និង​ការ​បណ្តុះបណ្តាល​ដល់​និស្សិត និង​អ្នក​ដែល​ទើប​ចាប់ផ្តើម​អាជីព ដើម្បី​ជួយ​ឱ្យ​ពួក​គេ​ងាយស្រួល​ក្នុង​ការ​បំពេញការងារ​ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក ជា កុសល តាង​នាម​ឱ្យ​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ​៖ «​កន្លង​មក​ក្រសួង​ការងារ តាម​រយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ និង​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ទីផ្សារ​ការងារ​ទាំងអស់ បាន​ខិតខំ​សហការ​រៀបចំ​ព្រឹត្តិការណ៍ និង​ពិ​ព័រ​ណ៌​ការងារ​ជា​ច្រើន​នៅ​តាម​រាជធានី​-​ខេត្ត ដែល​បាន​ក្លាយជា​សកម្មភាព​រស់​វើក កៀរគរ​ក្រុមហ៊ុន និង​សហគ្រាស​មក​ពី​គ្រប់​ទិស​ទី និង​គ្រប់​វិស័យ ចូលរួម​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម អំពី​តម្រូវការ​ជំនាញ ដែល​បើកឱកាស​ទូលាយ​ដល់​យុវជន និង​អ្នក​ស្វែងរក​ការងារ បាន​ចូល​ទស្សនា មាន​ជម្រើស​ការងារ និង​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ​ដែល​ខ្លួន​ចង់​ធ្វើ​» ​។

លោក​រដ្ឋលេខាធិការ​ក្រសួង​ការងារ បាន​ចាត់​ទុក​ការ​រៀបចំ​ពិ​ព័រ​ណ៌​ការងារ​នៅ​ពេល​នេះ ជា​កម្មវិធី​ឈ្នះ​ឈ្នះ ទាំងអស់​គ្នា ដែល​មិន​ត្រឹមតែ​ជា​កន្លែង​ផ្សព្វផ្សាយ​ឱកាស​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ស្ពាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​ស្វែងរក​ការងារ​ធ្វើ បាន​ជួប​ជាមួយ​ម្ចាស់​សហគ្រាស និង​ក្រុមហ៊ុន​ដែល​មាន​តម្រូវការ​ផ្ទាល់ ដែល​ជា​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ ។ លោក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាគម​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ដែល​បាន​ផ្តួចផ្តើម​បង្កើត​នូវ​ព្រឹត្តិការណ៍​មួយ​នេះ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សមាគម​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា បង្កើត​ឡើង​ក្នុង​ឆ្នាំ ​១៩៩៦ គឺជា​សមាគម​ចិន​មួយ​ក្នុង​ចំណោម​បី​នៅ​កម្ពុជា ។ បច្ចុប្បន្ន​នេះ សមាគម មាន​សមាជិក​ចំនួន​ជាង ៥០០ សហគ្រាស ដែល​មាន​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ជា​ច្រើន ​។

ក្នុងអំឡុងពេល​ ៣០​ឆ្នាំ​កន្លង​មក សមាគម​សភា​ពាណិជ្ជ​កម្ពុជា​-​ចិន និង​សមាជិក​របស់​ខ្លួន​បាន​ចូលរួម​យ៉ាង​សកម្ម ដោយ​នាំ​យក​បទ​ពិសោធន៍ បច្ចេកវិទ្យា និង​ផលិតផល​ទំនើប​ៗ​ចូល​មក​កម្ពុជា ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ចិន​-​កម្ពុជា និង​រួមចំណែក​សំខាន់​ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ​របស់​កម្ពុជា ដូច​ជា ផ្លូវ ស្ពាន អាកាសយានដ្ឋាន ស្ថានីយ៍​អគ្គិសនី​ជាតិ បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី ការ​ផលិត​អគ្គិសនី​ពន្លឺព្រះអាទិត្យ និង​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​ជាដើម ​។

កម្មវិធី​ពិ​ព័រ​ណ៌​ការងារ​កម្ពុជា​-​ចិន ប្រចាំឆ្នាំ ​២០២៥ ​នេះ មាន​ក្រុមហ៊ុន​ចំនួន ៥០ បាន​នាំ​ឱកាស​ការងារ​ប្រមាណ​ជិត ១០០០​ពាន់​កន្លែង សម្រាប់​អ្នក​ដែល​ស្វែងរក​ការងារ​ធ្វើ​ ៕ អត្ថបទសហការ