ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​ធនាគារជាតិ អាជ្ញាធរ លោកគ្រូ​អ្នកគ្រូ​ និង​សិក្សា​នុ​សិស្ស​ ចូលរួម​ដាំ​កូន​ឈើ​នៅ​អនុវិទ្យាល័យ​ជ្រាប់

1 ថ្ងៃ មុន

ស្រុកស​ន្ទុ​ក ៖ ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា អាជ្ញាធរ​ស្រុក ប្រជាពលរដ្ឋ លោកគ្រូ​-អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​អនុ​វិទ្យាល័យ​ជ្រាប់ ក្នុងស្រុកស​ន្ទុ​ក បាន​កំពុង​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​ជាមួយ​រាជរដ្ឋាភិបាល តាម​រយៈ​ការ​ដាំ​ដុះ​កូន​ឈើ…

ស្រុកស​ន្ទុ​ក ៖ ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា អាជ្ញាធរ​ស្រុក ប្រជាពលរដ្ឋ លោកគ្រូ​-អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​អនុ​វិទ្យាល័យ​ជ្រាប់ ក្នុងស្រុកស​ន្ទុ​ក បាន​កំពុង​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​ជាមួយ​រាជរដ្ឋាភិបាល តាម​រយៈ​ការ​ដាំ​ដុះ​កូន​ឈើ និង​ការ​ប្រែក្លាយ​តំបន់​ផ្សេង​ៗ ឱ្យ​មានទេសភាព​ស្រស់បំព្រង ជា​ម្លប់ និង​ជា​កេរដំណែល​ដល់​អ្នក​ជំនាន់​ក្រោយ ​។

លោក​ជំទាវ​បណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា នៅ​ក្នុង​ពិធី​ដាំ​កូន​ឈើ (​ដើម​ធ្នង់ ​២៥០​ដើម​) និង​ការ​ជួប ជុំ​លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស​នៃ​អនុ​វិទ្យាល័យ​ជ្រាប់ នៅ​អនុ​វិទ្យាល័យ​ជ្រាប់ ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ថ្ងៃ​ទី​ ១២ ខែកក្កដា ឆ្នាំ​ ២០២៥ នេះ លោក​ជំទាវ​បាន​បង្ហាញ​នូវ​សេចក្តី​សោមនស្ស​រីករាយ និង​មោទនភាព​ក្រៃ​លែង ចំពោះ​ការ​ចូលរួម​យ៉ាង​កុះករ ពី សំណាក់​អាជ្ញាធរ ជា​ពិសេស​សិស្សានុសិស្ស នៃ​អនុ​វិទ្យាល័យ​ជ្រាប់ ក្នុង​កម្មវិធី​ដាំ​ដើម​ធ្នង់ ដែល​នេះ​គឺជា​សកម្មភាព​នៃ​ការ​ចូលរួម អបអរសាទរ​ពិធី “​រុក្ខទិវា​”​ផង និង​ជា​សក្ខីភាព​នៃ​ការ​បណ្តុះ​ស្មារតី​ស្រលាញ់​ថែរក្សា​ដើមឈើ ព្រៃឈើ ដែល​ជា​មរតក​ជាតិ​របស់​យើង ព្រមទាំង​ជា​ការ​ជំរុញ​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ទូទៅ ឱ្យ​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​ជាមួយ​រាជរដ្ឋាភិបាល តាម​រយៈ​ការ​ដាំ​ដុះ និង​ប្រែ ក្លាយ​ផ្ទះ សាលារៀន វត្ត​អារាម និង​តំបន់​មូលដ្ឋាន​ភូមិ​-​ឃុំ ឱ្យ​មាន​ទេសភាព​ស្រស់បំព្រង ខៀវស្រងាត់ ផ្ដល់​ជា​ម្លប់​ត្រឈឹងត្រឈៃ និង​ជា​កេរ្ដិ៍​ដំណែល​ដល់​អ្នក​ជំនាន់​ក្រោយ​ ។

លោក​ជំទាវ​បណ្ឌិត លើក​ឡើង​បន្ថែម​ថា ការ​អភិវឌ្ឍ​នៃ​ប្រទេស​នីមួយ​ៗ គឺ​អាស្រ័យ​លើ​ធនធាន​សំខាន់​ពីរ​ប្រភេទ គឺ​ធនធាន ធម្មជាតិ និង​ធនធានមនុស្ស​ ។ ធនធាន​ទាំង​ពីរ​ប្រៀប​ដូច​ជា​បេះដូង និង​ខួរក្បាល​មួយ​ជួយ​រក្សា​ជីវិត ហើយ​មួយទៀត​ជំរុញ​ឱ្យ​មានការ រីក​ចម្រើន ​។ ធនធានធម្មជាតិ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សុខុមាលភាព​សង្គម​។ ដូច្នេះ​យើង​ត្រូវ​ការពារ​អ្វី​ដែល យើង​មាន ដាំ​ឱ្យ​បាន​ច្រើន និង​ប្រើប្រាស់​ឱ្យ​បាន​ឆ្លាត​វៃ​នូវ​អ្វី​ដែល​ធម្មជាតិ​ផ្តល់​ឱ្យ​យើង ​។ ធនធានមនុស្ស គឺជា​ម៉ាស៊ីន​ជំរុញ​ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​។ អនាគត​របស់​ប្រទេស​ជាតិ មិន​អាស្រ័យ​តែ​លើ​ធនធានធម្មជាតិ​ទេ ប៉ុន្តែ​វា​អាស្រ័យ​លើ​សមត្ថភាព ជំនាញ និង​ភាព​ច្នៃ ប្រឌិត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​ ។

លោក​ជំទាវ​បណ្ឌិត អគ្គទេសាភិបាល បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ស្រុក ប្រជាពលរដ្ឋ លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស បន្ត សកម្មភាព​ដ៏​ថ្លៃថ្លា​ទាំងនេះ ដើម្បី​ជួយ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ដើម្បី​ជា​ប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល ដោយ​ប្រកាន់ខ្ជាប់​នូវ​ទស្សនទាន​រួម​មួយ​គឺ “​ដាំ​ដើមឈើ និង​ការពារ​ព្រៃឈើ ជា​ការ​ជួយ​ខ្លួនឯង ការ​បង្កើន​ធនធានធម្មជាតិ​ដែល​មាន តម្លៃ​សម្បុរ​គ្រប់យ៉ាង ធានា​បាន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជារាស្ត្រ ដែល​អាច​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ សុវត្ថិភាព​ពី គ្រោះ​ធម្មជាតិ ទាំង​ជា​ក្តី​សង្ឃឹម​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​” ។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​ប្រកាស​ផ្ដល់​ជូន​អគារសិក្សា​ថ្មី ១​ខ្នង មាន ៥ បន្ទប់ និង​ជួយ​ជុស​ជុល អគារសិក្សា ​២​ខ្នង មាន ​៦​បន្ទប់ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ឱ្យ​ថ្មី​ឡើង​វិញ ដើម្បី​បំពេញតម្រូវការ​កើនឡើង​របស់​សិស្សានុសិស្ស នៅ​ក្នុង​អនុ​វិទ្យាល័យ​ជ្រាប់​យើង​នេះ​ ។ ទន្ទឹម​នេះ លោក​ជំទាវ​បណ្ឌិត តំណាង​ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​នាំ​យក​នូវ​អំណោយ និង ប្រាក់​ឧបត្ថម្ភ​ដើម្បី​ចែក​ជូន​លោកគ្រូ​-​អ្នកគ្រូ និង​ក្មួយ​ៗ​សិស្សានុសិស្ស​នៃ​អនុ​វិទ្យាល័យ​ជ្រាប់ សរុប​ប្រមាណ ២២៨ នាក់​រួម​មាន ​៖ ប្រាក់ ឧបត្ថម្ភ​អនុ​វិទ្យាល័យ​ជ្រាប់ ចំនួន ២ លាន​រៀល​, លោកគ្រូ​-​អ្នកគ្រូ ២៥ នាក់ ក្នុង​ម្នាក់​ទទួល​បាន​ថវិកា ៥ ម៉ឺន​រៀល និង​សិ​ស្សា​នុ សិស្ស​ចំនួន ២០៣ នាក់ ក្នុង​ម្នាក់​ទទួល​បាន​សម្ភារៈ​សិក្សា ​១​ឈុត​មាន​៖ សៀវភៅ ២​ក្បាល​, ប៊ិ​ច ២​ដើម​, ខ្មៅ​ដៃ ២​ដើម​, ជ័រលុប ១, ប្រដាប់​ខួង ខ្មៅ​ដៃ​ ១ និង បន្ទាត់ ១​ដើម ​៕ អត្ថបទសហការ