ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​តំណាង​ឱ្យ​កម្មករ កម្មការិនី ​នៅ​ទូ​ទាំង​ប្រទេស​រីករាយ មាន​មោទនភាព និង​ស្ញប់ស្ញែង​ចំពោះ​រាជរដ្ឋាភិបាល​ ដែល​ចុះ​ទីតាំង​ឧក្រិដ្ឋកម្ម​ទៅ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖​ សហជីព​តំណាង​ឱ្យ​កម្មករ កម្មការិនី​នៅ​ទូ​ទាំង​ប្រទេស បាន​បង្ហាញ​ក្តី​រីករាយ មាន​មោទនភាព និង​ស្ងប់​ស្ញែង​យ៉ាង​ខ្លាំង ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​និង​សម្រេច​បាន ការ​ចុះបញ្ជី​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖​ សហជីព​តំណាង​ឱ្យ​កម្មករ កម្មការិនី​នៅ​ទូ​ទាំង​ប្រទេស បាន​បង្ហាញ​ក្តី​រីករាយ មាន​មោទនភាព និង​ស្ងប់​ស្ញែង​យ៉ាង​ខ្លាំង ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​និង​សម្រេច​បាន ការ​ចុះបញ្ជី​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥​ ។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា ប្រាប់​ថា នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​កម្ពុជា ដែល​បាន​ដាក់​បញ្ចូល​ទីតាំង ​ចំនួន​៣ គឺជា​ទីតាំង​ឧក្រិដ្ឋកម្ម​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​នេះ​គឺជា​ការ​នាំ​យក​នូវ​យុត្តិធម៌​ថ្មី​បន្ថែម​ទៀត ​ជូន​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ធ្លាប់​ទទួល​រង​គ្រោះ ​ក្នុង​របប​ប្រល័យពូជសាសន៍ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ក្រោម​របប​ប៉ុ​ល​ពត ​ដែល​ត្រូវ​បាន​រំដោះ​នៅ​ឆ្នាំ​១៩៧៩​ កន្លង​មកនេះ ​។

លោក​ថ្លែង​ថា​៖ «​យើង​ពិតជា​រីករាយ ហើយ​សាទរ ត្រេកអរ ហើយ​ក៏​សូម​ថ្លែងអំណរគុណ ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​ប្រឹងប្រែង នាំ​យក​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​របស់​កម្ពុជា ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​ថា កម្ពុជា​ធ្លាប់​មាន​របប​ខ្មៅ​ងងឹត របប​ប្រល័យពូជសាសន៍ ហើយ​រប​បទ​នេះ​ត្រូវ​បាន​រំដោះ​បាន​ដោយ​ជោគជ័យ ដោយ​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន ជា​ពិសេស គឺ​សម្តេច​តេ​ជោ ហ៊ុន សែន តែ​ម្តង​»​ ។

ទន្ទឹម​គ្នា​នេះ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ក៏​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ អបអរសាទរ ស្ញប់​ស្អែ​ង​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ទាំងអស់ ដែល​បាន​ខិតខំ​សម្រេច​កិច្ច​ការងារ​នេះ​ដោយ​ជោគជ័យ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​តំណាង​ឱ្យ​បងប្អូន​សមាជិក សមាជិកា នៃ​សម្ព័ន្ធ​សហជីព​ជាតិ​ទាំងអស់​សូម​ចូលរួម​អបអរសាទរ និង​មាន​មោទកភាព​បំផុត ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​ដាក់​បញ្ចូល​ទីតាំង​ឧក្រិដ្ឋកម្ម​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដូច​ច្នេះ ខ្ញុំ​មាន​មោនភាព និង​សូម​កោតសរសើរ និង​ស្ញប់ស្ញែង​បំផុត ចំពោះ​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ចុះបញ្ជី​ក្នុង​បេតិកភណ្ឌ​ពិភពលោក​នូវ​ទីតាំង​ឧក្រិដ្ឋកម្ម​ទាំង​៣ ដែល​ទើប​ទទួល​បាន​ក្នុង​ពេល​ថ្មី​ៗ​នេះ​» ​។

ស្រ​ដៀង​គ្នា​នេះ លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ក៏​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង និង​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ឱកាស​ដែល​បាន​ចុះបញ្ជី​បូជនីយដ្ឋាន​កម្ពុជា​ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មជ្ឈមណ្ឌល​ផ្សះផ្សា​សន្តិភាព​ក្នុង​បេតិកភណ្ឌ​ពិភពលោក ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ជ្រាលជ្រៅ ​បំផុត​ក្នុង​ឱកាស​នៃ​ការ​ចុះបញ្ជី​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា​សន្តិភាព​រួម​មាន អតីត​មន្ទីរឃុំឃាំង ម​១៣ សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង និង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ​ទី​១១ កក្កដា ២០២៥ នឹង​ក្លាយជា​កាលបរិច្ឆេទ​ចង​ចាំ​ប្រវត្តិសាស្ត្រ និង​មាន​សារសំខាន់​បន្ថែម​ទៀត​សម្រាប់​ជាតិ និង​ប្រជាជន​»​ ។

ចំណែក លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ ថ្លែង​ថា ការ​ដាក់​ទីតាំង​ទាំង​៣​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ​គឺជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​ទម្រាំ​មាន​ថ្ងៃនេះ ឆ្លងកាត់​ទុក្ខសោក​វេទនា​និង​ការ​លំបាក​រាប់​មិន​អស់​ ។

លោក​បញ្ជាក់​ថា​៖ «​យើង​ពិតជា​រំភើប​រីករាយ​ត្រេកអរ​ក្រៃ​លែង ដើម្បី​ជា​ការ​រំលឹក​មួយ​ថា ខ្មែរ​ទម្រាំ​តែ​បាន​ថ្ងៃនេះ​គឺ​ឆ្លងកាត់​ការ​លំបាក​ច្រើន​ណាស់ វេទនាណាស់ ជីវិត​ត្រូវ​បាន​បាត់បង់​ជា​ច្រើន គ្រួសារ​ប្តី​ប្រពន្ធ​កូនចៅ​ម្តាយ​ឪពុក​ត្រូវ​បាន​ព្រាត់ប្រាស់​គ្នា នេះ​ហើយ​ជា​អ្វី​ដែល​ខ្មែរ​មិន​អាច​បំភ្លេច​បាន ហើយ​ការ​ចុះបញ្ជី​ទីតាំង​ឧក្រិដ្ឋកម្ម​នេះ ទៅ​ជា​កន្លែង​ផ្សះផ្សា និង​សន្តិភាព​នេះ គឺ​ពិតជា​មាន​មោទនភាព​ខ្លាំង និង​ស្ញប់ស្ញែង​ណាស់​ទៅ​ដល់​រាជរដ្ឋាភិបាល​» ​។

គួរ​បញ្ជាក់​ថា អង្គការ​យូ​ណេ​ស្កូ​ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ចុះ «​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​ផ្សះផ្សា​និង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នា​សម័យប្រជុំ​លើក​ទី​៤៧ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥​ ។ ទីតាំង​ទាំង​៣​រួម​មាន​ទី​១ អតីត​មន្ទីរឃុំឃាំង​១៣ ស្ថិត​នៅ​ចន្លោះ​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ទី​២ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង នៅ​រាជធានី​ភ្នំពេញ និង​ទី​៣ មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក នៅ​រាជធានី​ភ្នំពេញ​ ៕ អត្ថបទសហការ