រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវពលករខ្មែរនៅក្នុងប្រទេសថៃមកធ្វើការនៅប្រទេសកម្ពុជាវិញ ព្រោះថាពលករនឹងទទួលបានផលប្រយោជន៍ពីការធ្វើការនៅប្រទេសកម្ពុជាច្រើនជាងការធ្វើការនៅប្រទេសថៃ ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្មករធ្វើការនៅរោងចក្រក្នុងប្រទេសកម្ពុជា ទទួលប្រាក់ឈ្នួលអប្បបរមាបូកជាមួយនឹងអត្ថប្រយោជន៍ និងការថែមម៉ោងផ្សេងៗ គឺអាចទទួលបាន ៣០០ដុល្លារក្នុងមួយខែ ។ ក្រៅពីប្រាក់ឈ្នួលប្រចាំខែ កម្មករក៏ទទួលបានប័ណ្ណ ប.ស.ស. ដែលជួយទំនុកបម្រុងបងប្អូនកម្មករលើការថែទាំសុខភាពទាំងពេលកំពុងធ្វើការ និងពេលចូលនិវត្តន៍ ។ ជាមួយគ្នានេះ តាមរយៈ ប.ស.ស. បងប្អូនកម្មករ នឹងទទួលបានប្រាក់សោធននិវត្តន៍ផងដែរ ។
«ក្រៅពីអ្វីជាផលប្រយោជន៍ ជាថវិកា ជាបៀវត្សនេះ គឺបងប្អូនយើងធ្វើការនៅកម្ពុជាយើង គឺបងប្អូនបានប័ណ្ណ ប.ស.ស. » ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ដូចនេះ និងបានបញ្ជាក់ថា ប័ណ្ណ ប.ស.ស. នេះ មានតម្លៃទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។ ពេលបងប្អូនធ្វើការ ចៃដន្យមានគ្រោះថ្នាក់ បងប្អូនមិនចាំបាច់ចេញថវិកាពីហោប៉ៅរបស់បងប្អូននោះទេ គឺក្រុមហ៊ុន និង ប.ស.ស. ជាអ្នកចេញថ្លៃព្យាបាលរបស់បងប្អូនដោយមិនគិតថ្លៃ ហើយពេលកំពុងព្យាបាល ក៏ទទួលបាននូវប្រាក់បៀវត្សដែរ។ ពេលបងប្អូនឈឺ ប.ស.ស. នឹងចេញថ្លៃព្យាបាលរបស់បងប្អូន ហើយពេលកំពុងព្យាបាល ក៏ទទួលបានប្រាក់បៀវត្សដូចគ្នា ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ពលករខ្មែរអាចធ្វើការនៅប្រទេសគេបាន នៅពេលមានអាយុក្មេង ។ តែពេលដល់វ័យចំណាស់ និងត្រូវត្រឡប់មកប្រទេសកំណើវិញ ការចំណាយលើការថែទាំសុខភាព និងរស់នៅប្រចាំថ្ងៃជាបន្ទុកផ្ទាល់របស់ពលករ ។ តែបើធ្វើការនៅប្រទេសកម្ពុជា ពលករខ្មែរ អាចមានទាំងថ្លៃឈ្នួលការងារ មានទាំងការមើលថែទាំសុខភាពដោយឥតគិតថ្លៃ និងមានទាំងប្រាក់សោធននិវត្តន៍នៅវ័យចំណាស់ ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅកាន់បងប្អូនពលករខ្មែរ ដែលកំពុងនៅប្រទេសថៃថា សូមបងប្អូនត្រឡប់មកធ្វើការនៅប្រទេសកំណើតវិញ។ នៅកម្ពុជា មិនខ្វះការងារជូនបងប្អូនធ្វើនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនទទួលស្វាគមន៍បងប្អូន ហើយព្រមទាំងមានការងារសមរម្យសម្រាប់ជូនបងប្អូនផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ