ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អបអរសាទរ​ ការ​ចុះបញ្ជី​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ ជា​មណ្ឌល​ផ្សះផ្សា​និង​សន្តិភាព ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ យ៉ាង​អធិកអធម

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៥ បាន​រៀបចំ​ពិធី​វាយគង ទូងស្គរ អបអរសាទរ​ការ​ចុះបញ្ជី​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា​ និង​សន្តិភាព​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នា​សម័យប្រជុំ​លើក​ទី​៤៧ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ ដែល​ពិធី​នេះ បាន​ប្រព្រឹត្ត​នៅ​ទីស្តីការក្រសួង ​។

ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រកបដោយ​ទឹកចិត្ត​ សោមនស្ស​រីករាយ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​ថ្លែង​ថា ការ​ចុះបញ្ជី​នេះ​ជា​ការ​បញ្ជាក់​ឱ្យ​ឃើញ​ថា អង្គការ​អន្តរជាតិ ក៏​ដូច​ជា​មនុស្សជាតិ​ទាំងមូល ​បាន​ទទួលស្គាល់​នូវ​អ្វី​ជា​សោ​នាដកម្ម ដែល​បាន​កើត​មាននៅ​កម្ពុជា ក្នុងអំឡុងពេល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ក្រោម​ការ​ដឹកនាំ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្តែ​ដោយសារ​ថ្ងៃ​៧ មក​រា របប​នោះ ត្រូវ​បាន​ដួល​រលំ ហើយ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ជាតិ​របស់​យើង​ក៏​មាន​ចាប់ផ្តើម​ឡើងជា​ថ្មី​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា​៖ «​តាម​រយៈ​ការ​ឆ្លងកាត់​នៃ​បទ​ពិសោធ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​កសាង​នូវ​សន្តិភាព ដាក់​ចេញ​នូវ​គោលនយោបាយ ឈ្នះ ឈ្នះ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​របស់​យើង​មានការ​ផ្សះផ្សា មានការ​រួបរួម និង​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ទូ​ទាំង​ប្រទេស​របស់​យើង​នៅ​ឆ្នាំ​១៩៩៨» ​។

សូម​បញ្ជាក់​ថា ក្នុង​ឱកាស​នៃ​ការ​ចុះ​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា​និង​សន្តិភាព ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ បាន​រាប់​បញ្ចូល​ទីតាំង​ចំនួន​៣​កន្លែង រួម​មាន អតីត​មន្ទីរឃុំឃាំង ម​-១៣ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង និង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍ ជើងឯក​ ។ ព្រឹត្តិការណ៍​នេះ នឹង​ក្លាយជា​កាលបរិច្ឆេទ​ នៃ​ការ​ចង​ចាំ​ជា​ប្រវត្តិសាស្ត្រ និង​មាន​សារៈសំខាន់​មួយ ​បន្ថែម​ទៀត ​សម្រាប់​ជាតិ ប្រជាជន​កម្ពុជា និង​ពិភពលោក​ទាំងមូល​ ។

គួរ​រំលឹក​ផង​ដែរ ការ​ចុះបញ្ជី​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា ប្រធាន​ព្រឹទ្ធសភា និង​ជា ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយករ​ដ្ន​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​គតិបណ្ឌិត ភ្លឺ​ថ្លា បាន​បន្ត​ដឹកនាំ ផ្តល់​យោបល់ និង​ណែនាំ​ដល់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​លទ្ធភាព​បញ្ចូល​ទីតាំង​សារមន្ទីរ​ទួល​ស្លែង ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ​នៃ​អង្គការ​យូ​ណេ​ស្កូ​ សម្រាប់​បន្សល់​ទុកជា​កេរ្តិ៍​មរតក​ប្រវត្តិសាស្ត្រ​ នៃ​ការ​ចង​ចាំ​ដល់​កូនចៅ​ជំនាន់​ក្រោយ ​រាប់​ពាន់​ឆ្នាំ​តទៅ​មុខ ​។

មហា​សមិទ្ធផល​នេះ គឺជា​កិត្យានុភាព​ដ៏​ខ្ពស់ត្រដែត​ថ្មី​មួយទៀត​ របស់​ជាតិ​យើង​លើ​ឆាក​អន្តរជាតិ ដែល​កើត​ចេញពី​ការ​បន្តវេន​នៃ​វីរជន​ខ្មែរ​ជំនាន់​ក្រោយ​ៗ ស្មារតី​សាមគ្គី​រួបរួម​ជាតិ «​ខ្មែរ​តែ​មួយ​» ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព ដែល​ជា​មូលដ្ឋាន​នៃ​ការ​កសាង ​និង​ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ រួម​ទាំង​ការ​អភិរក្ស ការ​អភិវឌ្ឍ​សម្បត្តិ​វប្បធម៌ និង​ការ​ការពារ​សច្ចភាព​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ ។

ជា​ថ្មី​ម្តងទៀត ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្តែង​នូវ​អំណរ​សាទរ មោទនភាព និង​សូម​រំលឹក​គុណ​ដល់​វីរភាព​ដ៏​ថ្លៃថ្លា​របស់​ថ្នាក់ដឹកនាំ​នូវ​ការ​រួបរួម​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស ជា​មរតក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ក្នុង​ការ​ប្រឆាំង​ដាច់ខាត​នៃ​វិនាសកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ ៕ អត្ថបទសហការ