រាជធានីភ្នំពេញ ៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនៅទូទាំងប្រទេស នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកជាដើម ដើម្បីអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ ។
ជាមួយការអបអរសាទរនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរាជធានីភ្នំពេញ បានរៀបចំពិធីនេះយ៉ាងអធិកអធមនៅទីតាំងមន្ទីររបស់ខ្លួន ខណៈមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ខេត្តក៏បានរៀបចំអបអរសាទរនៅទីតាំងមន្ទីររបស់ខ្លួនផងដែរ ។
លោក អេង សុវិចិត្រ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ថ្លែងថា ការចុះបញ្ជីបូជនីយដ្ឋាននេះ គឺជាអនុភាព ១ទៀតនៃកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដែលជាមោទនភាពជាតិ គួរឱ្យស្ងើចសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ។ លោកថ្លែងថា ៖ «មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិដែលកើតចេញពីការបន្តវេននៃវរជនខ្មែរជំនាន់ក្រោយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ស្មារតីសាមគ្គីរួបរួមជាតិខ្មែរតែមួយ» ។
គួររំលឹកថា បូជនីយដ្ឋានចងចាំនៃកម្ពុជា រួមមានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស ២១) មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះបញ្ជីក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្នាក់ការអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើសុំជាផ្លូវការ ដោយរាជរដ្ឋភិបាលកម្ពុជាកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ ក្រោមការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ