ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការងារ «​អ្វី​ដែល​ត្រូវ​បារម្ភ​ គឺ​កង្វះ​កម្លាំង​ពលកម្ម​សម្រាប់​រោងចក្រ​សហគ្រាស»

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា នៅ​ថ្ងៃ​ទី ​៨ ខែកក្កដា…

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា នៅ​ថ្ងៃ​ទី ​៨ ខែកក្កដា ឆ្នាំ ​២០២៥ ​នេះ ថា អ្វី​ដែល​កម្ពុជា​ត្រូវ​បារម្ភ​គឺ​កង្វះ​កម្លាំង​ពលកម្ម​សម្រាប់​រោងចក្រ​សហគ្រាស​ដែល​កំពុង​ដំណើរការ និង​គ្រោង​ដំណើរការ​រាប់រយ​បន្ថែម​ទៀត ។

លោក​បន្ត​ថា អត្រាពន្ធ​របស់​អាម៉េរិក​នេះ​គឺជា​រឿង​សកល ដែល​មិនមែន​ជា​រឿង​ដាច់​ដោយឡែក​របស់​កម្ពុជា​នោះ​ឡើយ ពោល​គឺ ឡាវ​ជាប់​អត្រាពន្ធ ៤0% មី​យ៉ា​ន់​ម៉ា ៤0% ថៃ ៣៦% បង់​ក្លា​ដែ​ស ៣៥% ឥណ្ឌូ​នេ​ស៊ី ៣២% និង​កម្ពុជា ៣៦%​។ សម្រាប់​កម្ពុជា ក្រោយ​ពី​ការ​ចរចា​ពន្ធ កម្ពុជា​ទទួល​បានការ​កាត់​បន្ថយពន្ធ​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ពី ៤៩%​ មក​ត្រឹម ៣៦%​ ។

លោក​កត់សម្គាល់​ឃើញ​ថា ពន្ធ​របស់​អាម៉េរិក​នៅ​ក្នុង​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ​២០២៧ ដែល​មាន​រយៈពេល​តែ ២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ព្រោះ​អា​មេ​រិ​ក​នឹង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ដែល​នឹង​ធ្វើ​ឱ្យ​រោងចក្រ​សហគ្រាស​នៅ​តែ​បន្ត​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា ​។ ចំណែកឯ​រោងចក្រ​ធំ​ៗ​វិញ គឺ​មាន​ទីផ្សារ​ទូ​ទាំង​ពិភពលោក ដូចនេះ​ពួក​គេ​អាច​បង្វែរ​ទីផ្សារ​ទៅ​កាន់​ប្រទេស​អឺរ៉ុប កា​ណា​ដា អូស្ត្រាលី ជប៉ុន អង់គ្លេស និង​ចិន​ជាដើម ​។ ប៉ុន្តែ រោងចក្រ​តូច​ៗ​ដែល​ទទួល​ការ​បញ្ជា​ទិញ​បន្ត​ច្រើន​តង់​គ្មាន​ទីផ្សារ​ច្បាស់លាស់​នឹង​បាត់បង់​ការ​ប្រកួតប្រជែង​ ។

លោក​ថា ​៖ “​រោងចក្រ​ខ្នាត​អន្តរជាតិ​ដូច​ជា H&M, GAP, PUMA និង NIKE ជាដើម នឹង​មិន​រើ​រោងចក្រ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ ព្រោះ​រោងចក្រ​ធំ​ៗ​ទាំងនេះ មាន​ទីផ្សារ​ច្រើន​ក្រៅពី​អាម៉េរិក​ដូច​ជា ទីផ្សារ​អឺរ៉ុប អង់គ្លេស ជប៉ុន ចិន កា​ណា​ដា និង​អូស្ត្រាលី​ជាដើម​”​ ។

បន្ថែម​ពី​នេះ ក្រៅពី​កម្លាំង​ពលកម្ម​របស់​កម្ពុជា​មាន​ផលិតភាព​ខ្ពស់ វិនិយោគិន​ក៏​ទទួល​បាន​នូវ​ការ​សម្រួល​យ៉ាង​ល្អ​ប្រសើរ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ហើយ​សូ​ម្បី​ក្រសួង​ការងារ​ក៏​បាន​កាត់​បន្ថយ​សេវា​ជា​ច្រើន​ដើម្បី​សម្រួល​ដល់​វិនិយោគ​ដែរ ​។

អ្នកនាំពាក្យ​រូប​នេះ មើលឃើញ​ថា ការ​រើ​រោងចក្រ​ត្រូវ​ចំណាយពេល​យូរ និង​មាន​នីតិវិធី​ស្មុគស្មាញ ត្រូវ​ចុះបញ្ជី ទិញ​/​ជួល​ទីតាំង​ដី និង​សំណង់ និង​ត្រូវ​សាងសង់ រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ក្នុង​រោងចក្រ ហើយ​ការ​រើស​បុគ្គលិក និង​ការ​ផ្តើម​ប្រតិបត្តិការ​គឺ​មិន​អាច​ធ្វើ​ឱ្យ​រោងចក្រ​ធំ​ៗ​ជ្រើសរើស​ការ​រើ​ចេញ​នោះ​ឡើយ​ ។

ក្រៅពី​បញ្ហា​ពន្ធ​អា​មេ​រិ​ក​ចំនួន ៣៦% កម្ពុជា​កំពុង​រីករាយ​នឹង​គម្រោង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ៣៧៣ ជាមួយនឹង​ទុន​វិនិយោគ ៥,៨ ប៊ី​លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ឱកាស​ការងារ​ប្រមាណ​ជាង ២៥​ម៉ឺន​កន្លែង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ ត្រង់​ចំណុច​នេះ អ្នកនាំពាក្យ​រូប​នេះ បាន​លើក​ឡើង​ថា ការ​សម្រេចចិត្ត​របស់​វិនិយោគ​បរទេស​ដែល​មាន​ទាំង​ក្រុមហ៊ុន​អាម៉េរិក​ផង ក៏​បានដឹង​ពី​ពន្ធ​របស់​អាម៉េរិក​ដែរ ប៉ុន្តែ​នៅ​តែ​មក​បោះទុន​វិនិយោគ នោះ​មាន​ន័យ​ថា ពន្ធ​អាម៉េរិក​រយៈពេល​ខ្លី​នេះ គឺ​ប្រហែលជា​មិនមែន​ជា​ការ​ព្រួយបារម្ភ​ធំដុំ​ទេ​ ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ ដល់​សង្គម​ស៊ី​វិល សហជីព និង​អ្នកនយោបាយ​មួយ​ចំនួន​តូច កុំ​ប្រើប្រាស់​លេស ការ​តម្លើង​ពន្ធ​របស់​អាម៉េរិក​មក​លើ​កម្ពុជា ជា​ឈ្នាន់​នយោបាយ បំភិតបំភ័យ​កម្មករ និង​ពលរដ្ឋ​ស្លូតត្រង់ ហើយ​គួរ​ប្រកាន់​យក​ប្រយោជន៍​ជាតិ​ដ៏​ឧត្តុង្គឧត្តម​ជំនួស​វិញ​ ៕ អត្ថបទសហការ