
អង្គការអន្តរជាតិខាងការងារ (ILO) អបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា
ទីក្រុងហ្ស៊ឺណែវ ៖ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម សោម ចំណាន…
ទីក្រុងហ្ស៊ឺណែវ ៖ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម សោម ចំណាន…
ទីក្រុងហ្ស៊ឺណែវ ៖ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយលោកស្រី Kaori Nakamura-Osaka ជំនួយការអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) អំឡុងពេលបំពេញបេសកកម្មចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្ស៊ឺណែវ ។
ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរចំពោះលោកស្រី Nakamura ដែលត្រូវបានតែងតាំងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការ ILO កាលពីខែមីនា ឆ្នាំ ២០២៥ កន្លងមកនេះ និងលើកឡើងពីសារសំខាន់នៃភាពជាដៃគូ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងអង្គការ ILO ជាពិសេសតាមរយៈកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), គម្រោងរោងចក្រកាន់តែប្រសើរឡើង (BFC) និងយន្ដការកាតាលីករសកល (Global Accelerator) ហៅកាត់ថា GA ។
ឯកឧត្តមក៏បានជម្រាបជូនពីវឌ្ឍនភាព នៃការអនុវត្តយន្ដការកាតាលីករសកល ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តពេញលេញរបស់កម្ពុជា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់ GA ដោយបានកត់សម្គាល់ពីភាពបន្ស៊ីគ្នានៃផែនទីបង្ហាញផ្លូវ GA ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ។
លោកស្រី Nakamura បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះសុឆន្ទៈក្នុងការទទួលយកតួនាទីជាប្រទេសនាំផ្លូវសម្រាប់ការអនុវត្ត GA។ លោកស្រីក៏បានអបអរសាទរចំពោះជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក កាលពីខែមេសា ឆ្នាំ ២០២៥ ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ