ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ABA ទទួល​ស្វាគមន៍​គណៈប្រតិភូ​កា​ណា​ដា ក្រោម​បេសកកម្ម​ពាណិជ្ជកម្ម​ក្នុង​តំបន់

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ABA បាន​ទទួល​ស្វាគមន៍​ក្រុមការងារ​បេសកកម្ម​ពាណិជ្ជកម្ម​កា​ណា​ដា (Team Canada Trade Mission) សម្រាប់​ជំនួប​ស្ថាប័ន​ជា​ផ្លូវការ…

រាជធានីភ្នំពេញ ៖ ធនាគារ ABA បាន​ទទួល​ស្វាគមន៍​ក្រុមការងារ​បេសកកម្ម​ពាណិជ្ជកម្ម​កា​ណា​ដា (Team Canada Trade Mission) សម្រាប់​ជំនួប​ស្ថាប័ន​ជា​ផ្លូវការ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ​30 ខែឧសភា ឆ្នាំ 2025 ។ ជំនួប​នេះ មាន​គោលបំណង​ចែករំលែក​ទៅ​កាន់​គណៈប្រតិភូ អំពី​ដំណើរ​វឌ្ឍនភាព និង​ភាព​ជោគជ័យ​របស់ ABA ក្នុង​ការ​រួមចំណែក​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​។

ដឹកនាំ​ដោយ​លោកស្រី Sara Wilshaw ប្រធាន​ស្នងការ​ពាណិជ្ជកម្ម​កា​ណា​ដា និង​ជា​ឧបការី​ជាន់ខ្ពស់​របស់​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អន្តរជាតិ គណៈប្រតិភូ​បាន​ជួប​សំណេះសំណាល​ជាមួយ លោក Askhat Azhikhanov អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារ ABA ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពី ABA និង​ធនាគារជាតិ​កា​ណា​ដា នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ ABA ​។

ក្នុង​ពេល​ជំនួប គណៈ​គ្រប់គ្រង​ធនាគារ ABA បាន​បង្ហាញ​ជូន​គណៈប្រតិភូ​បេសកកម្ម នូវ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​ពង្រីក​ខ្លួន​ជា​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​ប្រកបដោយ​ន​វា​នុ​វត្ត តាមដាន​ដំណើរ​របស់​ខ្លួន រហូត​ដល់​តំណែង​បច្ចុប្បន្ន​ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​ ។

ABA ក៏​បាន​ជម្រាប​ជូន​គណៈប្រតិភូ​នូវ​ការ​រួមចំណែក​របស់​ខ្លួន ក្នុង​ការ​ពង្រឹង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​ផង​ដែរ រួម​មាន​ជា​អាទិ៍ កិច្ច​ប្រឹងប្រែង​របស់ ABA ក្នុង​ការ​ពង្រីក​ទិដ្ឋភាព​ហិរញ្ញវត្ថុ​តាម​រយៈ​ផលិតផល និង​សេវា​ធនាគារ​ដ៏​សម្បូរ​បែប លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​តាម​រយៈ​ផលិតផល​ឯក កម្មវិធី ABA Mobile និង​ជួយ​បង្កើន​ទំនុកចិត្ត​ក្នុង​វិស័យ​ធនាគារ ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ឧបករណ៍ និង​ដំណោះស្រាយ IT និង សន្តិសុខ​លើ​អ៉ីនធឺណិត ​។

លោក Askhat Azhikhanov មាន​ប្រសាសន៍​ថា “​នេះ​ជា​កិត្តិយស​របស់​យើងខ្ញុំ ដែល​បាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ​នៃ​ក្រុមការងារ​បេសកកម្ម​ពាណិជ្ជកម្ម​កា​ណា​ដា មក​កាន់​ធនាគារ ABA​។ ដំណើរ​ទស្សនកិច្ច​នេះ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ឆន្ទៈ​រួម​ក្នុង​ការ​ស្វែង​យល់​ពី​មូលដ្ឋាន​ប្រតិបត្តិការ ដែល​គាំទ្រ​ដល់​ទិដ្ឋភាព​ធុរកិច្ច​ក្នុង​ប្រទេស​កម្ពុជា​”​ ។

លោក​បាន​បន្ថែម​ថា “​ក្នុង​នាម​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា យើងខ្ញុំ​បាន​ប្រតិបត្តិ​តាម​គោលការណ៍​ស្ថាប័ន​ដ៏​រឹង​មាំ ដោយ​បត់បែន​ទៅ​តាម​តម្រូវការ និង​ថាមវន្ត​នៃ​បរិបទ​កម្ពុជា​។ យើងខ្ញុំ ស្វាគមន៍​បណ្ដា​ធុរកិច្ច​កា​ណា​ដា ដែល​មាន​បំណង​ចង់​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា និង​ត្រៀម​ជា​ស្រេច ក្នុង​ការ​ផ្តល់​ជូន​ស្ថាប័ន​ទាំងនោះ នូវ​សេវាកម្ម​ពេញលេញ និង​ដំណោះស្រាយ​ធនាគារ​ដ៏​ទំនើប​របស់​យើងខ្ញុំ​”​ ។

ជាមួយ​ការ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម គោលបំណង​មួយ​នៃ​បេសកកម្ម​ពាណិជ្ជកម្ម​នេះ គឺ​ស្វែងរក​ដៃគូ​ក្នុងស្រុក​ដែល​អាច​ជឿ​ទុកចិត្ត​បាន ដូច​ជា​ធនាគារ ABA ជាដើម ដែល​អាច​ជួយ​សម្រប​សម្រួលការ​វិនិយោគ​របស់​ធុរកិច្ច​កា​ណា​ដា​នៅ​កម្ពុជា​ក្នុង​ថ្ងៃ​អនាគត​។ ភាព​ជា​ដៃគូ​ទាំងនេះ នឹង​ដើរតួ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ផលប្រយោជន៍​សេដ្ឋកិច្ច​រយៈពេល​វែង ចំពោះ​ប្រទេស​ជាតិ​ទាំង​ពីរ ​។

លោកស្រី Sara Wilshaw ក៏​មាន​មតិ​ទៅ​លើ​ជំនួប​នេះ​ថា “​ការ​យល់​ដឹង​អំពី​ទស្សនវិស័យ​ប្រតិបត្តិការ​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ជូនដំណឹង​ដល់​ធុរកិច្ច​កា​ណា​ដា ដើម្បី​ឈាន​ជើង​ចូល​ទីផ្សារ​យ៉ាង​មាន​ទំនុកចិត្ត​។ កំណើន និង​ភាព​ជោគជ័យ​របស់​ធនាគារ ABA គឺជា​ឧទាហរណ៍​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​រួមចំណែក​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​និរន្ដរភាព និង​រឹង​មាំ​”​ ។

ធនាគារ ABA មាន​មោទនភាព​ដែល​បាន​សម្របសម្រួល​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ និង​បន្ត​អនុវត្ត​ការងារ​របស់​ខ្លួន​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច និង​កំណើន​ដែល​ជំរុញ​ដោយ​ន​វា​នុ​វត្ត​ភាព ​។

អំពី​ធនាគារ ABA ៖
ABA គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា គិត​លើ​ទ្រព្យសកម្ម​សរុប​, ប្រាក់​បញ្ញើ​, ប្រាក់​កម្ចី និង​ប្រាក់​ចំណេញ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ 2021-2023​ ។
ធនាគារ ABA មាន 101 សាខា​, ទីតាំង​ស្វ័​យ​សេវា ABA 24/7 ចំនួន 45 កន្លែង​, ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង 1,800 នៅ​ទូ​ទាំង​ប្រទេស​, សេវា​ធនាគារ​អន​ឡាញ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប ដែល​បម្រើ​អតិថិជន​ជាង 5 លាន​នាក់ ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប ងាយស្រួល និង​សុវត្ថិភាព​ ។ អតិថិជន​របស់​ធនាគារ រួម​មាន​សាជីវកម្ម សហគ្រាស​ធុន​តូច​និង​មធ្យម អាជីវកម្ម​ខ្នាត​មីក្រូ និង​រូបវន្ដបុគ្គល ​។ ធនាគារ ABA គឺជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា ដែល​ជា​ធនាគារ​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កា​ណា​ដា មានទ្រព្យ​សកម្ម​ជាង 334 ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ថ្ងៃ​ទី 31 ខែមករា ឆ្នាំ 2025 និង​មាន​បណ្តាញ​ធនាគារ​ឆ្លើយឆ្លង​ដ៏​ធំ​នៅ​ទូ​ទាំង​ពិភពលោក ៕ អត្ថបទសហការ