ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ​ជួយខ្មែរ ! អ្នកឧញ៉ា លាង ម៉េ​ង ចុះ​សួរសុខទុក្ខ និង​នាំ​យក​ថវិកា សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ​ សរុប​ ១០​ ម៉ឺន​ដុល្លារ ជូន​កងទ័ព​ជួរ​មុខនៅ​ព្រំដែន​ខេត្តឧត្តរមានជ័យ

2 ថ្ងៃ មុន

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃ​ទី​ ១១ ខែមិថុនា ឆ្នាំ ​២០២៥ នេះ អ្នកឧកញ៉ា លាង…

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃ​ទី​ ១១ ខែមិថុនា ឆ្នាំ ​២០២៥ នេះ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ដឹកនាំ​ក្រុម​កីឡាករ តារា​កំប្លែង ពែ​ក មី និងពិធីករ​លោក រ៉ា ស៊ី ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ប្រគល់​អំណោយ​ផ្ទាល់ ឱ្យ​កាន់តែ​កក់ក្តៅ ជូន​ដល់​កងទ័ព​ជួរ​មុខ​ដែល​កំពុង​ឈរជើង​នៅ​សមរភូមិ​ទិស​ ៣ យោធភូមិ​ភាគ​ទី ​៤ ដែល​មានការ​ចូលរួម​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​កងពលធំ អន្តរាគមន៍​លេខ ​២ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​សមរភូមិ​ទិស ​៣ ​។

បង្ហាញ​ពី​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនមេ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ទាំង​ពីរ​លើក​នេះ សរុប ៥០ ម៉ឺន​ដុល្លារ​ឯណោះ ដោយ​​កាលពី​លើក​ទី​ ១ សហ​ស្ថាបនិក​ទាំង​ពីរ​របស់​ក្រុមហ៊ុន ជីប ម៉ុង គឺលោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េ​ង បាន​ចុះ​ទៅ​ប្រគល់​ជូន​ប្រាក់​ឧបត្ថម្ភ ៤០ ម៉ឺន​ដុល្លារ ដោយ​ផ្ទាល់ រួម​ទាំង​ទឹក​ពិសា​កម្ពុជា និង​ភេសជ្ជៈ ៥០០០ កេស ដល់​តំបន់​ព្រំដែន​ខេត្តព្រះវិហារ​ ។

ក្នុង​ឱកាស​ដ៏​ឧឡា​រិ​ក​នេះ អ្នកឧកញ៉ា លាង ម៉េ​ង បាន​ថ្លែង​ថា ​៖ «​ជំហ​នៃ​ការ​ចូលរួម​ឧបត្ថម្ភ​ជា​ហូ​ហែ​នេះ គឺ​ចង់​បង្ហាញ​ពី​ស្មារតី​ខ្មែរ​ចេះ​ជួយ​គ្នា រួបរួមសាមគ្គី​គ្នា​ជា​ធ្នុង​មួយ ក្នុង​បេសកកម្ម​ជាតិ ការពារ​មាតុភូមិ និង​តែងតែ​រួម​សាមគ្គី​គ្នា​ពេល​មាន​បញ្ហា ខ្មែរ​ជួយ​ខ្មែរ ទៅ​វិញ​ទៅ​មក «​ព្រោះ​កូន​ខ្មែរ​គ្រប់​រូប សុទ្ធតែ​មាន​តួនាទី​ដូច​គ្នា ចូលរួម​ដើម្បី​ជាតិ​»​ ។​

អ្នកឧកញ៉ា បាន​សម្តែង​ការ​កោតសរសើរ​និង​លើក​តម្លៃ​ខ្ពស់​ដល់​ការ​លះបង់​របស់​គ្រប់​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​ជួរ​មុខ តាម​បន្ទាត់​ព្រំដែន​កម្ពុជា ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ខ្ជាប់ខ្ជួន ដោយ​ស្មារតី​អង់អាច​ក្លាហាន មាន​ឈាមជ័រ​ជា​ខ្មែរ ឈរ​លើ​ព្រំដែន​ខ្មែរ ការពារ​ទឹកដី​ដែល​ដូនតា​បាន​បន្សល់​ទុក ពេញ​ដោយ​មោទនភាព​ជាតិ ​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បន្ត​ចូលរួម​ចំណែក​ជា​ច​លករ​សំខាន់ ក្នុង​ការ​កៀរគរ​ការ​ឧបត្ថម្ភ​មក​កាន់​កងទ័ព​ជួរ​មុខ ដែល​នេះ​បញ្ជាក់​ច្បាស់​ថា គ្មាន​នរណា ស្រលាញ់​ខ្មែរ ជាង​ខ្មែរ​ដូច​គ្នា​នោះ​ទេ​។ ប្រៀប​ដូច​ជា​ការ​គាំទ្រ​លើក​ស្ទួយ​ផលិតផល​ខ្មែរ ដោយ​ចាប់ផ្តើម​ងាក​មក​ប្រើប្រាស់​ផលិតផល​គុណភាព​ខ្ពស់ ដែល​ខ្មែរ​យើង​អាច​ផលិត​បាន​ក្នុងស្រុក​ផ្ទាល់​។ ការ​ចូលរួម​ម្នាក់​បន្តិច​ៗ​របស់​បងប្អូន​ខ្មែរ​យើង នឹង​ក្លាយជា​សមិទ្ធផល​ធំ​មួយ​ក្នុង​ការ​ជំរុញ​វិស័យ​នានា​ក្នុងស្រុក សាង​ភាព​ខ្លាំង​មួយ​កម្រិត​ទៀត​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការ​ផ្តល់​ត្រឡប់​ទៅ​សង្គម​វិញ​ ។

ស្មារតី​ខ្មែរ​រួបរួម​គ្នា ​! ខ្មែរ ស្រលាញ់ ខ្មែរ​ !
គាំទ្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក ​! ៕ អត្ថបទសហការ