ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ត្រៀម​ដាក់បង្ហាញ​ឧបករណ៍​ទំនើប​ធ្វើ​ដោយ​ស្នាដៃ​សិស្ស​-​និស្សិត​កូន​ខ្មែរ យ៉ាង​ហោច​ ៥ ​ប្រភេទ នៅ​ក្នុង​ទិវាជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ លើក​ទី ​៨ ឆ្នាំ​ ២០២៥

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) ត្រៀម​ដាក់​បង្ហាញ​ឧបករណ៍​ទំនើប ដែល​ផលិត​ដោយ​ស្នាដៃ​សិស្ស​-​និស្សិត​កូន​ខ្មែរ យ៉ាង​ហោច​ចំនួន ៥​ប្រភេទ នៅ​ក្នុង​ឱកាស​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET…

រាជធានីភ្នំពេញ​ ៖ ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) ត្រៀម​ដាក់​បង្ហាញ​ឧបករណ៍​ទំនើប ដែល​ផលិត​ដោយ​ស្នាដៃ​សិស្ស​-​និស្សិត​កូន​ខ្មែរ យ៉ាង​ហោច​ចំនួន ៥​ប្រភេទ នៅ​ក្នុង​ឱកាស​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET Day) លើក​ទី​ ៨ ឆ្នាំ ​២០២៥ ក្រោម​ប្រធានបទ «​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​» ដែល​នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ថ្ងៃ​ទី ​១៥-១៦ ខែមិថុនា ឆ្នាំ​ ២០២៥​ នេះ ​។

លោក ជិន តា​រ៉ា នាយក​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម បានឱ្យ​ដឹង​ថា ឧបករណ៍​ទំនើប​ទាំងនោះ​រួម​មាន ម៉ាស៊ីន​ផលិត​ទឹកកក រថយន្ត​អគ្គិសនី​សម្រាប់​បូម​សំរាម ប្រព័ន្ធ​ស្មា​ត​ស៊ី​ធី ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ និង​ឧបករណ៍​សម្ភារៈ​សម្រាប់​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​ឯកទេស​កម្ម ជាដើម ​។

និស្សិត ម៉ោ​ល ចាន់​វិភាវី​ន រៀន​បរិញ្ញាបត្រ​បច្ចេកទេស​ជំនាញ​បរិក្ខារ​ត្រជាក់ ឆ្នាំ​ទី​ ១ នៃ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) បាន​ប្រាប់​ថា គាត់​ពិតជា​ចង់ឱ្យ​ថ្ងៃ​បង្ហាញ​ស្នាដៃ​របស់​គាត់​ឆាប់​មក​ដល់ ដើម្បី​បង្ហាញ​ដល់​មហាជន ជា​ពិសេស​សិស្សានុសិស្ស ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ដើម្បី​ឱ្យ​ពួក​គាត់ បាន​ស្វែង​យល់​បន្ថែម​ពី​ជំនាញ​បរិក្ខារ​ត្រជាក់​នេះ​ ។

និស្សិត ភា​វី​ន បាន​និយាយ​ថា​ ៖ «​សម្រាប់​បងប្អូន​ដែល​មាន​ចំណាប់អារម្មណ៍ និង​ស្រលាញ់​ជំនាញ​បច្ចេកទេស គួរតែ​ចូលរួម ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នេះ ព្រោះ​មាន​ស្នាដៃ​របស់​និស្សិត​ពីសា​លា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​នឹង​យក​មក​ដាក់​តាំង​បង្ហាញ​ឱ្យ​ទស្សនា ព្រមទាំង​បាន​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ជំនាញ​ទៀត​ផង​» ​។

និស្សិត រិ​ន គី​អេ​ង រៀន​បរិញ្ញាបត្រ​បច្ចេកទេស​ជំនាញ​បរិក្ខារ​ត្រជាក់​ម្នាក់​ទៀត បាន​លើក​ឡើង​ថា ការ​សិក្សា​ជំនាញ​នៅ​ទី​នេះ​បាន​អភិវឌ្ឍន៍​សមត្ថភាព​របស់​គាត់​ជា​ច្រើន ព្រោះ​វិទ្យាស្ថាន​មានកម្ម​វិធី​សិក្សា​សម្បូរ​បែប​ដូច​ជា គោលការណ៍​តម្រូវ​ឱ្យ​និស្សិត​មានការ​ចុះ​កម្មសិក្សា និង​ការ​សិក្សា​បែប​អនុវត្ត​ច្រើន​ជាង​ទ្រឹស្តី​ជាដើម ដែល​ជួយ​ឱ្យ រូប​គាត់​សម្រេច​បាន​សមិទ្ធផល​ទាំងនេះ​ ។

គី​អេ​ង បាន​ប្រាប់​ថា ​៖ «​ខ្ញុំ​ពេញចិត្ត​រាជរដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​ឱ្យ​មាន ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ណាស់​ព្រោះ​និស្សិត​មក​ពី​វិទ្យាស្ថាន​ដទៃ​ទៀត នឹង​បាន​បង្ហាញ​សមត្ថភាព ស្នាដៃ​សម្រាប់​បងប្អូន​យើង​ទស្សនា​» ​។

ទន្ទឹម​គ្នា​នេះ លោក ពៅ ថា​នៈ ជា​គ្រូ​បច្ចេកទេស​ជំនាញ​បរិក្ខារ​ត្រជាក់ បាន​រំលេច​ថា លោក​មាន​មោទនភាព​នឹង​សិស្ស​របស់​លោក​ជា​ខ្លាំង ដែល​បាន​បន្សល់​ទុក​នូវ​សមិទ្ធផល និង​ស្នាដៃ ជា​ច្រើន​រៀង​រាល់​ឆ្នាំ​ ។

លោក​បញ្ជាក់​ថា​៖ «​ជា​រៀង​រាល់​ឆ្នាំ​វិទ្យាស្ថាន តែងតែ​យក​ស្នាដៃ​របស់​និស្សិត​ទៅ​ដាក់​បង្ហាញ​។ ស្នាដៃ​ទាំងនោះ​មានកា​រវិ​វត្ត​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទៅ​តាម​សម័យកាល នៃ​បច្ចេកវិទ្យា ដែល​ធានា​ថា​និស្សិត​គ្រប់​រូប​បាន​ស្រូប​យកចំណេះ​វិជ្ជា​ទាំងនេះ​ទៅ​អភិវឌ្ឍ​ខ្លួន និង​ប្រើប្រាស់​ឱ្យ​សម​ស្រប​ទៅ​នឹង​ទីផ្សារ​ការងារ​បច្ចុប្បន្ន​» ៕ អត្ថបទសហការ